ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ជីព​បារម្ភ​ថា ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​កម្មករ​​នៅ​ថ្ងៃ​​​ចូល​ឆ្នាំ​ខ្មែរ អាច​នាំ​ឲ្យ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ក្រុម​កម្មករ​រោងចក្រ​ពាក់ម៉ាស់​ ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

ខណៈ​រដ្ឋាភិបាល​ចេញ​សារាចរ​ណែ​នាំ​ពី​ការ​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ តំណាង​សហជីព​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​លទ្ធភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ប្រសិន​បើ​កម្មករ​សម្រុក​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នៅ​តាម​បណ្តា​ខេត្ត​នានា។

នៅ​ក្នុង​ការ​សារាចរ​ណែនាំ​ស្តី​ពី​ការ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ចុះ​ហត្ថលេខា​ដោយ​លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​ ២១ ខែមីនា រដ្ឋាភិបាលបាន​សម្រេច​ឲ្យ​កម្មករ​រោងចក្រ​កាត់​ដេរ​ ដែល​មាន​ប្រមាណ ​៨០​ ម៉ឺន​នាក់ អាច​ឈប់​សម្រាក​បាន​នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ ប្រសិន​បើ​ពួកគេ​ចង់។

ប៉ុន្តែ​រដ្ឋាភិបាល​បាន​ផ្តល់​ជម្រើស​ចំនួន​ ២ ដល់​នយោជិត​នៃ​វិស័យ​ឯកជន ទៅតាម​ការ​ស្រុះ​ស្រួល​គ្នា​រវាង​និយោជក​នៃ​រោង​ចក្រ​នីមួយៗ។ ជម្រើស​ទី​មួយ គឺ​ឈប់​សម្រាក​រយៈ​ពេល ​៣ ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​ ១៤​ដល់ ​១៦ ខែ​មេសា​ ឆ្នាំ​ ២០២១។ ហើយ​ជម្រើស​ទី​ពីរ ​គឺ​និយោជក​ត្រូវ​ពិភាក្សា​ជាមួយ​កម្មករ​នយោជិត​ឲ្យ​បន្ត​ធ្វើ​ការ​ជា​ធម្មតា ដោយ​លើក​ការ​ឈប់​សម្រាក​រយៈ​ពេល ​៣ ​ថ្ងៃ​ទៅ​បូក​បញ្ចូល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ឬ​ថ្ងៃ​ឈប់​សម្រាក​ណាមួយ​ តាម​ការ​ព្រម​ព្រៀង​ស្រប​តាម​ច្បាប់​ការ​ងារ។

លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​ជម្លោះ​អាច​កើត​មាន​រវាង​កម្មករ​និង​នយោជក​ ប្រសិន​បើ​មិន​មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​សម្រាប់​ពេល​ឈប់​សម្រាក ដោយ​លោកថា​ កម្មករ​មាន​ទំនោរ​នឹង​ឈប់​សម្រាក​ ជា​ជាង​ទៅ​ធ្វើ​ការ​នៅ​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

«ប៉ុន្តែ​បើសិន​ជា​នៅ​ក្នុង​ឱកាស​នៃ​វិបត្តិ​កូវីដ​នេះ ខ្ញុំ​មើល​ឃើញ​ថា​ ប្រសិន​បើ​យើង​មិន​មាន​ការ​កំណត់​ច្បាស់​លាស់​ទេ វា​ជា​បង្ក​ទៅ​ជា​ជម្លោះ។​ ហើយ​យើង​ដឹង​ហើយ​ថា​កម្មករ​នៅ​ពេល​ដែល​ដល់​ថ្ងៃ​ឈប់ នៅ​ពេល​ដែល​គាត់ ទៅ​ចរចា​ជាមួយ​ថៅកែ ទៅ​ចរចា​អី​នោះ​ ដើម្បី​ដើរ​ធ្វើ​ការ​ថ្ងៃ​បុណ្យ ឬ​ក៏​លើក​ទៅ​ថ្ងៃ​ក្រោយ​ទៀត យ៉ាង​ម៉េច​នោះ ខ្ញុំ​ច្បាស់​ណាស់​គឺ​កម្មករ​គាត់​នឹង​ជ្រើស​រើស​យក​ថ្ងៃ​ឈប់​សម្រាក​ហើយ»។

