ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ស្តី​ពី​វិធាន​ការ​ប្រឆាំង​កូវីដ​១៩ ត្រូវ​បានប្រកាស​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់


ពលរដ្ឋ​កម្ពុជា​​ម្នាក់ដែលមានពាក់ម៉ាស់ អង្គុយចុចទូរស័ព្ទ​​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)
ពលរដ្ឋ​កម្ពុជា​​ម្នាក់ដែលមានពាក់ម៉ាស់ អង្គុយចុចទូរស័ព្ទ​​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

ច្បាប់​ស្តី​ពី​វិធាន​ការ​ប្រឆាំងជំងឺកូវីដ​១៩ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍នេះ​ក្រោយ​ពី​ព្រឹទ្ធសភា​បាន​អនុម័ត ដោយ​ឥតកែប្រែ​កាលពី​ព្រឹក​មិញ។

ព្រះមហាក្សត្រ​ដែល​កំពុង​គង់​នៅ​ប្រទេស​ចិន បាន​ព្រះរាជ​អនុញ្ញាត​ឲ្យ​លោក សាយ ឈុំ ​ប្រមុខ​រដ្ឋស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា​ចុះហត្ថលេខា​លើ​ព្រះរាជក្រមប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ។

ប្រកាស​ឲ្យ​ប្រើប្រាស់ច្បាប់​ស្តី​ពី​វិធាន​ការ​ប្រឆាំងជំងឺកូវីដ​១៩ ភ្លាមៗ​ក្នុងថ្ងៃ​តែមួយ​នេះ​កើតឡើង ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាត​ត្បាត​ជំងឺ​កូវីដ ​នៅ​ក្នុង​សហ​គមន៍​ធ្ងន់ធ្ងរ​និង​មាន​អ្នក​ជំងឺកូវីដ១៩ ម្នាក់​ បាន​ស្លាប់ ​ដែល​ជា​ករណី​ស្លាប់​ដំបូង​ក្នុង​ប្រទេស​កម្ពុជា។

នៅថ្ងៃដដែលនេះ​ អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ប្រកាស​ឲ្យចាត់​វិធានការទាំងអស់​គ្នាពេលនេះ​ ដើម្បី​បញ្ចៀសផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ។

សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិធាន​ការ​ទប់​ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ និងជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ដោយ​ឥត​កែ​ប្រែ ដោយ​ការពារ​ច្បាប់​នេះ​ថា ​ទោស​ទណ្ឌ​ដាក់​តែ​លើ​ «ជន​ខិល​ខូច» ​តែ​ប៉ុណ្ណោះ។

សេចក្តី​ព្រាង​ច្បាប់​ដែលករណី​ខ្លះ​កំណត់ការ​ដាក់​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ ​ចាប់​ពី​ ១០​ឆ្នាំ​ទៅ ​២០​ឆ្នាំ​ ត្រូវ​បាន​រដ្ឋ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត ​កាល​ពីសប្តាហ៍​មុន​ តាម​ការ​ប្រញាប់​ចង់​បាន​របស់​រដ្ឋា​ភិបាល ​ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាត​ត្បាត​ជំងឺ​កូវីដ ​នៅ​ក្នុង​សហ​គមន៍​។

នេះ​ជាច្បាប់​ទី ២ ហើយ​ដែល​បាន​តាក់តែង​ ដោយ​សារ​តែ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​គ្រា​មាន​អាសន្ន​ កាល​ពី​ដើម​ឆ្នាំ​ ២០២០ ដែល​មាន​គោល​បំណង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ​ដែរ។

ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក ​ម៉ម ប៊ុននាង​ សមាជិក​ព្រឹទ្ធ​សភានិង​ជា​អ្នក​នាំពាក្យ​របស់​ព្រឹទ្ធសភា​ បាន​ថ្លែង​ថា ​អង្គ​ប្រជុំ​បាន​ «យល់​ព្រម​ដោយ​ឥត​កែ​ប្រែ» និង ​«ចាត់​ទុក​ជា​ការ​ប្រញាប់» លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ក្នុង​សំឡេង​ចំនួន​ ៣៩ ​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល ​ដែល​បាន​ចូលរួម​ប្រជុំ។ លោក​បាន​ការ​ពារ​ថា ​ច្បាប់​នេះ​មាន «​ភាព​ចាំបាច់​ណាស់​»​ សម្រាប់​ប្រទេស​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​ការ​ផ្ទុះ​សហគមន៍​៣​លើក​មក​នេះ គឺ​ចុង​ក្រោយ​មក​នេះ​ធ្ងន់ធ្ងរ​ជាង​គេ។ យើង​ក៏មើល​ឃើញ​ហើយ​ការ​បំពាន​ទៅ​លើ​វិធាន​សុខាភិបាល ​ក៏​ដូច​ជា​ការ​បំពាន​ទៅ​លើ​រដ្ឋបាល​សាធារណៈ​ផង​ដែរ​នោះ ទើប​បាន​យើង​ចាំបាច់​ណាស់ យើង​ត្រូវ​តែបង្កើត​ច្បាប់​មួយ​នេះ​ថែម​ទៀត»។

លោក​បន្ថែម​ថា ​វា​មាន​ការ​លំបាក​ក្នុង​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​តាម​ច្បាប់​ ដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​មុន។ លោក​ថា ​ច្បាប់​នេះ​ការពារ​អាយុ​ជីវិត​របស់​ពលរដ្ឋ ហើយ​ទោសទណ្ឌ​ដាក់​ចំពោះ​តែ​បុគ្គល​ខិល​ខូច​តែ​ប៉ុណ្ណោះ។ នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​រិះគន់​ថា​ដាក់​ទោស​ទណ្ឌធ្ងន់​ធ្ងរ។

លោក​បន្ថែម​ថា៖ «គេ​បង្កើត​ច្បាប់ ដើម្បី​ទប់​ទល់​ជាមួយ​ជនខិលខូច គឺ​ចោទ​ប្រកាន់[គេ]។ ហើយ​ច្បាប់​របៀប​នេះ ក៏​មាន​ហើយ​ចំពោះ​ច្បាប់​អេដស៍​ ច្បាប់​ការពារ​អ្នក​កើត​អេដស៍​។ ចេះ​តែយក​ខ្លួន កើត​ហើយ ទៅ​ចម្លង​គេ ទៅ​សម្លាប់គេ»។

សេចក្ដី​ព្រាង​ច្បាប់​ដែល​មាន ​៦ ​ជំពូក និង ​១៨ មាត្រា ​ចែងពី​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល​និង​ព្រហ្ម​ទណ្ឌ​លើ​ «បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល​វិធានការ​រដ្ឋបាល ឬ​វិធានការ​ផ្សេង​ទៀត​ដែល​ដាក់​ចេញ​តាម​ច្បាប់​នេះ»។

ពលរដ្ឋ​កម្ពុជាពាក់ម៉ាស់​ ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)​
ពលរដ្ឋ​កម្ពុជាពាក់ម៉ាស់​ ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)​

​មាត្រា​បន្ត​បន្ទាប់​បាន​ចែង​ពី​ការ​ដាក់​ទោស​ទ​ណ្ឌ​រហូត​ជាប់​ពន្ធនាគារ ​សម្រាប់​អ្នក​បំពាន​វិធាន​ការរដ្ឋ​បាល​វិធាន​ការ​ចត្តា​ឡីស័ក និង​វិធាន​ការ​ឃុំគ្រង​សម្រាក​ព្យាបាល​។ តួយ៉ាង ​អ្នក​បំពាន​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ដល់​ទៅ​ដល់ ​៣ឆ្នាំ បើ​សិនជា​បាន​ចម្លង​វីរុស​ដល់​អ្នកដទៃ​អំឡុង​ការ​បំពាន។

​មាត្រា ៨ ​ចែង​អំពី​ការ​ដាក់​ពន្ធនាគារ​ដល់​ទៅ​ ៥ ឆ្នាំ​ សម្រាប់​បុគ្គល​ដែល​មាន​ជំងឺ​ ហើយ​រត់​គេច​ពី​មន្ទីរ​សម្រាក​ព្យាបាល​ និង​អាច​ជាប់​ពន្ធនាគារ​ដល់ទៅ ១០ ​ឆ្នាំ ​បើ​សិន​ជា​ចម្លង​មេ​រោគ​ដល់​អ្នក​ដទៃ​អំឡុង​ពេល​រត់​គេច។​

