ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​២​នាក់​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា


ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ ត្រៀមបញ្ជូនអ្នកជំងឺតេស្តវិជ្ជមានកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

មនុស្ស​២​នាក់​ទៀត​ដែល​មាន​ជន​ជាតិ​ខ្មែរ​ម្នាក់​និង​ចិន​ម្នាក់ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ជំងឺ​នេះ​បាន​វាយ​លុក​សួតរបស់​អ្នក​ជំងឺ​យ៉ាង​ធ្ងន់​ធ្ងរ។ នេះ​បើ​យោ​ង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ​២៥ ខែ​មីនា។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​អ្នក​ជំងឺ​ស្លាប់​ទី​ ១ ​ជា​ជន​ជាតិ​ខ្មែរ​ អាយុ​ ៣៨ ​ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ។

លោក​ត្រូវ​បានធ្វើ​តេស្ត​រក​ឃើញ​ផ្ទុក​វីរុសកូរ៉ូណា ដែលបង្កជាជំងឺ​កូវីដ​១៩ កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​មីនា។ ​ដំបូង​ឡើយ​ លោកត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ​ The Great Duke អតីត​សណ្ឋាគារ ​Intercon ​តែ​ក្រោយ​មក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ​សូវៀត ដោយ​សារ​អាការៈ​ហត់។ លោក​បាន​ស្លាប់​នៅ​ទីនោះ វេលាម៉ោង ​៧ ​និង​ ៣៥ នាទី​ព្រឹក​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ចំណែក​អ្នក​ជំងឺ​ជន​ជាតិ​ចិន អាយុ​ ៤៣ ​ឆ្នាំ ជា​អ្នក​ស្នាក់​នៅ​សណ្ឋាគារ​យ៉ុង​យ័ន ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ ខេត្ត​កណ្តាល ដែល​ជា​កន្លែង​ផ្ទុះឆ្លង​សហគមន៍​ធ្ងន់​ធ្ងរ​មួយ​។ លោក​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វីរុស​ជំងឺ​កូវីដ កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​មីនា។ លោក​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ វេលា​ម៉ោង​ ៧ និង​ ៤៥ ​នាទី​ព្រឹក។

ក្រសួង​សុខាភិបាល​បន្ថែម​ថា ​ជនរងគ្រោះ​ទាំង ​២ ​នាក់​ បានរលាក​សួត​ទាំង​សង​ខាងយ៉ាង​ធ្ងន់​ធ្ងរ ​និង​ខ្សោយ​សួត​ខ្លាំង។ ក្រសួង​មិន​បាន​បញ្ជាក់​ឈ្មោះ​របស់​អ្នក​ស្លាប់​ទាំង ​២​ នាក់ ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ទេ។

គួរ​បញ្ជាក់​ថា​ រហូត​មក​ដល់​ថ្ងៃ​ទី​ ២៥ ខែ​មីនា កម្ពុជា​មាន​ករណី​ស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩ ចំនួន ​៧ ​នាក់ ក្នុង​នោះ​មាន​ខ្មែរ​ ៦ ​នាក់ ​និង​ជនជាតិ​ចិន​ម្នាក់​។ ក្រសួង​សុខា​ភិបាល​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មនុស្ស​ ៥៥ ​នាក់​ទៀត​បាន​ឆ្លង​វីរុស​នេះ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០​កុម្ភៈ​ កើន​ឡើង​ដល់ ​១.៣៤៨ ​នាក់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG