ការនាំមុខខាងប្រជាប្រិយភាពរបស់លោក Joe Biden ទៅលើលោកប្រធានាធិបតី Donald Trump បានថយចុះក្នុងប៉ុន្មានសប្តាហ៍នេះ ខណៈលោក Biden ដែលត្រូវគេសន្មតថា នឹងក្លាយជាបេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ មានការលំបាកក្នុងការបង្ហាញមុខចំពោះអ្នកបោះឆ្នោតក្នុងអំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters និងក្រុមហ៊ុន Ipsos ដែលបានចេញកាលពីថ្ងៃអង្គារ។
ការស្ទង់មតិដែលបានធ្វើកាលពីថ្ងៃច័ន្ទនិងថ្ងៃអង្គារសប្តាហ៍នេះ បង្ហាញថា ៤៣% នៃអ្នកបានចុះឈ្មោះបោះឆ្នោតនិយាយថា ពួកគេនឹងគាំទ្រលោក Biden នៅក្នុងការបោះឆ្នោតយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកាខាងមុខ ខណៈដែល ៤១% និយាយថា ពួកគេនឹងបោះឆ្នោតឲ្យលោក Trump។ លទ្ធផលនេះរួមបង្ហាញថា បេក្ខជនទាំងពីរមានប្រជាប្រិយភាពប្រហាក់ប្រហែលគ្នា។
ការស្ទង់មតិកាលចុងខែមេសា បានបង្ហាញថា លោក Biden ពេលនោះបាននាំមុខលោក ត្រាំ ដល់ ៨ ពិន្ទុ។ អតីតអនុប្រធានាធិបតីរូបនេះត្រូវបង្ខំចិត្តធ្វើយុទ្ធនាការឃោសនារបស់លោកពីគេហដ្ឋាននៅរដ្ឋ Delaware ភាគខាងកើតសហរដ្ឋអាមេរិក ដើម្បីសម្របនឹងវិធានការរក្សាគម្លាតពីគ្នាក្នុងសង្គម ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដែលមកទល់នឹងពេលនេះបានសម្លាប់មនុស្សជាង ៧០.០០០ នាក់ នៅសហរដ្ឋអាមេរិកនិងធ្វើឲ្យពលរដ្ឋអាមេរិកាំង ៣០ លាននាក់ បាត់បង់ការងារ។ ថ្មីៗនេះលោក Biden ក៏ត្រូររងការចោទប្រកាន់ថាពីអតីតអ្នកជំនួយការម្នាក់ថា លោកបានបៀតបៀនផ្លូវភេទលើរូបនាង កាលពីឆ្នាំ ១៩៩៣។
ផ្ទុយពីលោក Biden លោកប្រធានាធិបតី ត្រាំ បានចេញមុខដឹកនាំការឆ្លើយតបរបស់អាមេរិក ទៅនឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩នេះ ដោយលោកបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំមកដល់ពេលថ្មីៗនេះ។
ការស្ទង់មតិចុងក្រោយនេះ បង្ហាញថា ៤៥% នៃពលរដ្ឋអាមេរិកាំងយល់ថា លោក ត្រាំ សក្តិសមជាងក្នុងការបង្កើតការងារ ខណៈ ៣២% យល់ថា លោក Biden សក្តិសមជាង។ ហើយ ៣៧% យល់ថា លោក ត្រាំ អាចដឹកនាំវិធានការឆ្លើយតបទៅនឹងកូវីដ១៩ បានល្អជាងលោក Biden ខណៈដែលពលរដ្ឋ ៣៥% យល់ថា លោក Biden ប្រសើរជាងលោក ត្រាំ ក្នុងរឿងនេះ៕