ភាព​ច្បាស់​ការ​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​មីយ៉ាន់ម៉ា​ភាគ​ខាង​ជើង​បាត់​បង់​ដោយ​សារ​ភាព​មិន​ប្រាកដ​នៃ​ជម្លោះ

  • Steve Herman

ក្រុម​បុគ្គលិក​កាកបាទក្រហម​មីយ៉ាន់ម៉ា​ លើក​អ្នក​របួស​ពីការ​វាយ​ប្រហាគ្នា​រវាង​កង​កម្លាំង​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​ នៅតំបន់​​ Kokang ​ក្នុង​រដ្ឋ​ Shan ភាគ​ឦសាន​នៃទីក្រុង​យ៉ាងគូន កាល​ពីថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក​ ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ភាគ​ខាង​ជើង​ក្បែរ​ព្រំដែន​ប្រទេស​ចិន​ ដែល​បាន​បង្ខំ​ឲ្យ​មនុស្ស​រហូត​ដល់​ទៅ​ដប់​ម៉ឺននាក់​ត្រូវ​រត់​ភៀសខ្លួន។​ កង​ទ័ព​មីយ៉ាន់ម៉ា​កំពុង​វាយ​ប្រយុទ្ធ​តទល់​ក្រុម​ឧទ្ទាម​អំបូរ​ចិន​ ដឹក​នាំ​ដោយ​លោក​ Peng​ Jiasheng​ អាយុ​៨៤​ឆ្នាំ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ក្រៅ​ច្បាប់។​ ក៏​ប៉ុន្តែ​ ការ​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​អំពីគោលបំណង​របស់​ក្រុម​ឧទ្ទាម​និង​ការវិវត្តន៍​នៅ​លើ​ដី​(សមរភូមិ)​ នៅ​តែ​មាន​ការ​ពិបាក។

អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ប្រទេស​មីយ៉ាន់ម៉ា​ភាគ​ខាង​ជើង​គឺ​ជា​កន្លែង​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​ម្តង​ម្កាល​រវាង​ពួក​ឧទ្ទាម​និង​កង​កម្លាំង​របស់​រដ្ឋាភិបាល។​ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជុំ​ចុង​ក្រោយ​នេះ​ មេ​ដឹកនាំ​ក្រុម​ឧទ្ទាម​ចិន​ លោក​ Peng​ Jiasheng​ កំពុង​តែ​ព្យាយាម​ដណ្តើម​យក​ការ​គ្រប់​គ្រង​តំបន់​ស្វ័យ័ត​ Kokang ​ ជា​កន្លែង​ដែល​លោក​ធ្លាប់​បាន​គ្រប់​គ្រង​រហូត​មក​ដល់​ឆ្នាំ​២០០៩។​

ក្នុង​អំឡុង​ពេល​នៃ​ការ​វាយ​ប្រហារ​ លោក​បាន​ធ្វើ​ការ​ងារ​ដើម្បី​យក​ឈ្នះ​លើ​មតិ​សាធារណៈ​ក្នុង​ប្រទេស​ចិន​ ដោយ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​បណ្តាញ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​ដោយ​រដ្ឋ។​ នៅ​ក្នុង​បទ​សម្ភាសន៍​នោះ​ លោក​និយាយ​អំពី​វិធី​ដែល​លោក​បាន​អនុវត្ត​ដើម្បី​បញ្ចប់​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​នៅ​ក្នុង​តំបន់​នៅ​ខណៈ​ដែល​លោក​នៅ​កាន់​អំណាច ​ហើយ​លោក​បាន​បង្កើន​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច។​

លោក​ Peng ​មាន​និយាយ​ថា​ ឥឡូវ​នេះ​ លោក​កំពុង​ប្រយុទ្ធ​ទាមទារ​សិទ្ធិ​និង​ស្វ័យភាព​នៅ​ក្នុង​តំបន់​ ហើយ​បាន​អះអាង​ថា​ ចាប់​តាំង​ពី​លោក​បាន​ចាក​ចេញ​ពី​តំបន់​នោះ​មក​ ការ​ជួញ​ដូរ​ថ្នាំ​ញៀន​បាន​កើត​មាន​ឡើង​វិញ​ ហើយ​ថា​តំបន់ ​Kokang ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ក្រុម​កុលសម្ព័ន្ធ​ចិន​ទៀត​ឡើយ។

ការ​ពន្យល់​របស់​លោក​ Peng ​ដែល​ថា​ខ្លួន​ជា​អ្នក​ការពារ​នៃ​ក្រុម​កុលសម្ព័ន្ធ​ចិន​និង​ជា​អ្នក​គ្រប់​គ្រង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​នៃ​តំបន់ ​Kokang ​គឺផ្ទុយ​គ្នា​ពី​ការ​វាយ​តម្លៃ​របស់​សហរដ្ន​អាមេរិក​អំពី​រូប​លោក។

