ប្រជាសហគមន៍រស់នៅតាមដងទន្លេមេគង្គបានបង្ហាញក្តីព្រួយបារម្ភអំពីការប្រែប្រួលនៃកម្រិតទឹកទន្លេមេគង្គ ដែលធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះយ៉ាងគំហុក និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋដែលរស់នៅតាមដងទន្លេ ខណៈពួកគេលើកឡើងអំពីការសាងសង់ទំនប់វារីអគ្គិសនី និងការប្រែប្រួលអាកាសធាតុ។
ពួកគេបង្ហាញក្តីបារម្ភដែលជាបញ្ហាកំពុងជួបប្រទះក្នុងមូលដ្ឋានសហគមន៍របស់ខ្លួន នៅក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការដែលមានឈ្មោះថា«តាមដងទន្លេមេគង្គជាមួយសាយ»របស់អង្គការអុកស្វាម (OXFAM) ដែលបានធ្វើយុទ្ធនាការរយៈពេល៤ខែ ចាប់ពីខែមីនាឆ្នាំ២០២២នេះ។ សាយគឺជាឈ្មោះរបស់តារាចម្រៀងខ្មែរមួយរូប។
នៅក្នុងពិធីបិទយុទ្ធនាការនោះ តំណាងសហគមន៍ដែលរស់នៅជាប់ដងទន្លេមេគង្គ បានថ្លែងថាទំនប់វារីអគ្គិសនីបានធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឱ្យការនេសាទសម្រាប់បរិភោគជាលក្ខណៈគ្រួសារសឹងតែមិនបាន។ មិនតែប៉ុណ្ណោះ ពួកគេថាការប្រែប្រួលនៃទឹកទន្លេមេគង្គ ដោយសារការសាងសងទំនប់វារីអគ្គិសនី ក៏ធ្វើឱ្យប៉ះពាល់ដល់ការធ្វើកសិកម្ម និងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រជាសហគមន៍ផងដែរ។
អ្នកស្រី ប៊ុន សំផាន ប្រធានសហគមន៍សម្រស់កោះហាន ក្នុងខេត្តស្ទឹងត្រែង ថ្លែងក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការនោះថា ជីវភាពរបស់ប្រជាសហគមន៍មានការប្រែប្រួលយ៉ាងខ្លាំង ដោយសារការសាងសងទំនប់វារីអគ្គិសនី និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យលំហូរទឹកឡើងចុះខ្លាំង ហើយវាធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះ សល់ត្រឹម២០%តែប៉ុណ្ណោះ។ ចំណែកជម្រកសត្វក៏រងការគំរាមកំហែង បូករួមការបាត់បង់ព្រៃលិចទឹក ដែលជាជម្រកត្រីដ៏សំខាន់។
អ្នកស្រីថ្លែងថា៖ «ក្នុងការរស់នៅ ជីវភាពប្រៀបធៀបពីមុនមកឥឡូវវាខុសគ្នាប្លែកគ្នាឆ្ងាយ ដោយសារ វាធ្លាក់ចុះ អ្វីដែលប្រែប្រួលតាមលំហូររបស់ទឹកឡើងចុះ ហើយអាកាសធាតុប្រែប្រួល។ សំខាន់មែនទែនការសាងសង់វារីអគ្គិសនីធំៗ ដែលធ្វើឱ្យយើងកាត់បន្ថយត្រី ប៉ះពាល់ដល់ត្រី ដល់ជម្រកសត្វស្លាបផ្សេងៗ ដែលយើងតែងតែអភិរក្សទុក»។
ប្រធានសហគមន៍សម្រស់កោះហានរូបនោះ មិនចង់ឱ្យមានការសាងសង់ទំនប់វារីអគ្គិសនីធំៗ ដែលជាហេតុធ្វើឱ្យពលរដ្ឋកាន់តែបាត់បង់មុខរបរនេសាទ ហើយការងារកសិកម្ម ក៏ប្រឈមការបាត់បង ដែលជាហេតុធ្វើឱ្យពលរដ្ឋខ្លះចំណាកស្រុក។
