អង្គការ UNICEF ថា វិបត្តិ​ជំងឺ​កូវីដ១៩ ប៉ះពាល់​ដល់​កុមារ ៦ រយ​លាន​នាក់ ក្នុង​ទ្វីប​អាស៊ី​ខាង​ត្បូង

រូបឯកសារ៖ កុមារ​ពាក់​ម៉ាស់ ដើម្បី​ការពារ​ការឆ្លងរីករាលដាល​នៃ​វីរុសកូរ៉ូណា នៅ​ជំរុំ​សង្គ្រោះ​មួយ​នៅក្នុង​រដ្ឋ Orissa នៃ​ប្រទេសឥណ្ឌា​នៅ​ថ្ងៃអង្គារ ទី១៩ ខែឧសភា​ឆ្នាំ២០២០។

របាយការណ៍​នេះ​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩ ចាប់ផ្ដើម​លេច​ជា​រូបរាង​ឡើង កុមារ​រហូត​ដល់ ១២០ លាន​នាក់​ថែម​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង អាច​ធ្លាក់​ទៅ​ក្នុង​ភាព​ទីទ័ល​ក្រ។

អង្គការ UNICEF បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី ២៣ ខែ​មិថុនា​ថា វីរុស​កូរ៉ូណា​បាន​គំរាម​កំហែង​ដល់​ជីវភាព​របស់​កុមារ ៦ រយ​លាន​នាក់ ក្នុង​ទ្វីប​អាស៊ី​ខាង​ត្បូង។

របាយយការណ៍​ដែល​មាន​ចំណង​ជើងថា «ជីវិត​ក្រឡាប់ចាក់ (Lives Upended)» នេះ បាន​ពណ៌នាអំពី​វិធី​ដែល​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ បាន​នាំ​ឱ្យ​មាន​ហានិភ័យ​ដល់​ដំណើរ​វិវឌ្ឍ​រាប់​ទសវត្សរ៍​កន្លង​មក​នេះ ទាក់ទិន​នឹង​ផ្នែក​សុខាភិបាល ការ​សិក្សា​អប់រំ និង​ការ​លូត​លាស់​ក្នុង​ផ្នែក​ផ្សេង​ទៀត​សម្រាប់​កុមារ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង ហើយ​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​នោះ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់។

អ្នកស្រី Jean Gough នាយិកា​អង្គការ UNICEF ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង បាន​និយាយ​ថា៖ «ផល​វិបាក​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​នៅ​ទូទាំង​តំបន់​អាស៊ី​ខាង​ត្បូង ដែល​ក្នុង​នោះ​មាន​ទាំង​ការ​បិទ​សកម្មភាព​សង្គម និង​វិធានការ​ឯទៀតៗ បាន​នាំ​ឱ្យ​មាន​ហានិភ័យ​ដល់​កុមារ​តាម​វិធី​ផ្សេងៗ។ ក៏​ប៉ុន្តែ ផល​ប៉ះពាល់​ក្នុង​រយៈពេល​វែង​នៃវិបត្តិ​សេដ្ឋកិច្ច​លើ​កុមារ​នឹង​មាន​ទំហំ​ខុស​ពី​លើក​មុនៗ​ទាំង​ស្រុង។ បើ​គ្មាន​សកម្មភាព​ជា​បន្ទាន់​នៅ​ពេល​នេះ​ទេ ជំងឺ​កូវីដ១៩ អាច​បំផ្លាញ​សេចក្តី​សង្ឃឹម និង​អនាគត​នៃ​មនុស្ស​មួយ​ជំនាន់​ទាំង​មូល។

របាយការណ៍​នេះ​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩ ចាប់ផ្ដើម​លេច​ជា​រូបរាង​ឡើង កុមារ​រហូត​ដល់ ១២០ លាន​នាក់​ថែម​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង អាច​ធ្លាក់​ទៅ​ក្នុង​ភាព​ទីទ័ល​ក្រ។

សេវា​សុខាភិបាល​សំខាន់ៗ ដូចជា​ការ​ចាក់​ថ្នាំ​បង្ការ និង​អាហារូបត្ថម្ភ​ជា​ដើម ត្រូវ​បាន​បង្អាក់។