មេដឹកនាំ​សហជីព​រូប​នោះ​យល់​ថា ​រដ្ឋាភិបាល​ត្រូវ​បញ្ជាក់​ឲ្យ​ជាក់​លាក់​ជា​ជាង​ការ​ផ្តល់​ជា​ជម្រើស​រវាង​ការ​ឲ្យ​រោង​ចក្រ​ដំណើរ​ការ ឬ​ផ្អាក​ដំណើរ​ការ។ លោក​បន្ត​ថា ​ម្ចាស់​រោង​ចក្រ​មាន​ទំនោរ​មិន​ចង់​ឲ្យ​កម្មករ​ឈប់​សម្រាក​នោះ​ទេ ព្រោះ​ពួកគេ​ខ្លាច​កម្មករ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​ការណ៍​នេះ​អាច​បង្ក​ការ​ខាត​បង់​មក​ដល់​រោង​ចក្រ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា ​ម្ចាស់​រោង​ចក្រ​និង​សហ​គ្រាស​គាត់​បារម្ភ​ដូច​គ្នា​ដែរ។ ប្រសិន​បើ​រោង​ចក្រ​គាត់​រក​ឃើញ​ថា​មាន​ការ​ឆ្លង​ទៅ​ដល់​បង​ប្អូន​ណា​ម្នាក់។ រោង​ចក្រ​គាត់​ប្រឈម​មុខ​នឹង​ការ​ផ្អាក​សកម្មភាព​ការងារ។ អញ្ចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សង្វាក់​ផលិត​កម្ម​របស់​គាត់ និង​ការ​ខាត​បង់​របស់​គាត់»។

កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​លុប​ចោល​ការ​សម្រាក​ចូល​ឆ្នាំ​ខ្មែរ ដោយ​ឲ្យ​កម្មករ​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក ដោយ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩។

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ករណី​កម្មករ​ឈប់​សម្រាក​នៅ​អំឡុង​ពេល​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បញ្ហា​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​កើត​មាន​ឡើង ដោយ​សារ​តែ​កម្មករ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ ឬ​ចូល​រួម​ពិធី​ផ្សេងៗ។

«វា​ប្រឈម​ហើយ​ប្រសិន​បើ​គាត់​ជិះ​ឡាន​ឈ្នួល​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន។ ហើយ​គាត់​មិន​បាន​ធ្វើ​អនាម័យ​ឬ​ក៏​មាន​គម្លាត​សុវត្ថិភាព​វា​អាច​ប្រឈម។ ហើយ​ទៅ​កម្មវិធី​បុណ្យ​អី​ផ្សេងៗ បើ​គាត់​មិន​បាន​ពាក់​ម៉ាស់ ឬ​ក៏​លាង​ដៃ ឬ​គម្លាត​សុវត្ថិភាព​វា​អាច​ជា​បញ្ហា​ប្រឈម»។

លោកបន្ថែមថា ​ប្រសិន​បើ​ស្ថាន​ភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា​មិន​មាន​ភាព​ស្រាកស្រាន្ត​នោះ​ទេ រដ្ឋាភិបាល​គួរ​តែ​ចាត់​ចំណាត់​ការ​តឹងរ៉ឹង​ជាង​នេះ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជា​ពិសេស​នៅ​ក្នុង​ចំណោម​កម្មករ។​

នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ចេញសេចក្តី​ណែនាំ​ស្តី​ពី​ការ​អនុវត្ត​ការ​ឈប់​សម្រាក​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខែ្មរ​ផង​ដែរ។ សេចក្តី​ណែនាំ​បាន​លើក​ឡើង​ថា ​កម្មករ​អាច​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល​៣​ថ្ងៃ។ សេចក្តី​ណែ​នាំ​បញ្ជាក់​ថា ​ក្នុង​ករណី​មិន​អាច​បញ្ឈប់​សកម្មភាព​អាជីវកម្ម​បាន ម្ចាស់​រោង​ចក្រ​ត្រូវ​រៀបចំ​បែង​ចែក​ឲ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ដោយ​ផ្លាស់​វេន​គ្នា ដើម្បី​បញ្ចៀស​ការ​ខូច​ប្រយោជន៍​ដល់​សាធារណជនឬ​ការ​ខូច​ដំណើរ​ការ​រោងចក្រ។​

