កងយោធាស.រ.អា.ក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានបាវចនាថា «ប្រុងប្រៀបប្រយុទ្ធនៅយប់នេះ» បានត្រូវបង្ខំចិត្តឱ្យធ្វើការប្រយុទ្ធពីរនៅលើសមរភូមិមិនមែនប្រពៃណីពីរគឺមេរោគវីរុសឆ្លងខ្លាំងដែលរាលដាលយ៉ាងលឿននៅទូទាំងប្រទេសកូរ៉េខាងត្បូង។
បញ្ហាមួយទៀតគការគំរាមកំហែងដែលអាចមាន គឺថាបុគ្គលិកកូរ៉េខាងត្បូងរាប់ពាន់នាក់នៅក្នុងមូលដ្ឋានស.រ.អា.អាចនឹងត្រូវផ្អាកការងារបណ្តោះអាសន្នដោយមិនមានប្រាក់ខែ ដោយសារមានជម្លោះអំពីការបែងចែកការចំណាយជាមួយរដ្ឋាភិបាលក្រុងសេអ៊ូល។
ក្នុងសប្តាហ៍នេះកងកម្លាំងស.រ.អា.នៅក្នុងប្រទេសកូរ៉េខាងត្បូងបានដាក់មូលដ្ឋានរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅក្រោយទាហានម្នាក់និងមនុស្សពីរនាក់ទៀតដែលបានចូលទៅក្នុងមូលដ្ឋានមួយបានឆ្លងមេរោគវីរុសកូរ៉ូណា។ ជាការឆ្លើយតប ស.រ.អា.និងប្រទេសកូរ៉េខាងត្បូងបានពន្យារពេលសមយុទ្ធយោធារួមគ្នា, ដាក់កំហិតការពិនិត្យមើលសីតុណ្ហភាពនិងវិធានការឯទៀតៗសម្រាប់ពួកជនដែលចូលទៅក្នុងមូលដ្ឋានយោធាទាំងនោះ ព្រមទាំងបានរឹតត្បិតពួកទាហានមិនឱ្យធ្វើដំណើរចេញពីមូលដ្ឋានសឹកទាំងនោះផងដែរ។
កាលពីថ្ងៃសុក្រ កងយោធាស.រ.អា.បាននិយាយថា ពួកគេបានប្រាប់ពួកបុគ្គលិកកូរ៉េ៩,០០០នាក់ថាពួកគេអាចត្រូវផ្អាកការងារជាបណ្តោះអាសន្នដោយគ្មានប្រាក់បៀវត្សរ៍ក្នុងរយៈពេល៣០ថ្ងៃទៀត ប្រសិនបើស.រ.អា.និងប្រទេសកូរ៉េខាងត្បូងខកខានមិនអាចសម្រេចកិច្ចព្រមព្រៀងមួយអំពីថាតើបែងចែកការចំណាយនៃវត្តមានយោធាស.រ.អ.បែបណានោះ៕