បុរសម្នាក់ដែលបានប្រកាសពីផែនការទិញម៉ាស់មកពាក់ឲ្យសត្វមាន់ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩កាលពីឆ្នាំមុនត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ។ការណ៍នេះនាំឲ្យអ្នកការពារសិទ្ធិមនុស្សមួយចំនួនបង្ហាញការសោកស្តាយនិងចាត់ទុកថាជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ។
លោក នី ណាក់ ម្ចាស់គណនីសង្គមហ្វេសប៊ុកឈ្មោះ IMan-KH ដែលមានជំនាញក្នុងវិស័យកសិកម្មត្រូវបានអ្នកការពារសិទ្ធិមនុស្សខ្លះអះអាងថាតែងតែរិះគន់ជាញឹកញាប់អំពីចំណុចខ្សោយរបស់មន្ត្រីកសិកម្ម។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោកអ៊ី រិន្ទបានប្រាប់វីអូអេថាតុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះនី ណាក់ អាយុ៤២ឆ្នាំដាក់ពន្ធនាគារ១៨ខែនិងពិន័យជាប្រាក់ចំនួន២លានរៀលពីបទ «ជេរប្រមាថជាសាធារណៈនិងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែធ្នូឆ្នាំ២០២០ តាមមាត្រា៣០៧មាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។
លោក អ៊ី រិន្ទ បន្ថែមថាសវនាការជំនុំជម្រះជាសាធារណៈនៃសំណុំរឿងនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១និងប្រកាសសាលក្រមកាលពីថ្ងៃទី១៨ខែសីហា។
នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាតបានបង្ហាញការសោកស្តាយនឹងសេចក្តីសម្រេចរបស់តុលាការដោយថានេះជាសេរីភាពនៃការបញ្ចេញមតិរបស់បុគ្គលម្នាក់។
លោកថ្លែងថា៖ «ខ្ញុំមានការសោកស្តាយដែរពីព្រោះត្រូវទៅពិនិត្យមើលថាតើទស្សនៈរបស់លោកហ្នឹងជារឿងបញ្ចេញមតិឬក៏រឿងបទល្មើសដែលយើងត្រូវពិនិត្យឲ្យបានត្រឹមត្រូវដែរដើម្បីជៀសវាងកុំឲ្យមានការរិះគន់ទាក់ទងការរឹតត្បិតនៃសេរីភាពក្នុងការបញ្ចេញមតិឬក៏ធ្វើឲ្យអ្នកផ្សេងទៀតដែលគាត់ចង់បញ្ចេញមតិហ្នឹងមានការភិតភ័យ»។
លោកបន្ថែមថាលោក នី ណាក់ ដែលមានជំនាញកសិកម្មជាញឹកញាប់បានផ្តល់ចំណេះដឹងដល់សាធារណជនទាក់ទងនឹងវិស័យកសិកម្ម។ ក៏ប៉ុន្តែលោកបានប្រឈមនឹងវិធានការផ្លូវច្បាប់នៅពេលលោកលើកឡើងពីគម្រោងទិញម៉ាស់មកពាក់ឲ្យមាន់ កាលពីចុងឆ្នាំ២០២០។
លោក អំ សំអាត បញ្ជាក់ថា៖ «អ្វីដែលថ្នាំងថ្នាក់ចុងក្រោយនេះគឺដែលគាត់និយាយនៅក្នុងពេលដែលការរីករាលដាលនៃ (ជំងឺកូវីដ១៩)ហ្នឹងហើយអញ្ចឹងទៅគាត់លើកពីបញ្ហានៃគម្រោងទិញម៉ាស់ពាក់ឲ្យមាន់ហ្នឹង»។
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក នី ណាក់ បានប្រកាសលើប្រព័ន្ធសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោកឈ្មោះ IMan-KH ថា៖ «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្នព្រោះមូលហេតុមានមេរោគផ្តាសាយរលាកផ្លូវដង្ហើមកំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុងកុំចេញក្រៅឲ្យសោះបើគ្មានការចាំបាច់»។
លោក អំ សំអាត អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ឲ្យដឹងថាលោក នី ណាក់ ក្រៅតែពីបានលើកឡើងនៅផែនការពាក់ម៉ាស់ឲ្យមាន់នេះ លោកក៏ធ្លាប់និយាយរិះគន់មន្ត្រីជំនាញក្នុងវិស័យកសិកម្មរហូតបានការព្រមានផងដែរ។
លោកបញ្ជាក់ថា៖ «កន្លងមកថា ធ្លាប់មានក្រដាសព្រមានគាត់ម្តងដែរទៅហើយពីមុនៗមក ប៉ុន្តែទោះយ៉ាងណាក៏យើងឃើញថា គាត់នៅតែមានការបញ្ចេញមតិមានការរិះគន់ជាបន្តបន្ទាប់ដដែល»។
វីអូអេព្យាយាមសុំការអធិប្បាយពីលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដើម្បីបញ្ជាក់ថាតើក្រសួងកសិកម្មបានប្តឹងប្រឆាំងលោកនី ណាក់ ឬយ៉ាងណា។ ប៉ុន្តែលោកបញ្ជាក់តាមសារឆ្លើយឆ្លងតេឡាក្រាមនៅថ្ងៃសុក្រនេះថា៖ «សួរតុលាការទៅ»។