លោក​ ខេន លូ​ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ឬ GMAC បាន​ប្រាប់​ VOA ​ថា ការ​បន្ត​ធ្វើ​ការ​ ឬ​ការ​ឲ្យ​ឈប់​សម្រាក ​គឺ​អាស្រ័យ​ទៅ​លើ​នយោជិត​នៅ​តាម​រោង​ចក្រ​នានា។

លោកថ្លែង​ថា៖ «ឥឡូវ​អត់​ទាន់​ដឹង​ទេ។ វា​ស៊ីសង​ សហគ្រាស​នីមួយៗ​ដោយ​ឡែក​គ្នា។ យើង​អត់​ដឹង​ថា​កម្មករ​គេ​សុំ​ឈប់​ ឬ​ក៏​គេ​យល់​ព្រម​ធ្វើការ។ អត់​ដឹង​ទេ។ ប៉ុន្តែ​ចង់​ប្រាប់​ថា​សហគ្រាស​កាត់​ដេរ​យើង​បាន​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​សមាស​ភាព​ទាំង​អស់​ហើយ»។

លោក​ឲ្យ​ដឹង​ទៀត​ថា វា​ពាក់​ព័ន្ធ​នឹងការ​សម្រុះ​សម្រួល​គ្នា​រវាង​កម្មករ​និង​ម្ចាស់​រោងចក្រ​ដូច​ដែល​បាន​ចែង​នៅ​ក្នុង​សារាចរ។

លោក​បញ្ជាក់​ថា៖ «រឿង​ត​ធ្វើ​ការ​ឬ​ក៏​បញ្ឈប់​ អាហ្នឹង​ស៊ី​សង​ទៅ​លើ​ជំនួប​ភាគី។ ជំនួប​ទី​មួយ​ រោង​ចក្រ​មាន​ការងារ​ធ្វើ​ឬ​ក៏​អត់។ ប៉ុន្តែ​ក្រៅ​ពី​ការ​ងារ​ធ្វើ​តើ​កម្មករ​យល់​ព្រម​ធ្វើ​ការ​អត់។ អត់​អាច​បង្ខំ​ធ្វើ​ការ​ទេ។ រាជ​រដ្ឋាភិបាល​បាន​ប្រកាស​ពី​ឈប់​ហើយ អញ្ចឹង​មាន​ន័យ​ថា​ យើង​អត់​អាច​បង្ខំ​កម្មករ​ធ្វើ​ការ។ ប្រសិន​បើ​កម្មករ​គេ​ចង់​ឈប់ ត្រូវ​តែ​ឲ្យ​គាត់​ឈប់​សម្រាក»។

គួរ​រំឭក​ផង​ដែរ​ថា​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​សម្រេច​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​រាជធានី​ភ្នំពេញ​ទៅខេត្ត​មួយ​ចំនួន​ អំឡុង​ពេលមុន​និង​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​កុំ​ឲ្យ​កម្មករ​ត្រឡប់​ទៅ​ស្រុក​កំណើត ជា​វិធានការ​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។​

កម្មករ​ដែលធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​អំឡុង​ពេល​នោះ​ត្រូវ​បាន​តម្រូវ​ឲ្យធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ និង​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ។ សហជីព​អះអាង​ថា ​កម្មករ​មួយ​ចំនួន​ក៏​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ផង​ដែរ ដោយ​សារ​ពួកគេ​មិន​បន្ត​ធ្វើ​ការ ដោយ​ត្រឡប់​ទៅ​ស្រុក​កំណើត ទាំង​បំពាន​បំរាម​របស់​រដ្ឋាភិបាល៕

XS
SM
MD
LG