ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនថា ការកាត់បន្ថយថវិការបស់អាមេរិកទៅឲ្យអង្គការសុខភាពពិភពលោកប៉ះពាល់ប្រទេសទាំងអស់


រូបឯកសារ៖ ស្លាកអង្គការសុខភាពពិភពលោកនៅខាងអគារអង្គការនេះ នៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រទេសចិននិយាយកាលពីថ្ងៃពុធម្សិលមិញថា ការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំក្នុងការបញ្ឈប់ការផ្តល់ថវិកាទៅឲ្យអង្គការសុខភាពពិភពលោក នឹងប៉ះពាល់ប្រទេសទាំងអស់នៅពេលដែលពិភពលោក និងប្រឈមដំណាក់កាលសំខាន់ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលជាសាកលនូវមេរោគកូរ៉ូណា។

អត្ថាធិប្បាយទាំងនេះចេញពីក្រសួងការបរទេសចិនបន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារដែលក្នុងនោះ លោកប្រធានាធិបតីបាននិយាយថា អង្គការសុខភាពពិភពលោក (WHO) មិនបានស៊ើបអង្កេតឲ្យល្មមគ្រប់គ្រាន់ពីសេចក្តីរាយការណ៍មុនដំបូងនៃវីរុសនោះនៅក្នុងប្រទេស​ចិន។

ប្រទេសអាល្លឺម៉ង់បានចូលរួមការពារទីភ្នាក់ងារសុខភាពពិភពលោកនេះ ដោយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Heiko Maas បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ការស្តីបន្ទោសនោះមិនបានជួយអ្វីទេ។

លោក Maas បានផ្ញើសារតាមប្រព័ន្ធ Twitter ថា «យើងត្រូវតែធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធបំផុតដើម្បីប្រឆាំងជំងឺកូវីដ១៩។ ការវិនិយោគដ៏ល្អបំផុតមួយគឺពង្រឹងអង្គការសហប្រជាជាតិ ជាពិសេស អង្គការសុខភាពពិភពលោក (WHO) ដោយការផ្តល់ថវិកាអភិវឌ្ឍ និងចែកចាយការធ្វើតេស្តនិងថ្នាំវ៉ាក់សាំងចាក់ការពារ។

លោក Joseph Borrell ប្រធានកិច្ចការនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានមានប្រសាសន៍ថា គ្មានការបង្ហាញហេតុផលដែលអាចទទួលយកបានអំពីការសម្រេចរបស់ប្រធានាធិបតីត្រាំនៅពេលដែលការខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក ត្រូវការជាងពេលណាៗទាំងអស់នោះ។

លោក Borrell មានប្រសាសន៍ទៀតថា «មានតែការរួមកម្លាំងគ្នាមួយគត់ ដែលយើងអាចជម្នះវិបត្តិនេះដែលយើងដឹងថា គ្មានព្រំដែននោះ»។

មានជាង២លានករណីនៃមេរោគកូរ៉ូណានៅទូទាំងពិភពលោក ក៏ប៉ុន្តែដោយមានការលំបាកនៅក្នុងការធ្វើតេស្តនៅក្នុងតំបន់ជាច្រើន តួលេខពិតប្រាកដ ប្រាកដជាខ្ពស់ជាងនោះ។ស្ថិតិរបស់សាកលវិទ្យាល័យ John Hopkins កាលពីថ្ងៃពុធ បានដាក់ចំនួនមនុស្សស្លាប់ទូទាំងពិភលោកមានជាង១សែន២ម៉ឺន៦ពាន់នាក់៕

XS
SM
MD
LG