សារ​ទូរលេខ​មួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០០៩​ ដែល​ត្រូវ​បាន​បែក​ធ្លាយ​ដោយ​វេបសាយ​ Wikileaks ​បាន​ពណ៌នា​អំពី​លោក​ Peng ​និង​ក្រុម​គ្រួ​សារថា​ជា​ជន​ជួញ​ដូរ​ថ្នាំញៀន​ដ៏​ល្បី​ឈ្មោះ។​ សារ​ទូរលេខ​នោះ​បាន​ឲ្យ​ដឹង​ថា​ ទីភ្នាក់ងារ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ថ្នាំញៀន​របស់​សហរដ្ឋ​អាមេរិក​បាន​ដាក់​បញ្ចូល​រូប​លោក​ទៅ​ក្នុង​បញ្ជី​អ្នក​ជួញដូរ​ថ្នាំញៀន​ដ៏​សំខាន់​ម្នាក់តាំង​ពី​ប្រហែល​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៧០។

លោក​ Liang​ Jinyun​ សាស្ត្រាចារ្យ​នៅ​បណ្ឌិតសភា​នៃ​មន្ត្រី​ប៉ូលិស​ខេត្ត​យូណាន​ (Yunnan​ Police​ Officer​ Academy)​ មាន​ប្រសាសន៍​ថា​ លោក​ Peng ​ក៏​នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​នៃ​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន​ជាង​៣០​នាក់​ដែល​ល្បី​ឈ្មោះ​ ហើយ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ចិន។​ ក៏​ប៉ុន្តែ​ លោក​បាន​បន្ថែម​ថា​ វា​ក៏​ជា​ការពិត​ដែល​ថា​ លោក​ Peng ​បាន​ព្យាយាម​កម្រិត​ការ​នាំ​ចេញ​ថ្នាំ​ញៀន​ពី​តំបន់​នោះ​ដែរ។

លោក​ Liang​ មាន​ប្រសាសន៍​ថា៖​ «លោក​ Peng​ ត្រូវ​តែ​គាំទ្រ​ដើម្បី​ដាក់​តំបន់​នោះ​ជា​កន្លែង​គ្មាន​ថ្នាំ​ញៀន​ ពីព្រោះ​បើ​សិន​ជា​លោក​មិន​ធ្វើ​ដូច្នោះ​ទេ​ រដ្នាភិបាល​មីយ៉ាន់ម៉ា​ អង្គការ​សហប្រជាជាតិ​ ហើយ​សូម្បីតែ​ប្រទេស​ចិន​ នឹង​ចាប់​ផ្តើម​មាន​ការ​ចាប់​ផ្តើម​ជ្រៀត​ជ្រែក​នៅ​ក្នុង​កិច្ចការ​របស់​តំបន់​ Kokang។​ លោក​ Liang ថ្លែង​ថា​ ទោះបីជា​មាន​ការ​ហាម​ឃាត់​ក៏​ដោយ​ ក៏​លោក​ Peng ​គ្មាន​លទ្ធភាព​ក្នុង​ការ​បំបាត់​ថ្នាំញៀន​ទាំង​ស្រុង​ក្នុង​តំបន់​នោះ​ទេ។»

លោក​ Liang ​ បាន​បន្ថែម​ថា​ ការ​វិល​ត្រឡប់​របស់​លោក​ Peng ​ទៅ​កាន់​តំបន់​ Kokang ​ដោយ​បាន​នាំ​ទៅ​ជាមួយ​នូវ​យុទ្ធជន​ឧទ្ទាម​មួយ​ក្រុម​ដែល​មាន​ឈ្មោះ​ថា​ «កងកម្លាំ​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ​មីយ៉ាន់ម៉ា» ​(MNDAA)​ ហាក់​ដូចជា​ដើម្បី​តែ​ទាមទារ​អំណាច​មក​វិញ ​ជាជាង​មាន​ការ​ជាប់​ទាក់​ទង​ដ៏​ជាក់លាក់​ណា​មួយ​ទៅ​នឹង​ការ​ជួញ​ដូរ​ថ្នាំញៀន។​

ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ Kokang ​កើត​មាន​ឡើង​នៅ​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ កំពុង​ធ្វើ​ការយ៉ាង​ស្វាហាប់​ដើម្បី​ទទួល​បាន​ដំណោះស្រាយសន្តិភាព​ជាមួយ​ក្រុម​អំបូរ​ភាគ​តិច​របស់​ខ្លួន​ទាំង​អស់​នៅ​មុនការ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​ Liang ​បាន​មាន​ប្រសាសន៍​ថា​៖ «នៅ​មុន​ពេល​ការ​បោះឆ្នោត​មក​ដល់​ លោក​ Peng ​ប្រហែល​អាច​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ឈ្មោះ​ជា​ប្រមុខ​ដឹកនាំ​ក្នុង​តំបន់​នេះ​ម្តង​ទៀត​ ហើយ​ទាមទារ​កៅអី​នៅ​ក្នុង​រដ្ឋសភា​របស់​រដ្ឋាភិបាល។»​

