ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ជំទាស់​នឹង​របាយការណ៍​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អំពី​ជំងឺ​កូវីដ១៩


រូប​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

សេតវិមាន​មិន​យល់ស្រប​ជាមួយ​នឹង​របាយការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ ដែល​ព្យាករណ៍​ថា ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក កើន​ឡើង​ជិត​ពីរ​ដង​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​មិថុនា​ខាង​មុខ។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោក Judd Deere បាន​ជំទាស់​ដូច្នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ របាយការណ៍​នេះ​ក៏​បាន​ព្យាករណ៍​ផង​ដែរ​ថា ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៃ​ជំងឺ​នេះ​នឹង​មាន​ចំនួន​ប្រហែល ២ សែន​នាក់ នៅ​ត្រឹម​ចុង​ខែ​ឧសភា​នេះ ដែល​ជា​ការ​កើន​ឡើង​ពី​ការ​ព្យាករណ៍​ចំនួន ២ ម៉ឺន ៥ ពាន់​នាក់ នៅ​ពេល​បច្ចុប្បន្ន​នេះ។

ព័ត៌មាន​នេះ​គឺ​ផ្អែក​លើ​គំរូ​របស់​រដ្ឋាភិបាល​ដែល​ដាក់​បញ្ចូល​គ្នា​ក្នុង​ទម្រង់​ជា​តារាង​ដោយ​ទីភ្នាក់ងារ​សហព័ន្ធ​គ្រប់គ្រង​គ្រោះ​អាសន្ន និង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​កាសែត The New York Times កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក Deere បាន​និយាយ​ថា វា​មិន​មែន​ជា «ឯកសារ​របស់​សេតវិមាន ឬ​ក៏​ឯកសារ​នេះ​មិន​ទាន់​បាន​ដាក់​ជូន​ក្រុម​ការងារ​ពិសេស​ទទួល​បន្ទុក​កិច្ចការ​ជំងឺ​កូវីដ១៩ របស់​សេតវិមាន ឬ​ក៏​ឯកសារ​នេះ​បាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​បែប​អន្តរ​ទីភ្នាក់ងារ​នោះ​ទេ។ ទិន្នន័យ​ទាំង​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​គំរូ​ណា​មួយ ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ការងារ​ពិសេស ឬ​ក៏​ទិន្នន័យ​ណា​មួយ​ដែល​ក្រុម​ការងារ​ពិសេស​បាន​វិភាគ​នោះ​ទេ»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ថា៖ «សុខភាព​របស់​ពលរដ្ឋ​អាមេរិកាំង​នៅតែ​ជា​អាទិភាព​ចម្បង​របស់​លោក​ប្រធានាធិបតី Donald Trump ហើយ​ករណី​នេះ​នឹង​បន្ត​រហូត ស្រប​ពេល​ដែល​យើង​តាមដាន​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋ​នីមួយៗ​នៅ​ក្នុង​ការ​បន្ធូរបន្ថយ​ការ​ដាក់​កំហិត​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ នេះ»៕

XS
SM
MD
LG