កុមារ​ប្រមាណ ៧ លាន ៧ សែន​នាក់​ក្នុង​តំបន់​អាស៊ី​ខាងត្បូង បាន​រងគ្រោះ​រួច​មក​ហើយ​ដោយសារ​ មាន​រាងកាយ​ចុះ​ខ្សោយ​ជា​លំដាប់ ដែល​បណ្តាល​មក​ពី​មិន​មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​បរិភោគ ឬ​មាន​ជំងឺ។ ដើម្បី​ជួយ​ក្រុម​កុមារ​ដែល​មាន​រាងកាយ​ចុះខ្សោយ​ធ្ងន់ធ្ងរ អង្គការ UNICEF បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​នោះ​ឱ្យ​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជា​ថ្មី​ឡើងវិញ​ប្រឆាំង​នឹង​ជំងឺ​ស្វិត​ដៃ​ជើង ជំងឺ​កញ្ជ្រិល និង​ជំងឺ​ឯទៀតៗ។

របាយការណ៍​នេះ​ក៏​បាន​លើកឡើង​ផង​ដែរ​ថា អត្រា​ធ្លាក់ចុះ​នៃ​ក្រុម​កុមារ​បោះបង់​ចោល​ការ​សិក្សា​ និង​ការ​រៀបការ​ពី​ក្មេង គឺ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​មាន​ការ​ធ្លាក់ចុះ​នៃ​ការ​ស្លាប់​របស់​ទារក និង​ម្ដាយ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩ បាន​បណ្តាល​ឱ្យ​កុមារ​ជាង ៤៣០ លាន​នាក់​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​ពឹងផ្អែក​លើ​ការ​រៀនសូត្រ​តាម​អនឡាញ ដែល​នៅ​ពេល​នេះ​បន្ថែម​ទៅ​នឹង​កុមារ​ចំនួន ៣២ លាន​នាក់​ទៀត ដែល​បាន​បោះបង់​ការ​សិក្សា​រួច​ស្រេច​ទៅ​ហើយ​នោះ។

បើ​យោង​តាម​របាយ​ការណ៍​នេះ គេ​ឃើញ​ថា​មាន​ការ​កើន​ឡើង​នៃ​ការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​លេខ​ទូរស័ព្ទ​ខាង​ផ្តល់​ជំនួយ ពី​ក្រុម​កុមារ​ដែល​បាន​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​ផ្សេងៗ​នៅ​ពេល​ពួកគេ​ស្ថិត​នៅ​ក្នុង​ផ្ទះ ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

ក្នុង​ឆ្នាំ ២០១៦ កុមារ ៦៤% ក្នុង​ចំណោម​កុមារ​ទាំង​អស់​នៅ​លើ​ពិភពលោក ​ដែល​បាន​ជួប​ប្រទះ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ គឺ​ជា​កុមារ​នៃ​តំបន់​អាស៊ី​ខាង​ត្បូង។

ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​របស់​វិបត្តិ​ជំងឺ​កូវីដ១៩ លើ​ជីវភាព​រស់នៅ​របស់​កុមារ ៦០០ លាន​នាក់ នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង អង្គការ UNICEF បាន​ជំរុញ​ដល់​រដ្ឋាភិបាល​នានា​នៅ​ក្នុង​តំបន់​នោះ​ឱ្យ​បង្វែរ​ជា​បន្ទាន់​នូវ​ធនធាន​ច្រើន​ជាង​មុនទៅ​កាន់​កម្មវិធី​ការពារ​ខាង​សង្គម ដែល​ក្នុង​នោះ​មាន​ដូចជា​អត្ថប្រយោជន៍​ទូទៅ​សម្រាប់​ក្រុម​កុមារ​នៅ​គ្រា​មាន​អាសន្ន និង​កម្មវិធី​ផ្តល់​អាហារ​ដល់​សិស្ស​ក្នុង​សាលារៀន​ផង​ដែរ។

អ្នកស្រី Jean Gough បាន​មាន​ប្រសាសន៍​ថា៖ «ការរៀប​ចំ​ឱ្យ​មាន​វិធាន​ការ​បែប​នេះ​នៅ​ពេល​នេះ​នឹង​ជួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​ឲ្យ​ធ្វើ​អន្តរកាល​បាន​លឿន​ចេញ​ពី​វិបត្តិ​មនុស្សធម៌​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩ ទៅ​រក​គំរូ​អភិវឌ្ឍន៍​មួយ​ដែល​រឹងប៉ឹង និង​មាន​ចីរភាព ដែល​ផ្ដល់​ប្រយោជន៍​រយៈពេល​វែង​ដល់​សុខុមាលភាព​របស់​កុមារ សេដ្ឋកិច្ច និង​ភាព​រួបរួម​នៅ​ក្នុង​សង្គម»៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