ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ព្យាយាម​រារាំង​ថវិកា​សម្រាប់​មជ្ឈមណ្ឌល CDC និង​សម្រាប់​ការ​ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump អញ្ជើញ​មក​ដល់​សេតវិមាន​ដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យជាតិ​ ថ្ងៃ​ ៤​ កក្កដា ឆ្នាំ​២០២០។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump អញ្ជើញ​មក​ដល់​សេតវិមាន​ដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យជាតិ​ ថ្ងៃ​ ៤​ កក្កដា ឆ្នាំ​២០២០។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump កំពុង​ព្យាយាម​រារាំង​ផែនការ​របស់​សភា​ក្នុង​ការ​ផ្ដល់​ថវិកា​បន្ថែម​រាប់​ពាន់​លាន​ដុល្លារ​ដល់​បណ្ដា​រដ្ឋ​នានា​សម្រាប់​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ និង​ការ​តាមដាន​រក​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ជំងឺ​កូវីដ១៩។ សេតវិមាន​ក៏​កំពុង​ព្យាយាម​រារាំង​ផែនការ​ផ្ដល់​ថវិកា​ដល់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ CDC និង​ទីភ្នាក់ងារ​សុខាភិបាល​ផ្សេង​ទៀត​ផង​ដែរ។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​កំពុង​ព្យាយាម​តាក់តែង​សេចក្ដីព្រាង​ច្បាប់​មួយ​ទៀត សម្រាប់​ដោះស្រាយ​បញ្ហា​កើន​ឡើង​នៃ​ការ​ឆ្លង និង​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋអាមេរិក ជួយ​ពលរដ្ឋ​ដែល​បាត់បង់​ការងារ​ធ្វើ និង​ស្ដារ​ផល​ប៉ះពាល់​អាក្រក់​បំផុត​ដែល​កើត​មាន​លើ​សេដ្ឋកិច្ច​របស់​ប្រទេស។

ជំហរ​របស់​រដ្ឋបាល​លោក Trump «បាន​ធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​មាន​ការ​ខឹង​សម្បារ» ដោយសារតែ​សមាជិក​ព្រឹទ្ធសភា​ទាំង​នោះ​បន្ដ​ធ្វើ​ការ​ដើម្បី​ធានា​ថា សេចក្ដីព្រាង​ច្បាប់​ថ្មី​នេះ​នឹង​មាន​បញ្ចូល​នូវ​ថវិកា​បន្ថែម​ទាំង​នោះ។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Washington Post។

ផែនការ​ដំបូងៗ​សម្រាប់​សំណើ​ច្បាប់​ថ្មី​នេះ មាន​បញ្ចូល​នូវ​ថវិកា​ចំនួន ២៥ ពាន់​លាន​ដុល្លារ​សម្រាប់​រដ្ឋ​នីមួយៗ​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ និង​តាមដាន​រក​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ជំងឺ​កូវីដ១៩ ថវិកា​ចំនួន ២៥ ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ CDC និង​វិទ្យាស្ថានជាតិ​សុខាភិបាល និង​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ក្រសួង​ការពារ​ប្រទេស និង​ក្រសួង​ការបរទេស​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស និង​នៅ​ជុំវិញ​ពិភពលោក។

ការ​ចរចា​រវាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​កំពុងតែ​បន្ត​ធ្វើ​លើ​សំណើ​ច្បាប់ ដែល​ទំនងជា​អាច​ចាត់ទុក​ថា​ជា​សំណើ​ច្បាប់​ចុង​ក្រោយ​សម្រាប់​ស្ដារ​វិបត្តិ​សុខភាព​ដែល​បង្ក​ដោយ​ជំងឺ​កូវីដ១៩ នេះ មុន​ពេល​ការ​បោះឆ្នោត​ប្រធានាធិបតី​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ៕

XS
SM
MD
LG