សភា​ខ្មែរ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​រៀបចំ​ការ​បោះ​ឆ្នោត

ទិដ្ឋភាព​​ទូទៅ​​នៃ​សម័យ​ប្រជុំ​​រដ្ឋ​សភា​​កម្ពុជា។

រដ្ឋ​សភា​នៃគណ​បក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អនុម័ត​ជា​ឯក​ឆន្ទ​នូវ​សេចក្តី​ស្នើ​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ចំនួ​ន​ពីរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​មន្ត្រី​នៃ​គណបក្ស​ទាំង​ពីរ​រំពឹង​ថា​ ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។​

មាន​តំណាង​រាស្ដ្រ​សរុប​ចំនួន១០៣​រូប​ ដែល​មាន​វត្តមានក្នុងកិច្ច​ប្រជុំ​វិសមញ្ញ​នេះ​ ដែលក្នុង​នោះ​មាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​លោក​សម រង្ស៊ី​ផង​ដែរ ​បាន​អនុម័ត​ដោយ​លើក​ដៃមួយ​ជំពូក​ម្តងៗ​នូវសេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»​ និង​សេចក្តី​ស្នើ​ច្បាប់​ស្តីពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ ​ហើយ​ការ​អនុម័ត​នេះ​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ពិភាក្សាដេញ​ដោលណា​មួយ​ឡើយ​ វៀរ​លែង​តែការ​ជួស​ និង​បន្ថែម​ពាក្យ​ពេចន៍​ពីរ​បី​ម៉ាត់​តែ​ប៉ុណ្ណោះ។​ ការមិន​ជជែក​ពិភាក្សា​ដេញ​ដោល​លម្អិតនេះ​គឺ​ដោយ​សារ​មាន​ការ​ស្នើ​ឡើង​ដោយប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺលោក​សម រង្ស៊ី។​

​ប្រធាន​គណបក្ស​ជំទាស់លើក​ឡើង​ថា ​គណបក្ស​ទាំង​ពីរ​បាន​ជជែក​ពិភាក្សា​គ្នា​ដើម្បី​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​យ៉ាង​ល្អិត​ល្អន់​ជា​ច្រើន​ខែ​មក​ហើយ។​ ដូច្នេះ​មិន​ចាំ​បាច់​មាន​ការ​ពិភាក្សា​បន្ថែម​នោះ​ទេ។​

ក្រោយ​ពីសមាជិក​សភាលើក​ដៃ​អនុម័ត​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ខាង​លើ​ លោក​ប៊ិន ឈិន ​ប្រធាន​ក្រុម​ការងារកិច្ច​ការ​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា​ ​ច្បាប់​នេះ​មាន​សារៈ​សំខាន់​សម្រាប់​ការ​រៀបចំការ​បោះ​ឆ្នោត​ ដោយ​មាន​ប្រសិទ្ធភាព។​

«អត្ថបទ​ច្បាប់​នេះនឹង​ក្លាយ​ទៅ​ជា​ឧបករណ៍​និង​យន្តការ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតរៀប​ចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ​ពិសេស​ការ​បោះ​ឆ្នោតជ្រើ​ស​តាំង​តំណាង​រាស្ដ្រ​អាណត្តិ​ទី​៦​នៃ​រដ្ឋ​សភា​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​តម្លាភាព»។​

សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​រៀបចំ​ និងការប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតនេះ​មាន​៧​ជំពូក​និង​៦៦​មាត្រា។​ ច្បាប់​នេះ​មាន​ចែង​ពី​ឯករាជ្យ​ភាព​របស់​គ.ជ.ប.ដោយ​កំណត់​ថា​ កញ្ចប់​ថវិកានៃ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​នេះ​ត្រូវ​ដាច់​ដោយ​ឡែក។​ សមាជិក​គ.ជ.ប.​មាន​សមាជិក​ចំនួន​៩​រូប ​ដូច​មុន​ដែរ​ ប៉ុន្តែ​ត្រូវ​មាន​សញ្ជាតិខ្មែរពី​កំណើត។​ ​ហើយអង្គការ​រដ្ឋ​នេះ​ត្រូវ​ដឹក​នាំ​ដោយ​បុគ្គល​ឯករាជ្យ​ដែល​ស្នើ​ដោយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។​