​ហើយ​សម្រាប់​ជន​ដែល​មាន​ «ចេតនា» ​ចម្លង​ជំងឺ​កូវីដ​ដល់​អ្នក​ដទៃ​ «តាម​គ្រប់​មធ្យោបាយ» អាច​ជាប់​ពន្ធនាគារ​កម្រិត​អតិបរមា ១០ ឆ្នាំ​ ឬរហូត​ដល់​ ២០ ឆ្នាំ ​បើ​សិន​ជា​ការ​ចម្លង​ដោយ​ចេតនា​នោះ ​«មាន​ការរៀបចំ​ជា​ក្រុម ​ឬ​អង្គការ​ចាត់​តាំង»។

ច្បាប់​នេះ​ក៏​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​រឹតត្បិត​និង​ហាម​ឃាត់ការ​ធ្វើ​ដំណើរ​ ការ​ជួប​ជុំ​ ការ​ប្រកប​របរ​ ធ្វើ​ពាណិជ្ជ​កម្ម​ បើសិន​ជា​ «ចាំបាច់​និង​មាន​ប្រយោជន៍» ក្នុង​ការ​ទប់​ទល់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

ការ​មិន​គោរព​ ឬ​រារាំង​ការ​អនុវត្ត​វិធាន​ការ​រដ្ឋបាល​ខាងលើ​អាច​នាំ​ឲ្យ​បុគ្គល​ល្មើស​ជាប់​ពន្ធនាគារ​រហូត​ដល់​កំណត់ ៥ ឆ្នាំ និង​ការ​ពិន័យ​ជា​ប្រាក់​រហូត​ ២០ លាន​រៀល។

ក្រុមការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch ​បាន​បរិហារ​សេចក្ដី​ព្រាងច្បាប់​ខាងលើ​ថា​មាន​ចរិត​ «រំលោភ​បំពាន» និង​ «បញ្ញត្តិ​ទោស​ធ្ងន់​ធ្ងរ​ហួស​ហេតុ» ​ហើយ​ទទូច​ឲ្យទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់នេះ​ជា​បន្ទាន់។

​លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា ​លោក​ព្រួយ​បារម្ភ​អំពី​ការ​ដាក់​ទោស​ទណ្ឌ​ពន្ធនាគារ​ធ្ងន់​ធ្ងរ ដែល​មាន​ករណី​ខ្លះ​ពី​ ១០ ​ឆ្នាំ​ទៅ ២០ ​ឆ្នាំ។ លោក​ក៏​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដោយសារ​ច្បាប់​នេះ​ត្រូវ​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ប្រញាប់។

លោក​បញ្ជាក់​ថា៖ «អញ្ចឹង​បាន​ន័យ​ថា​ធ្វើ​យ៉ាងណា គឺ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​លោក​បាន​ដឹង ដើម្បី​ធ្វើ​ការ​ចូលរួម​នៅ​ក្នុង​ការ​ទប់​ស្កាត់ ​និង​បង្ការ​ការ​រីក​រាល​ដាល​នៃ​កូវីដ​១៩​ ហ្នឹង»។

លោក​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការ​ទប់​ស្កាត់​កូវីដ​១៩ តាម​វិធានការ​របស់​រដ្ឋាភិបាល​និង​អង្គការ​សុខភាព​ពិភព​លោក។

មាត្រា​ ១២ ​នៃ​ច្បាប់​នេះ ទាក់ទង​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ចែង​ថា​មន្រ្តី​មាន​សមត្ថកិច្ច​ដែល​ប្រើប្រាស់​សិទ្ធិ​អំណាច​តាម​ទំនើង​ចិត្ត ដោយ​រំលោភ​បំពាន​ខុស​ពី​គោល​បំណង​នៃ​ច្បាប់​នេះ បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព បូរណភាព​រូបរាង​កាយ ឬ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ដទៃ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ស្រប​តាម​ច្បាប់​របស់​កម្ពុជា​។

លោក អំ សំអាត នៃ​អង្គការ​លីកាដូ​ជំរុញ​ឲ្យ​ចែង​ច្បាស់លាស់​លើ​ចំណុច​នេះ ដើម្បី​ទាម​ទារ​អាជ្ញា​ធរ​មាន​សមត្ថកិច្ចអនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ៕

XS
SM
MD
LG