អង្គការ​សង្គម​ស៊ីវិល​រំឭក​ខួប​១០​ឆ្នាំ​នៃ​ការ​ស្លាប់​សកម្មជន​ព្រៃ​ឈើ​លោក​ ឈុត វុទ្ធី

ក្រុម​សង្គម​ស៊ីវិល​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិសកុសល​ដល់​សកម្មជន​ព្រៃឈើ​ លោក ឈុត វុទ្ធី នៅ​ការិយាល័យ​ផ្ទះសាមគ្គី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

​មុន​មួយ​ថ្ងៃ​នៃ​ខួប​១០​ឆ្នាំ​នៃ​មរណភាព​របស់​សកម្ម​ជន​ព្រៃឈើ​លេច​ធ្លោ​ម្នាក់​គឺ​លោក​ ឈុត​ វុទ្ធី ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​សកម្ម​ជន​រូប​នោះ​ដើម្បី​រំឭក​វីរភាព ​និង​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ និង​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ឃាត​កម្ម​នេះ​ ដោយ​ហេតុថា​ របាយ​ការណ៍​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ដែល​ធ្វើ​ឡើង​កន្លង​មក​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​គឺ​មិន​ច្បាស់​លាស់​ និង​មិន​អាច​ទទួល​យក​បាន​ទេ។​ ​

ពិធី​បុណ្យ​ខាង​លើ​ត្រូវ​បាន​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​នៅ​ការិយាល័យ​ផ្ទះ​សាមគ្គី​ ក្នុង​រាជធានី​ភ្នំពេញ ​ ដោយ​មានសមាគម​បណ្តាញ​យុវជន​កម្ពុជា ​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សមាគម​និស្សិត​បញ្ញ​វន្ត​ខ្មែរ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត ​ព្រម​ទាំង​យុវជន​ជាង​៤០​នាក់​ចូលរួម។ ​ដំណាល​គ្នា​នឹង​ការ​រៀបចំ​ពិធី​បុណ្យ​នេះ​ ​ គេ​ក៏​សង្កេត​ឃើញ​មនុស្ស​មួយ​ក្រុម​ដែល​ស្លៀក​ពាក់​ស៊ីវិល​អង្គុយ​នៅ​ជិត​ទីតាំង​ការិយាល័យ​ផ្ទះ​សាមគ្គី​នៅ​ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ។​

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា ​(CYN) ​លោក ​អ៊ុល វ៉ាន់ ​និយាយ​នៅ​ក្នុង​ពិធី​ជួបជុំ​បង្សុកូល​នោះ​ថា ​ ​ការ​ប្រារព្ធ​ពិធី​បង្សុកូល​នេះ​ឡើង​គឺ​ដើម្បី​រំឭក​ដល់​វីរ​ភាព​លោក ​ឈុត​ វុទ្ធី​ និង​ទាម​ទារ​ឱ្យ​មាន​ការ​ផ្តល់​យុត្តិ​ធម៌​ដល់​រូប​លោក ​និង​គ្រួ​សារ។​

