ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​កំណត់​ឲ្យ​ពាក់​ម៉ាស់​ក្នុង​រាជ​ធានី​​ភ្នំពេញ​និង​ខេត្ត​ចំនួន​៤


ប្រជាពលរដ្ឋដែលមានអាយុចាប់​ពី ៦០ឆ្នាំឡើង អង្គុយរង់ចាំចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
ប្រជាពលរដ្ឋដែលមានអាយុចាប់​ពី ៦០ឆ្នាំឡើង អង្គុយរង់ចាំចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថារាជ​ធានី​ភ្នំពេញ​និង​ខេត្ត​ចំនួន​៤ ត្រូវ​បាន​កំណត់​ជា​ទីតាំង​ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស់និង​រក្សា​គម្លាត​សុវត្ថិភាព​ជា​ចាំបាច់ ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ដែល​កំពុង​ឆ្លង​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​សហគមន៍​កម្ពុជា។

សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៤ ខែ​មីនា ឲ្យ​ដឹង​ថា​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហនុ ខេត្ត​កណ្តាល ព្រៃវែង និង​សៀមរាប ត្រូវ​បាន​កំណត់​ជា​ភូមិសាស្រ្ត​ដែល​មាន​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩។ ដូច្នេះ​ទី​តាំង​ទាំង​នេះ តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋពាក់ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​ តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល អំឡុង​ពេល​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍។

ក្រសួង​បញ្ជាក់​ថា៖ «ការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់​និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​នេះ ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី»។

យោង​តាម​ប្រកាស​រួម​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ក្រសួង​សុខាភិបាល បុគ្គល​ដែល​មិនអនុវត្ត​នូវ​កាតព្វ​កិច្ច​ពាក់​ម៉ាស់ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​២០​ម៉ឺន​រៀល​ទៅ​១​លាន​រៀល។ ចំណែក​ការ​មិន​រក្សា​គម្លាត​សុវត្ថិភាព ការរៀប​ចំ​ឲ្យ​មាន​ការ​ជួប​ប្រជុំ​មនុស្ស​ឬ​សកម្មភាព​ផ្សេងៗ​ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល។

យោង​តាម​ប្រកាសមួយ​ទៀត​ស្តី​ពី​កាតព្វកិច្ច​ពាក់​ម៉ាស់​និង​រក្សា​គម្លាត​សុវត្ថិភាព​ ក្រសួង​សុខាភិបាល​បញ្ជាក់​ថានៅតាម​ទី​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន​ឬ​ទីកន្លែង​ដែល​មាន​ការ​ជួប​ជុំ​មនុស្ស​ចាប់​ពី​២​នាក់​ឡើង​ទៅ តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព។

គួរ​បញ្ជាក់​ថា​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ប្រសិន​បើ​ពលរដ្ឋ​ណា​ម្នាក់​មិន​ពាក់​ម៉ាស់ ជា​ដំបូងអាជ្ញាធរ​អាច​ព្រមាន​បុគ្គល​នោះ ដោយ​ប្រាប់​ឲ្យ​ពាក់ម៉ាស់។ បន្ទាប់​មក​ បើ​នៅ​រឹង​ទទឹង បុគ្គលក​នោះ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ដែល​ធ្វើ​ឡើង​ដោយ​មន្រ្តី​សុខាភិបាល៕

XS
SM
MD
LG