ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ព្យាករណ៍​ថា​នឹង​មាន​មនុស្ស​ស្លាប់​ច្រើន​ថែម​ទៀត​នៅ​សហរដ្ឋ​អាមេរិក​ដោយសារ​ជំងឺ​កូវីដ១៩


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​ចាកចេញ​ពី​សេតវិមាន កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​ចាកចេញ​ពី​សេតវិមាន កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បង្កើន​ការ​ព្យាករណ៍​របស់​លោក​អំពី​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក។ ជាង​នេះ​ទៀត លោក​បាន​សន្យា​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​បន្ថែម ស្រប​ពេល​ដែល​លោក​កំពុង​សម្លឹង​មើល​ក្នុង​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​បន្ថែម​ទៀត។

លោក Trump បាន​បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «យើង​នឹង​ឃើញ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស​ពី ៧ ម៉ឺន ៥ ពាន់ រហូត​ដល់ ១ សែន​នាក់។ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​រន្ធត់»។

កាល​ពី​សប្ដាហ៍​មុន លោក​បាន​និយាយ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក អាច​មាន​ចន្លោះ​ពី ៦ ម៉ឺន ទៅ ៧ ម៉ឺន​នាក់។

ស្រប​ពេល​ដែល​ព្រឹទ្ធសភា​ត្រៀម​បើក​សម័យ​ប្រជុំ​ឡើង​វិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក Trump បាន​និយាយ​ថា រដ្ឋាភិបាល​សហព័ន្ធ អាច​បង្កើន​ជំនួយ​សង្គ្រោះ​បន្ទាន់​ក្នុង​ទឹក​ប្រាក់ ៣ ពាន់​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ទ្វេ​ដង។ កន្លង​មក ថវិកា​ទាំង​នេះ​បាន​ជួយ​អាជីវកម្ម​តូចតាច​នានា​ឲ្យ​នៅ​អាច​ដំណើរការ​បាន ជួយ​ផ្ដល់​គ្រឿង​បរិក្ខារ​នានា​ឲ្យ​មន្ទីរពេទ្យ និង​ផ្ដល់​ជំនួយ​ជា​ថវិកា​ផ្ទាល់​ដល់​ពលរដ្ឋ​អាមេរិកាំង។

គិត​ត្រឹម​ថ្ងៃ​អង្គារ​ខាង​មុខ រដ្ឋ​ជាង ៣០ ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០ នៅ​សហរដ្ឋ​អាមេរិក នឹង​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ​ខ្លះៗ។

ការ​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ​គឺ​ជា​អាទិភាព​របស់​លោក Trump ដោយសារតែ​សកម្មភាព​សេដ្ឋកិច្ច​មាន​ដំណើរការ​យឺតយ៉ាវ​ខ្លាំង ហើយ​មនុស្ស​រាប់​លាន​នាក់​បាន​បាត់បង់​ការងារ​ធ្វើ៕

XS
SM
MD
LG