លោក​លើក​ឡើង​ថា៖ ​«យើង​ចង់​យក​ឱកាស​នេះ​ដើម្បី​ជួប​ជុំ​គ្នា​ ហើយ​យើង​ថ្លែង​សារ។ ​យើង​ទាមទារ​នូវ​យុត្តិធម៌។ ​ហើយ​នៅ​ថ្ងៃ​ស្អែក​ យើង​នឹង​មាន​កម្មវិធី​មួយ​ទៀត។​ យើង​នឹក​យក​លិខិត​ចំហ​ និង​សេចក្តី​ថ្លែង​ការណ៍​រួម​ទៅ​ដាក់​នៅ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​បង្ហាញ​គោល​ជំហរ​របស់​យើង​ក្នុង​នាម​ជា​សង្គម​ស៊ីវិល ក្នុង​នាម​ជា​យុវជន​ថា​ យើង​នៅតែ​ចងចាំ​នូវ​វីរភាព​របស់​លោក​ ឈុត វុទ្ធី​ ហើយ​យើង​នៅ​តែ​បន្ត​គោល​ជំហរ​ទាម​ទារ​យុត្តិធម៌​ទាមទារ​ភាព​ត្រឹមត្រូវ​សម្រាប់​លោក ​ឈុត វុទ្ធី​ក៏​ដូចជា​គ្រួសារ​របស់​លោក​ទៅ​ដល់​រដ្ឋាភិបាល។ ​ហើយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើប​អង្កេត​ ប្រកប​ដោយ​តម្លាភាព​ និង​គណនេយ្យ​ភាព​ដើម្បី​បង្ហាញ​នូវ​យុត្តិធម៌​ទៅ​ដល់​សាធារណ​ជន​ ក៏​ដូច​ជា​លោក ​ឈុត​ វុទ្ធី​ផ្ទាល់»។

ក្រុម​សង្គម​ស៊ីវិល​ចូលរួម​ក្នុង​ពិធី​បង្សុកូល​ឧទ្ទិសកុសល​ដល់​សកម្មជន​ព្រៃឈើ​ លោក ឈុត វុទ្ធី នៅ​ការិយាល័យ​ផ្ទះសាមគ្គី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

លោក​បាន​កត់​សម្គាល់​ថា ​ តាំង​ពី​មាន​ការ​បាញ់​សម្លាប់​លោក ​ឈុត វុទ្ធី​ មក ​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន។​ មិន​តែ​ប៉ុណ្ណោះ​ លោក​ថា ​ប្រជា​សហគមន៍​ព្រៃឈើ​ និង​ប្រជា​ពលរដ្ឋ ​គឺ​ត្រូវ​បាន​អាជ្ញាធរ​រឹត​ត្បិត​មិន​ឱ្យ​ចូល​ល្បាត​ការពារ​ព្រៃឈើ​នោះ​ទេ។​

ចំណែក​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​អំ សំអាត ​ថ្លែង​ថា ករណី​លោក ​ឈុត​ វុទ្ធី​ មិន​ទាន់​មាន​ភាព​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ​ទេ ​ដោយ​លោក​ថា​ របាយ​ការណ៍​នៃ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​ គឺ​មាន​ការ​ប្រែប្រួល ​និង​មិន​មាន​ភាព​ប្រទាក់​ក្រឡា​នឹង​សាច់​រឿង​នៃ​ការ​បាញ់​សម្លាប់​លោក ​ឈុត​ វុទ្ធី ​ទាល់​តែ​សោះ។ ​លោក​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ដោយ​តម្លាភាព ​យុត្តិធម៌ ​និង​ស្វែង​រក​ការណ៍​ពិត​ ជាពិសេស​រឿង​រ៉ាវ​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​នេះ ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​លោក ​ឈុត វុទ្ធី ​និង​ប្រជា​ពលរដ្ឋ​ដែល​ស្រឡាញ់​លោក​ ឈុត វុទ្ធី។​

លោក​ អំ សំអាត​ បាន​ពន្យល់​អំពី​ភាព​ប្រែប្រួល​នូវ​របាយ​ការណ៍​របស់​អាជ្ញាធរ​លើ​ឃាត​កម្ម​លោក ​ឈុត វុទ្ធី​ យ៉ាង​ដូច្នេះ​ថា៖