អ្នកស្រីបន្តថា៖ «ចង់ឱ្យរាជរដ្ឋាភិបាល ទប់ស្កាត់អ្វីដែលមិនទាន់កកើតឡើង អ្វីដែលមិនទាន់មាន ហើយធ្វើថ្មីទៀត [ គឺ]មីងមិនចង់ឱ្យមានការសាងសងទំនប់វារីអគ្គិសនីខ្នាតធំឡើយ។ ដោយសារយើងនៅកៀកកន្លែងទំនប់វារីអគ្គិសនី ដល់អ៊ីចឹងវាមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដល់អាយុជីវិត ដល់ការងារ ធ្វើឱ្យប្រជាពលរដ្ឋ អត់មានទីស្នាក់នៅ...និយាយរួម គឺចំណាកស្រុក យើងផ្លាស់ទីលំនៅចំណាកស្រុក មិនមែនជារឿងធម្មតាសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទេ គឺមានការលំបាកណាស់»។
អ្នកស្រីក៏ព្រួយបារម្ភអំពីវប្បធម៌ទំនៀមទម្លាប់ថាខ្លាចបាត់បង់នៅថ្ងៃណាមួយផងដែរ ប្រសិនបើសហគមន៍នៅតែជួបបញ្ហាប្រឈមដូចសព្វថ្ងៃនេះ។
ចំណែកអ្នកស្រី សួត ណាង អាយុ៣៨ឆ្នាំ តំណាងសហគមន៍ភូមិហ្វាំង ឃុំពុង ស្រុកវើនសៃ ខេត្តរតនគិរី ដែលបានចូលរួមក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការ«តាមដងទន្លេមេគង្គជាមួយសាយ» ក៏បានកត់សម្គាល់ស្រដៀងគ្នានឹងអ្នកស្រី ប៊ុន សំផាន ថាផលត្រីក្នុងទន្លេមេគង្គធ្លាក់ចុះយ៉ាងខ្លាំង ដោយអ្នកស្រីលើកឡើងពីការសាងសង់ទំនប់វារីអគ្គិសនី និងការនេសាទខុសច្បាប់ ឬដោយសកម្មភាពឆក់ត្រីរបស់ពលរដ្ឋមួយចំនួន។
អ្នកស្រីបញ្ជាក់ថា៖ «ពួកខ្ញុំ នៅប្រឡោះកណ្តាលសេសានក្រោម២ ខាងលើវារីអគ្គិសនី ហើយពួកខ្ញុំនៅប្រឡោះកណ្តាលអ៊ីចឹង កាលណាត្រីឡើងពីទន្លេមេគង្គ អត់មានកន្លែងឡើងទេ វាស្កកកន្លែងគេធ្វើវារីអគ្គិសនីសេសានក្រោម២ហ្នឹង គឺនៅកន្លែងហ្នឹងហើយត្រី»។
អ្នកស្រីបន្ថែមថា៖ «អ៊ីចឹងមួយថ្ងៃរកត្រីមិនបាន ដូចជាលោកគ្រូសាយ បានបង់សំណាញតាំងពីព្រឹកដល់ថ្ងៃ ដល់នាំគ្នាពេលយប់ហូបមាន់ទៅវិញ»។
អ្នកស្រីក៏បានរអ៊ូរទាំអំពីការឡើងចុះទឹកទន្លេមេគង្គមិននឹងនរ ដែលធ្វើឱ្យប្រជាសហគមន៍មានការលំបាកក្នុងការប្រកបរបរកសិកម្ម ឬបោះបង់ការធ្វើស្រែចម្ការតែម្តង។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក គល់ វឌ្ឍនា ប្រាប់វីអូអេថាការប្រែប្រួលទឹកទន្លេមេគង្គ មានកត្តារួមផ្សំជាច្រើន ដូចជាការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកភ្លៀង កត្តាគម្របដីឬគម្របព្រៃឈើអាងទន្លេមេគង្គ និងការសាងសង់ទំនប់វារីអគ្គិសនីជាដើម។
