តុលាការ​ចោទ​ប្រកាន់​បុរស​ម្នាក់ដោយ​ប្រើ​ច្បាប់​កូវីដ​លើក​ដំបូង ពាក់ព័ន្ធ​នឹង​ការអធិប្បាយ​កុំ​ឲ្យ​ចាក់​វ៉ាក់សាំងចិន

លោក តោ ចន្នី (កណ្តាល) ត្រូវបាន​ព្រះរាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​តាម​មាត្រា១១​នៃច្បាប់​ស្តីពី​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ ពាក់ព័ន្ធ​នឹង​ការអធិប្បាយ​កុំ​ឲ្យ​ចាក់​វ៉ាក់សាំងចិន។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ)

ព្រះរាជ​អាជ្ញាតុលាការ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​សម្រេច​ចោទ​ប្រកាន់​បុរស​ម្នាក់​ ដោយ​ប្រើប្រាស់​ច្បាប់​បង្ការ​ជំងឺ​កូវីដ​១៩​លើក​ដំបូង ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយលើ​បណ្ដាញ​សង្គម​ កុំ​ឲ្យ​កម្មករ​រោងចក្រ​ ចាក់​វ៉ាក់សាំងរបស់ចិន។ នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់​សាលាដំបូងរាជធានី​ភ្នំពេញ​ លោក​ គុជ គឹមឡុង។

លោក គឹមឡុង បាន​បញ្ជាក់ថា ​ព្រះរាជអាជ្ញា​ សេង ហៀង ​បាន​សម្រេច​ចោទប្រកាន់​បុរស​ម្នាក់​ឈ្មោះ តោ ចន្នី អាយុ​២៨ឆ្នាំ​ តាម​មាត្រា​១១​នៃ​ច្បាប់​ស្តី​ពីវិធានការ​បង្ការ​ជំងឺ​កូវីដ១៩ ដែល​អាច​ជាប់​ពន្ធនាគារ​ពី​៦ខែ​ទៅ​៣ឆ្នាំ។

អ្នកនាំពាក្យ​តុលាការ​បានប្រាប់​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ ​Telegram នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ចំពោះ​សំណុំរឿង​ហ្នឹង ក្រោយ​ពី​លោក​ព្រះរាជអាជ្ញា​ សេង ហៀង បាន​សាក​សួរ​តាម​នីតិវិធី​រួចរាល់​ហើយ គាត់​បាន​សម្រេច​ចោទ​ប្រកាន់​តាម​មាត្រា១១ស្តីពី​ច្បាប់​វិធានការ​ទប់​ស្កាត់​កូវីដ១៩​ហ្នឹង​ ចោទ​តាម​មាត្រា១១ ហើយបាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​សាកសួរ​តាម​នីតិវិធី»។

មាត្រា​១១នៃ​ច្បាប់​ស្តីពី​កូវីដដែល​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ប្រញាប់ ​កាល​ពី​ថ្ងៃ​ទី១១ ខែមីនា ចែង​ថា អំពើ​រារាំង ​ឬ​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​ការ​អនុវត្ត​វិធានការ​ដែល​បាន​ដាក់​ចេញស្រប​តាម​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦ខែ​ទៅ៣ឆ្នាំ។ នេះ​ជា​លើក​ដំបូង​ដែល​តុលាការ​ប្រើប្រាស់​ច្បាប់​នេះ ដើម្បី​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​អត្ថាធិប្បាយ​រឿង​ជំងឺ​កូវីដ១៩។

បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បុរស​ឈ្មោះ​ តោ ចន្នី ជា​អ្នកបើក​រថយន្តដឹកទំនិញ ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី២៤ ​ខែមីនា ​ទាក់ទង​នឹង​ការ​អធិប្បាយ​តាម​វីដេអូ​លើ​ប្រព័ន្ធ​សង្គម TikTok ដែល​នគរបាល​ចោទ​ថា «មានលក្ខណៈញុះញង់​។ លោក​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​បញ្ជូន​មក​ភ្នំពេញ តាម​បញ្ជា​របស់​លោក ស ថេត ​ស្នងការ​នគរបាល​រាជធានីភ្នំពេញ។ សមត្ថកិច្ច​ចោទ​បុរស​នោះ​ថា​ បាន​«ផ្សព្វផ្សាយ​ព័ត៌មាន​បំពុល​សង្គម»។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ។

បុរស​ដែល​ត្រូវបាន​ចាប់​ខ្លួន​នោះ​ ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើបណ្ដាញសង្គម TikTok របស់​ខ្លួន​ ​ដោយ​លើកឡើងថា កម្មករ​រោង​ចក្រ​ទាំង​អស់កុំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​ផលិត​ដោយចិន ដោយថា វាអាច​ប៉ះពាល់​ដល់​ជីវិត។ ការ​អធិប្បាយរបស់​បុរស​នេះ ស្រប​ពេលដែល​រដ្ឋាភិបាល​ប្រកាស​ថា​ វ៉ាក់សាំង​ចិន​ឈ្មោះ ស៊ីណូវ៉ាក់ (Sinovac) ចំនួន​១លាន ​៥សែន​ដូស​ នឹងមក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី២៦ ខែមីនា។

គួរបញ្ជាក់​ថា​ ច្បាប់​ស្តីពីវិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃជំងឺកូវីដ១៩ ត្រូវបាន​ធ្វើឡើង​ដោយ​ប្រញាប់ ហើយ​មន្រ្តីសិទ្ធិ​មនុស្ស​អះអាង​ថា​ ច្បាប់​នេះ​ ដាក់​ទោសទណ្ឌជាប់​ពន្ធនាគារ​ធ្ងន់ធ្ងរ។ មន្រ្តី​សង្គម​ស៊ីវិល​ ក៏បាន​អំពាវនាវ​ឲ្យ​ផ្សព្វផ្សាយច្បាប់​នេះ​ឲ្យ​បាន​ទូលំទូលាយ​ផង​ដែរ ដើម្បី​ជា​ការ​យល់​ដឹង​ដល់ប្រជាពលរដ្ឋ៕