«របាយ​ការណ៍​ទី១ ​និង​ព័ត៌មាន​ទី១ ​ដែល​យើង​ទទួល​បាន​ពី​អាជ្ញាធរ​ គេ​ដាក់​បន្ទុក​លើ ​ឈុត វុទ្ធី​ ទៅ​ទៀត​ថា​ លោក ​ឈុត​ វុទ្ធី​មាន​កំាភ្លើង​ខ្លី ​ ហើយ​បាញ់​លើ​ PM ​[មន្ត្រី​អាវុធហត្ថ]​ហើយ​ស្លាប់។​ ហើយ​ពេល​បាញ់​គ្នា​ គឺ​បាញ់​ទៅ​បាញ់​មក​ លោក ​ឈុត វុទ្ធី​ ក៏​ស្លាប់ ​PM ​ក៏​ស្លាប់។​ ...​ចេញ​របាយ​ការណ៍​ទី២​ ព័ត៌មាន​ទី២​ ថា​ PM ​បាញ់​លោក ​ឈុត វុទ្ធី ​ដោយ​នៅ​ក្នុង​ឡាន ហើយ​បាញ់​គ្រាប់​ទី២​ត្រូវ​ឡាន​ ហើយ​ផ្លាត​ត្រូវ​ខ្លួន​ស្លាប់​ទៅ។​ វាសុទ្ធ​តែ​រឿង​អត់​សម​ទៅ​ទៀត។ ​ វា​សុទ្ធតែ​មិន​អាច​ទៅ​រួច»។​

លោក​បន្ថែម​ថា៖​«អ៊ីចឹង​របាយ​ការណ៍​ទី៣​ដែល​យើង​ទទួល​បាន​ថា​ PM ​ បាន​បាញ់​លើ​លោក ​ឈុត វុទ្ធី ​នៅ​ក្នុង​រថ​យន្ត​ស្លាប់​ ហើយ​មាន​សន្តិសុខ​ក្រុមហ៊ុន​មួយ​ ឈ្មោះ ​រ៉ាន់ បូរ័ត្ន ​ឃើញ​ក៏​រត់​ទៅ​ប្រតាយ​ប្រតប់​កុំ​ឱ្យ​បាញ់ ​ ហើយ​កំាភ្លើង​ក៏​រា​កៃ​ត្រូវ​PM ​ស្លាប់​ទៅ។​ អាហ្នឹង​កាន់​តែ​អត់​សម​ទៅ​ទៀត​ ដោយ​សារ​អី ​ គាត់​ជា​ PM ។​ គាត់​ជា​អ្នកជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់​កំាភ្លើង​ ហើយ​មិនមែន​ជា​កំាភ្លើង​ខ្លី​ទេ ​កំា​ភ្លើង​វែង។ យើង​ស្រមៃ​មើល​ថា​ តើ​ប្រតាយ​ប្រតប់​របៀប​ណា​ បាន​កាណុង​កាំភ្លើង​វិល​មក​ត្រូវ​ខ្លួន។ ​ចំណុច​ទាំង​អស់​នេះ ​ហើយ​ដែល​ជា​ចំណុច​សង្ស័យ​ ថា​ ភាព​យុត្តិ​ធម៌​របស់​លោក​ ឈុត វុទ្ធី​ គឺ​មិន​ត្រូវ​បាន​ទទួល​នៅ​ឡើយ​ទេ»។​

គួរ​បញ្ជាក់​ថា​ លោក ​ឈុត វុទ្ធី ​ដែល​ជា​អតីត​សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ខេត្ត​កោះ កុង​ កាលពី​ថ្ងៃទី​ ២៦​ ខែ​មេសា ​ឆ្នាំ ​២០១២​ នៅ​ពេល​ដែល​លោក​ចុះ​ស៊ើប​អង្កេត​និង​ថតរូប​សកម្ម​ភាព​បទ​ល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ពីរ​រូប​របស់​កាសែត​ The Cambodia Daily។​