លោក​ Liang ​បន្ថែម​ថា​ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ លោក​មាន​ការ​សង្ស័យ​ថា​លោក ​Peng​ ប្រហែល​ជា​មិន​អាច​សម្រេច​គោលដៅ​នេះ​បាន​ទេ។​ លោក​ Peng​ បាន​ព្យាយាម​ទាញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចូល​ក្នុង​ជម្លោះ​នោះ​ ដោយលើក​តម្កើងទំនាក់​ទំនង​របស់​លោក​ជាមួយ​ចិន​ ព្រម​ទាំង​រំលឹក​ថា​ តំបន់​ Kokang ​ធ្លាប់​ជា​ផ្នែក​មួយ​របស់​ចិន​ជាដើម។​

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ខ្លួន​នឹង​មិន​អត់​អោន​ចំពោះ​ការ​គាំទ្រ​ណា​មួយ​ដល់​ការ​វាយ​ប្រហារ​ចេញ​ពី​ប្រទេស​ចិន​ឡើយ។​ តែ​ទោះ​ជា​យ៉ាងណា​ ការ​ដែល​លោក​ Peng ​បាន​ហៅ​រក​ការ​គាំ​ទ្រ​ពី​រដ្ឋាភិបាល​ចិន​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​បណ្តា​អ្នក​សរសេរ​ប្លក​ (blogger)​ នៅ​ក្នុង​ អ៊ិនធឺណិត​ដែល​មាន​គំនិត​ជាតិនិយម។​ អ្នក​ខ្លះ​បាន​ហៅ​ឲ្យ​រដ្ឋាភិបាល​ចិន​ទាមទារ​ទឹក​ដី​នោះ​មក​វិញ។​ មន្រ្តី​មីយ៉ាន់ម៉ា​បាន​ត្អូញ​ត្អែ​ថា​ មាន​ភស្តុតាង​បញ្ជាក់​ថា​ លោក​ (Peng) ​និង​ពួក​យុទ្ធជន​របស់​លោក​កំពុង​ទទួល​បាន​ស្បៀង​អាហារ​ សព្វាវុធ​ និង​ការ​ថែទាំ​សុខភាព​ពី​អ្នក​ដែល​មាន​សមានចិត្ត​ជាមួយ​ក្រុម​នោះ​ ឆ្លង​ព្រំដែន។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​ បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ប្រទេស​ចិន​ មាន​ពោរពេញ​ទៅ​ដោយ​រូបថត​ជាក់​ស្តែង​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រយុទ្ធ​គ្នា​ និង​រូបថត​អ្នក​រស់​នៅ​តំបន់​ Kokang ​អំបូរ​ចិន​ដែល​គេ​សង្ស័យ​ថា​ត្រូវ​បាន​សម្លាប់​ដោយ​យោធា​មីយ៉ាន់ម៉ា។​

ហើយ​នៅ​ដើម​សប្តាហ៍​នេះ​ រូបថត​ជាង​១២​សន្លឹក​ដែល​ទំនង​ជា​ថត​នៅ​ក្នុង​តំបន់​ Kokang ​បង្ហាញ​ឲ្យ​ឃើញ​ថា​ សាក​សព​មនុស្ស​ក្មេងៗ​ទាំងនោះ​ ដែល​ខ្លះ​មាន​ខ្សែ​ពួរ​នៅ​ជាប់​នឹង​ក​ ហើយ​ដៃ​របស់​ពួក​គេ​ត្រូវ​បាន​ចង​ស្លាប​សេក​(ទៅ​ខាង​ក្រោយ​ខ្នង)។​ អ្នក​ដែល​មាន​សមាន​ចិត្ត​ជាមួយ​ពួក​ឧទ្ទាម​បាន​និយាយ​ថា​ ជន​ទាំង​នេះ​ត្រូវ​បាន​សម្លាប់​ដោយ​យោធា​មីយ៉ាន់ម៉ា​ ក៏ប៉ុន្តែ​គេ​មិន​ទាន់​មាន​មធ្យោបាយ​ផ្ទៀង​ផ្ទាត់​ថា​ ការ​អះអាង​នោះ​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ។​

