ការបះទង្គិចគ្នាយ៉ាងសាហាវមួយបានកើតមានទ្បើងនៅក្នុងប៉ែកខាងត្បូងនៃប្រទេសយេម៉ែន(Yemen) រវាងពួកឧទ្ទាម Shi'ite Houthi និងកងកម្លាំងស្មោះត្រង់ជាមួយប្រធានាធិបតីរបស់ប្រទេសនេះ នៅពេលដែលអង្គការកាកបាទក្រហមបានប្រឈមមុខនឹងការពន្យាពេលក្នុងការប្រគល់ជំនួយដែលមានសេចក្តីត្រូវការជាបន្ទាន់។
ពួក Houthis បានខិតខំព្យាយាមពង្រឹងទីតាំងរបស់ពួកគេនៅក្នុងក្រុងកំពង់ផែ Aden និងនៅប៉ែកខាងលិចប្រទេស។ ពួកអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា នាវាចម្បាំងបរទេសមួយគ្រឿងបានបាញ់ទៅលើទីដៅនៅក្នុងនិងនៅជុំវិញក្រុង Aden ហើយការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានវាយប្រហារត្រូវចំមូលដ្ឋានមួយនៃកងទ័ពអាកាសនៅខាងជើងទីក្រុងនោះ ដែលបង្ខិតបង្ខំឱ្យពួកយុទ្ធជន Houthi រត់គេចខ្លួនចេញពីតំបន់នោះ។
ប្រភពព័ត៌មានមកពីក្រុមគ្រូពេទ្យបានឲ្យដឹងថា មានមនុស្សជាង៥០នាក់បានស្លាប់នៅក្នុងក្រុង Aden កាលពី២៤ម៉ោងមុននេះ។
កងយន្តហោះចម្បាំងនៃក្រុមចម្រុះក៏បានធ្វើការវាយប្រហារតាមអាកាសក្នុងរដ្ឋធានី Sana'a ត្រូវចំទីស្នាក់ការសន្តិសុខធំមួយនិងអាគារយោធាមួយទៀតដែលពួកឧទ្ទាមប្រើប្រាស់។
នៅពេលជាមួយគ្នានេះ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមបាននិយាយថា ពួកគេបរាជ័យក្នុងការផ្តល់ឱសថនិងបរិក្ខារពេទ្យរាប់តោននៅក្នុងប្រទេសយេម៉ែន៕