ជំនួយការសេតវិមានយ៉ាងតិចណាស់ក៏២នាក់ដែរ បានធ្វើតេស្តរកឃើញមានជំងឺកូវីដ១៩ វិជ្ជមានគឺទាហានម្នាក់ការពារប្រធានាធិបតី ដូណាល់ ត្រាំ និងស្រ្តីអ្នកនាំពាក្យឲ្យលោកអនុប្រធានាធិបតី Mike Pence។
អ្នកនាំពាក្យឲ្យលោកអនុប្រធានាធិបតី Mike Pence បាននិយាយថា លោកអនុប្រធានាធិបតី បានធ្វើតេស្តរកឃើញអវិជ្ជមានជំងឺកូវីដ១៩ ហើយនឹងវិលត្រឡប់ទៅកាន់សេតវិមានវិញនៅថ្ងៃចន្ទនេះ ដែលនៅទីនោះ លោក មានគម្រោងធ្វើសន្និសីទតាមវីដេអូ ជាមួយអភិបាលរដ្ឋនានាស្តីពីការឆ្លើយតបលើមេរោគកូរ៉ូណា និងការធ្វើឲ្យសេដ្ឋកិច្ចមានដំណើរការឡើងវិញ។
លោក Devin O’Malley អ្នកនាំពាក្យរបស់លោកអនុប្រធានាធិបតី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «លោកអនុប្រធានាធិបតី Pence នឹងបន្តធ្វើទៅតាមការណែនាំរបស់អង្គភាពសុខាភិបាលសេតវិមាន ហើយមិនស្ថិតនៅដាច់ពីគេទេ»។
លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានអ្នកជំនាញក្នុងការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណារបស់សេតវិមាន កំពុងនៅដាច់ពីគេ ថ្វីបើ លោកបានធ្វើតេស្តមានវិជ្ជមានមេរោគកូរ៉ូណាក៏ដោយ។ សមាជិកអ្នកជំនាញកំពូល២នាក់ផ្សេងទៀតរបស់ក្រុមការងារមេរោគកូរ៉ូណាសេតវិមាន គឺលោក Stephen Hahn ប្រធានរដ្ឋបាលខាងឱសថ និងចំណីអាហារ និងលោក Robert Redfield នាយកមជ្ឈមណ្ឌលត្រួតត្រានិងគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក បានស្ថិតនៅដាច់ពីគេ២សប្តាហ៍ បន្ទាប់ពីចូលរួមជំនួបមួយដែលនៅទីនោះ មានវត្តមានបុគ្គលិកម្នាក់ដែលបានឆ្លងមេរោគកូរ៉ូណា។
មនុស្សជាង១លាន៣សែននាក់នៅក្នុងសហរដ្ឋអាមេរិកបានឆ្លងមេរោគកូរ៉ូណា និងមនុស្សជាង៨ម៉ឺននាក់បានស្លាប់៕