រូបថត​អំពី​ការ​រង​គ្រោះ​ដូច្នេះ​ បាន​ជួយ​បញ្ឆេះ​កំហឹង​នៅ​ក្នុង​ប្រទេស​ចិន​ហើយ​មាន​ការ​ទាមទារ​ឲ្យ​ជួយ​សង្គ្រោះ​នូវ​អ្វី​ដែល​អ្នក​អត្ថាធិប្បាយ​តាម​អ៊ិនធឺណិត​និយាយ​ថា​ ជា​បងប្អូន​ជន​ជាតិ​ចិន។​

លោក​ Min​ Zaw​ Oo​ ជា​នាយក​នៃ​មជ្ឈមណ្ឌល​សន្តិភាព​មីយ៉ាន់ម៉ា​នៅ​ទីក្រុង​យ៉ាង​គូន ​(Yangon)​ ហើយ​លោក​បាន​តាម​ដាន​ជម្លោះ​នេះ​យ៉ាង​ដិត​ដល់។​

លោក​មាន​ប្រសាសន៍​ថា៖​ «នៅខណៈ​នេះ​ នៅ​តែ​មាន​ពាក្យ​ចចាម​អារាម​ជា​ច្រើន​ ហើយ​នៅ​តែ​មាន​ភាព​មិន​ច្បាស់​លាស់​នៃ​សង្គ្រាម។»​

មាន​ព្រឹត្តិការណ៍​មួយ​ទៀត​ដែល​មាន​ភាព​ស្រពិច​ស្រពិល​ក្នុង​អាថ៌កំបាំង​នៅ​ឡើយ​ គឺ​ការ​វាយ​ប្រហារ​កាល​ពី​ថ្មីៗ​នេះ​ទៅ​លើ​ក្បួន​រថយន្ត​របស់​កាកបាទ​ក្រហម​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​រង​របួស។​ កាកបាទ​ក្រហម​ភូមា​និយាយ​ថា​ កង​កម្លាំង​ពួក​ឧទ្ទាម​ជា​អ្នក​ធ្វើការ​វាយ​ប្រហារ។​ ក៏ប៉ុន្តែ​ ពួក​ឧទ្ទាម​និយាយ​ថា​ គឺ​ពួក​កងទ័ព​ភូមា​ទេ​ជា​អ្នក​វាយ​ប្រហារ​នោះ។​

លោក​ Min ​មាន​ប្រសាសន៍​ថា​ ពួក​ឧទ្ទាម​ហាក់​ដូច​ជា​ទទួល​បរាជ័យ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដំបូង​របស់​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋធានី​ Laogai​ នៃ​តំបន់​ Kokang​ ហើយ​ថា​ ក្រុម​ឧទ្ទាម​អំបូរ ​Kokang ​និង​អាច​មាន​យុទ្ធជន​នៃ​អំបូរ​ផ្សេង​ទៀត​ ត្រូវ​បាន​វាយ​ខ្ទប់​ជាប់​នៅ​ក្នុង​ទី​តាំង​មួយ​នៅ​ជិត​ព្រំដែនចិន។​ លោក​ Min​ បាន​និយាយ​យ៉ាង​ដូច្នេះ៖​

«ក៏ប៉ុន្តែ​ នៅ​ភាគ​ខាង​ត្បូង​នៃ​ការ​វាយ​ប្រយុទ្ធ​ដើម្បី​យក​ទីក្រុង​ Laogai ​ កង​កម្លាំង​របស់​ពួក​គេ​បាន​គ្រប់​គ្រង​តំបន់​នោះ​ ហើយ​មាន​ចលនា​វាយ​ប្រហារ​តាម​បែប​វាយ​ឆ្មក់​ជាច្រើន​ករណី​បាន​កើត​ឡើង។ នៅ​ពេល​យប់​ ពួក​គេ​បាន​ចូល​មក​ក្នុង​តំបន់​ Laogai ​ ដោយ​ជិះ​រថយន្ត​មាន​ផ្ទុក​ទៅ​ដោយ​សព្វាវុធ​ធុន​ធ្ងន់​ ហើយ​នៅ​ពេល​ព្រឹក​ ឬ​ពេល​យប់​ ពួក​គេ​បាញ់​ផ្តក់​លើ​ចំណុច​គោលដៅ​ក្នុង​ទីក្រុង​ Laogai​ បន្ទាប់​មក​ ពួក​គេ​លើក​អាវុធ​ទាំង​នោះ​ដាក់​ឡាន​តូច​ហើយ​ត្រឡប់​ទៅ​វិញ។»​

លោក​ Min ​មាន​ប្រសាសន៍​ថា​ តាម​ការ​ព្យាករណ៍​ ការ​ប្រយុទ្ធ​គ្នា​ទំនង​ជា​បន្ត​ពីរ​បី​សប្តាហ៍​ទៀត​ ប៉ុន្តែ​មិន​អាច​យូរ​ដល់​រាប់​ខែ​នោះ​ទេ៕

ប្រែសម្រួលដោយ នៀម ឆេង