ចំនួនអ្នកឆ្លងកូវីដ១៩នៅសហរដ្ឋអាមេរិក បានកើនឡើងជិតដល់៤លាននាក់ ខណៈអ្នកតាក់តែងច្បាប់ កំពុងពិចារណាកញ្ចប់ថវិកាជំនួយថ្មីមួយទៀតសម្រាប់អ្នកដែលបានបាត់បង់ការងារក្នុងអំឡុងពេលនៃវិបត្តិនេះ។
សហរដ្ឋអាមេរិក បន្តនាំមុខគេក្នុងពិភពលោកខាងចំនួនអ្នកឆ្លងកូវីដ១៩ ដោយមានអ្នកឆ្លងជិត៤លាននាក់នៃចំនួនអ្នកឆ្លងសរុបជាង១៥លាននាក់ក្នុងពិភពលោក នេះបើតាមទិន្នន័យសាកលវិទ្យាល័យ Johns Hopkins។ អាមេរិកក៏មានចំនួនអ្នកស្លាប់ច្រើនជាងគេ គឺជាង១៤៣.០០០ ដែលច្រើនខ្លាំងជាងប្រទេសទីពីរ គឺប្រេស៊ីលដែលមានចំនួនអ្នកស្លាប់ ជិត៨៣.០០០នាក់។
ការបន្តផ្ទុះការរាតត្បាតកូវីដ១៩នេះ កើតមានខណៈតួលេខកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា មានចំនួនអ្នកអត់ការងារថ្មីកាលពីសប្តាហ៍មុន នៅតែច្រើននិងកើនបន្តិចវិញ។
កាលពីថ្ងៃពុធសហរដ្ឋអាមេរិក ក៏មានអ្នកស្លាប់សរុបក្នុងមួយថ្ងៃបានកើនលើស១.០០០នាក់ជាប់ៗគ្នាពីរថ្ងៃ ដោយករណីឆ្លងនៅរដ្ឋកាលីហ្វ័រញ៉ានៅពេលនេះបានកើនដល់ ជាង៤២២.០០០ករណី គឺលើសករណីឆ្លងនៅរដ្ឋញូវយ៉កទៅទៀត។
លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ជំនួយ៥ ពាន់ លានដុល្លារជាថវិកា សម្ភារៈ និងការបណ្តុះបណ្តាលដល់កន្លែងថែទាំមនុស្សចាស់ ដែលកន្លងមកបានក្លាយជាកន្លែងផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ១៩។
ក្នុងរឿងដាច់ឡែកមួយទៀត អង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលស្នើឲ្យមនុស្សក្រីក្របំផុត២.៧០០ លាននាក់របស់ពិភពលោក គួរទទួលបានប្រាក់ចំណូលឧបត្ថម្ភបណ្តោះអាសន្ន១៩៩ដុល្លារក្នុងមួយខែ ដើម្បីចំណាយលើស្បៀងអាហារ សុខភាព និងការអប់រំ៕