លោកក៏បដិសេធមិនផ្តល់ការអធិប្បាយលើសំណួរផ្សេងទៀត ពាក់ព័ន្ធនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលកាត់ទោសលោក នី ណាក់ ឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាសកម្មភាពរបស់លោកនី ណាក់ លើបណ្តាញសង្គមហ្វេសប៊ុក កាលពីកន្លងមកគ្រាន់តែជាផ្នែកមួយនៃការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលគួរត្រូវបានលើកទឹកចិត្តក្នុងសង្គមប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «នៅក្នុងសង្គមប្រជាធិបតេយ្យការបញ្ចេញមតិរិះគន់ការបញ្ចេញកង្វល់ការបញ្ចេញអីនេះវាជាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋទេ វាមិនមែនជាកំហុសទេពីព្រោះថាយើងនៅក្នុងសង្គមប្រជាធិបតេយ្យគេបើកសេរីភាពឲ្យប្រជាពលរដ្ឋមានការបញ្ចេញមតិហើយការបញ្ចេញមតិហ្នឹងមិនមានតែការបញ្ចេញមតិខាងការលើកសរសើរទេគឺវាមានទាំងការសរសើរមានទាំងការរិះគន់ផ្សេងៗហ្នឹងឯងបាទ។ ដូច្នេះរដ្ឋាភិបាលមិនគួរណាដាក់ទោសទណ្ឌចំពោះអ្នកដែលគ្រាន់តែធ្វើការបញ្ចេញមតិនៅក្នុងការរិះគន់ហ្នឹងទេ»។
លោកបន្ថែមថា ការកាត់ទោសរបស់តុលាការ និងចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធលើលោកនី ណាក់ អាចនឹងធ្វើឲ្យពលរដ្ឋផ្សេងទៀតលែងហ៊ានបញ្ចេញមតិលើបណ្តាញសង្គម ដែលការណ៍នេះនឹងធ្វើឲ្យរដ្ឋាភិបាលបាត់បង់ប្រភពព័ត៌មានមួយផ្នែក។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព កត់សម្គាល់ថាអាជ្ញាធរហាក់ដូចជាលែងមានការអត់ឱនដល់រាល់ទម្រង់នៃការបញ្ចេញមតិ ក្នុងនោះមានទាំងវោហារសព្ទបែបកំប្លែងលេងសើចជាដើម។
អ្នកស្រីបញ្ជាក់ថា៖ «ពេលខ្លះការប្រើប្រាស់វោហាសព្ទបែបគេហៅថា បែបកំប្លុកកំប្លែងអីហ្នឹងក៏នឹងអាចប្រឈម នូវទោសទណ្ឌដែរ។ នេះជាទិដ្ឋភាពមិនល្អសម្រាប់លម្ហសង្គមស៊ីវិលនោះទេ»។
បើតាមអ្នកស្រី ចក់ សុភាព ការមិនអត់ឱនរបស់អាជ្ញាធរមកលើមតិរិះគន់របស់ពលរដ្ឋ ហើយឈានដល់ការចាប់ឃុំខ្លួនអ្នករិះគន់ជាបន្តបន្ទាប់នេះអាចជាសញ្ញាមិនអំណោយផលដល់កម្ពុជាក្នុងការទទួលបានការគាំទ្រផ្នែកពាណិជ្ជកម្មពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ កាលពីខែសីហា ឆ្នាំមុន សហភាពអឺរ៉ុបបានដកការអនុគ្រោះពន្ធពីកម្ពុជាចំនួន២០% ក្រោយរកឃើញការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្ស។
ស្របពេលជាមួយគ្នានេះលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជាបានប្រតិកម្មទៅនឹងសេចក្តីសម្រេចរបស់តុលាការដែលកាត់ទោសលោក នី ណាក់។ លោកអធិប្បាយលើប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី២០ខែសីហានេះថា៖
លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា៖ «ទណ្ឌកម្មទាំងនេះគឺអត់ត្រូវទេ គឺអយុត្តិធម៌ពេកហើយ។ តុលាការជាឧបករណ៍រដ្ឋាភិបាលអត់ឯករាជ្យអត់ការពារសិទ្ធិសេរីភាពអត់ផ្តល់យុត្តិធម៌។ ប្រព័ន្ធយុត្តិធម៌អយុត្តិធម៌ប្រព័ន្ធគ្រប់គ្រងរដ្ឋក៏អយុត្តិធម៌ ហើយសង្គមក៏មិនអាចជាសង្គមយុត្តិធម៌ទៅកើតទេ»។
លោកបន្ថែមថា៖ «សង្គមអយុត្តិធម៌អត់អាចធានាសេចក្តីសុខសន្តិភាពសន្តិសុខ របៀបរៀបរយនិងសណ្តាប់ធ្នាប់បានឡើយ» ។
គួរបញ្ជាក់ថាកាលពីកន្លងទៅអាជ្ញាធរកម្ពុជាត្រូវបានមើលឃើញថាប្រើប្រាស់វិធានការច្បាប់ប្រឆំាងនឹងបុគ្គលណាដែលផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវទៅនឹងស្ថានភាពជំងឺឆ្លងកូវីដ១៩ឬបញ្ចេញទស្សនៈពាក់ព័ន្ធនឹងស្ថានភាពនៃជំងឺកូវីដ ដែលអាជ្ញាធរយល់ថាមានចរិតជាការញុះញង់ និងអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម៕