រីឯ​សេចក្តី​ព្រាងច្បាប់​ផ្សេង​មួយ​ទៀត​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​មាន​១២​ជំពូក​ និង​១៧១​មាត្រា។ ​សេចក្តី​ស្នើ​ច្បាប់​នេះ​បាន​បន្ថែម​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ពី​១២៣​ដល់​ទៅ​១២៥។​ ​មាន​ការ​ចែង​អំពី​ការ​បាត់​បង់​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ប្រសិន​បើ​គណបក្ស​នយោបាយ​ណា​មួយ​ធ្វើ​ពហិការ​មិន​ចូលរួម​សម័យ​ប្រជុំ​ដំបូង ​និង​មិន​ព្រម​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​ឆ្នោត​រួច។ ​ក្រៅ​ពី​នោះ​ ​ច្បាប់​នេះ​ហាក់​ដូច​ជា​ដាក់​កំហិត​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យប្រកាន់​ជំហរអព្យាក្រិត្យ​ឥត​លម្អៀង។​ បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​នឹង​មាត្រា​នេះ​អាច​ត្រូវ​ផាក​ពិន័យ​ពី​១០​ទៅ​២០​លាន​រៀល​ ឬ​ស្មើ​នឹង​ពី​២៥០០​ទៅ​៥០០០​ដុល្លារ​អាមេរិក។​

សេចក្តី​ព្រាង​ច្បាប់​ដដែល​ក៏​បាន​បន្ថយ​ចំនួន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ពី​រយៈ​ពេល​៣០​ថ្ងៃ​មក​ត្រឹម​ចំនួន​២១​ថ្ងៃ​វិញ។​

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ​ក្រុមអង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា ​បាន​ទាមទារ​ឱ្យ​គណបក្សប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិលុប​ចោល​មាត្រា​៨៤​ ​មាត្រា​១៣៧​ មាត្រា​១៤៨​ មាត្រា​១៥៩​ និង​មាត្រា​១៦០​នៃ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ មូល​ហេតុ​គឺ​ដោយសារ​បទបញ្ញត្តិទាំង​នេះចែង​ពី​ការ​ដាក់​ទោស​ពិន័យ​ទៅ​លើ​សិទ្ធិ​ចូល​រួម​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ និង​សេរីភាព​បញ្ចេញ​មតិ​របស់​ សមាគម​ និង​អង្គការ​ក្រៅរដ្ឋាភិបាល។​

អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ដែល​មាន​ឈ្មោះ​ Human Rights Watch ​កាល​ពី​ថ្ងៃ​អង្គារ ​ក៏​បាន​បរិហារ​រិះ​គន់​ផង​ដែរ​ថា ​សេចក្តី​ស្នើ​ច្បាប់​ថ្មី​សម្រាប់​ការ​កែ​ទម្រង់​ការបោះ​ឆ្នោតបាន​រំលោភ​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន​ និង​រំលោភ​ទៅ​លើ​បទ​ដ្ឋាន​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។​

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក៏​បាន​សម្តែងការ​ព្រួយ​បារម្ភ​ដូច​គ្នា​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ខាង​លើ​នេះ​ដែរ។​

ទោះជា​មាន​ការ​រិះគន់​បែបនេះ​ក្តី​ ​ក៏​លោក​សម រង្ស៊ីបក​ស្រាយ​ថា ​គណបក្ស​របស់​លោក​យល់​ស្រប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាលើ​សេចក្តី​ស្នើ​ច្បាប់​ទាំងពីរ ​ដោយសារ​ស្ថាន​ការណ៍​នយោបាយ។​

«ស្ថាន​ការណ៍​នយោបាយ​បែបនេះ​យើង​ទទួល​យក​ច្បាប់​នេះ​ តែ​យើង​នឹង​រង់​ចាំ​ឱកាស​ណាមួយ។​ ថ្ងៃ​ក្រោយ​យើង​នឹង​កែ​លំអ​ថែម​ទៀត»។​

ជា​គោល​ការណ៍​ សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»​និង​សេចក្តី​ស្នើ​ច្បាប់​ស្តីពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នេះ​នឹង​ត្រូវ​ពិនិត្យ​ដោយ​ព្រឹទ្ធ​សភា ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ មុន​នឹង​ច្បាប់​នេះត្រូវព្រះ​មហា​ក្សត្រ​ឡាយ​ព្រះ​ហស្ថ​លេខា​ដាក់​ឲ្យ​ប្រើ​ប្រាស់៕​