លោកថ្លែងថា៖ «ការសាងសង់ទំនប់ គឺជាការរួមចំណែកធ្វើឱ្យទឹកប្រែប្រួល ហើយមិនមែនដោយសារតែការសាងសង់ទំនប់ទាំងស្រុងទេ។ វាពាក់ព័ន្ធរបបទឹកភ្លៀង អាកាសធាតុមានការប្រែប្រួលនេះផងដែរ អាហ្នឹងរឿងមួយ។ វាពាក់ព័ន្ធការប្រែប្រួលនៃគម្របដីនៅក្នុងអាងទន្លេមេគង្គ គម្របព្រៃ អាហ្នឹងមួយទៀត។ អ៊ីចឹងវាមានកត្តាច្រើនណាស់ដែលរួមផ្សំធ្វើឱ្យទឹកទន្លេមេគង្គមានការប្រែប្រួល។ អ៊ីចឹងកាលណាយើងនិយាយបញ្ហា យើងចាប់ផ្តើមនិយាយពីការប្រែប្រួលសិន វាប្រែប្រួលដោយសារអ្វី»។
នៅក្នុងពិធីបិទបញ្ចប់យុទ្ធនាការរបស់អង្គការអុកស្វាម អ្នកស្រី កែវ កណិកា ប្រធានគម្រោងបរិយាប័ន្ន២នៃអង្គការអុកស្វាម ក៏លើកឡើងអំពីបញ្ហាប្រឈមរបស់ទន្លេមេគង្គ ដែលត្រូវគិតគូរ ខ្វាយខ្វល់ និងដោះស្រាយជាមួយគ្នា។
អ្នកស្រីថ្លែងថា៖ «ក្នុងចំណែកមួយជាបុគ្គល ក៏ដូចជាយើងធ្វើការនៅក្នុងគម្រោង ហៅថាអភិបាលកិច្ចទឹកទន្លេមេគង្គ សូមឱ្យទាំងអស់គ្នាមានការចូលរួម ចាប់ផ្តើមជជែក ចាប់ផ្តើមវិភាគ ចាប់ផ្តើមមើលឱ្យឃើញពីបញ្ហាទន្លេ ឬបញ្ហារបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេហ្នឹង មិនមែនគ្រាន់ជាបញ្ហារបស់ពួកគាត់ទេ វាគឺជាបញ្ហារបស់យើងទាំងអស់គ្នា»។
បើតាមអ្នកស្រី កែវ កណិកា យុទ្ធនាការ «តាមដងទន្លេមេគង្គជាមួយសាយ» គឺចង់ឱ្យយុវជនជំនាន់ក្រោយយល់ដឹង និងស្គាល់ពីអត្ថប្រយោជន៍ទន្លេមេគង្គឱ្យកាន់តែច្បាស់ និងចង់ផ្សារភ្ជាប់យុវជនជាមួយវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិច ជាពិសេសអ្នករស់នៅតាមដងទន្លេមេគង្គ និងដើម្បីបំផុសគំនិតឱ្យស្រឡាញ់បរិស្ថាន។
ទន្លេមេគង្គមានប្រវែងជាង៤ពាន់គីឡូម៉ែត្រ ហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ទន្លេនេះដើរតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់សេដ្ឋកិច្ច ផ្តល់ឱកាសសម្រាប់ទេសចរណ៍តាមបែបធម្មជាតិ និងផ្តល់តម្រូវការថាមពលនៅក្នុងតំបន់។
អង្គការអុកស្វាមក៏បានលើកឡើងពីការព្រួយបារម្ភអំពីការសាងសងទំនប់វារីអគ្គិសនី និងការប្រែប្រួលអាកាសធាតុ ដែលត្រូវមើលឃើញថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពនៃទន្លេមេគង្គ ហើយនៅតែបង្កគ្រោះថ្នាក់ និងហានិភ័យដល់សហគមន៍ ដែលមានប្រជាជនយ៉ាងហោចណាស់៧០លាននាក់កំពុងអាស្រ័យផលលើទឹកទន្លេដ៏មានសក្តានុពលនេះ។
អង្គការអុកស្វាមបន្ថែមថាផលប៉ះពាល់សំខាន់ៗ អាចកើតឡើងក្នុងបរិបទផ្សេងៗគ្នា ដូចជាលទ្ធភាពក្នុងការទទួលបានការថែទាំសុខភាព ការអប់រំ លំនៅឋានសមរម្យ ការគំរាមកំហែងដល់សន្តិសុខស្បៀងនៃសហគមន៍ដែលងាយរងគ្រោះបំផុត ដែលបរិបទទាំងនេះ នឹងឆ្លើយតបមកវិញ ជាមួយនឹងភាពក្រីក្រដ៏រ៉ាំរ៉ៃ៕