បើ​តាម​របាយ​ការណ៍​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​ ​លោក ​ឈុត វុទ្ធី​ ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​ម្នាក់​គឺ​លោក ​អ៊ិន រតនា ​បាញ់​ស្លាប់ ​ បន្ទាប់​ពី​មាន​ជម្លោះ​ប្រកែក​គ្នា​រឿង​ដែល​កង​កម្លាំង​ចង​រឹប​អូស​អង្គ​ចងចាំ​នៃ​កាមេរ៉ា​ដែល​ក្រុម​លោក​បាន​ថត​នៅ​ឯ​ទីតាំង​របស់​ក្រុមហ៊ុន ​Timber Green ​ដែល​ទទួល​ការ​អនុញ្ញាត​ឱ្យ​កាប់​រានដី​ព្រៃ​ និង​ពង្រាប​បាតអាង ​សម្រាប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ឫស្សីជ្រុំ ​ភាគ​ខាង​ជើង​ខេត្ត​កោះកុង។​

មន្ត្រី​អាវុធហត្ថ​ឈ្មោះ​ ​អ៊ិន រតនា​ក៏​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ។​ អាជ្ញាធរ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្សេង​គ្នា ​មុន​នឹង​ចេញ​ការ​សន្និដ្ឋាន​ចុង​ក្រោយ​ថា​ សន្តិសុខ​ម្នាក់​របស់​ក្រុមហ៊ុន ​Timber Green​ ឈ្មោះ ​រ៉ាន់ បូរ័ត្ន ​បាន​ទៅ​ដណ្ដើម​កាំភ្លើង​ពី​មន្ត្រី​អាវុធហត្ថ ​អ៊ិន រតនា ​រហូត​រាល​កៃ​បណ្ដាល​ឱ្យ​ស្លាប់​មន្ត្រី​អាវុធហត្ថ​រូប​នេះ។​

ក្រៅ​ពី​តុលាការ​កាត់​ទោស​ឈ្មោះ ​រ៉ាន់ បូរ័ត្ន ​ពី​បទ​«មនុស្ស​ឃាត​ដោយ​អចេតនា» ​ មិន​មាន​ជន​ណា​ផ្សេង​ទៀត​ត្រូវ​បាន​ស៊ើប​អង្កេត​ និង​នាំ​យក​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ។ ​សំណុំ​រឿង​បាញ់​ប្រហារ​នេះ​ក៏​ត្រូវ​បាន​បិទ​បញ្ចប់​តាំង​ពី​ចុង​ឆ្នាំ​២០១២​មក។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ដំណើរ​ការ​ស៊ើប​អង្កេត​ឃាតកម្ម​លោក​ ឈុត​ វុទ្ធី​ បាន​បិទ​បញ្ចប់​ទៅ​ហើយ​ ដូច្នេះ​លោក​ថា​ មិនមាន​ហេតុផល​ណា​ ដែល​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ត្រូវ​បន្ត​ធ្វើការ​លើ​សំណុំ​រឿង​នេះ​ទៀត​ទេ។​

«ដូច​ជា​មិន​មាន​អ្វី​ឆ្លើយ​តប​ទេ​ ក្មួយ។ ​យើង​បាន​រៀបចំ​ចប់​សព្វ​គ្រប់​អស់​ហើយ​តាម​នីតិវិធី​របស់​តុលាការ​រួច​រាល់​អស់​ហើយ​ដែរ»។​

យ៉ាងណា​ក៏​ដោយ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នកស្រី ​ចក់ សុភាព​ទាម​ទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ដើម្បី​ស្វែង​រក​ការណ៍​ពិត​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ ឈុត វុទ្ធី។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«រឿង​នេះ​ជារឿង​មួយ​ដែល​មក​ដល់​ពេល​នេះ ​សម្រាប់​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​បន្ត​ក្នុង​ការ​ទាម​ទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ ដោយ​យុត្តិធម៌​ ដោយ​ច្បាស់​លាស់ ​និង​ផ្តល់​នូវ​យុត្តិធម៌​ដល់​លោក ​ឈុត វុទ្ធី​ ដែល​បាន​បាត់បង់​ជីវិត​ទៅ ​ហើយ​ ​ហើយ​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ ដើម្បី​ទទួល​បាន​នូវ​សិទ្ធិ​ដឹង​ឮ​នូវ​ការណ៍​ពិត​ ហើយ​សម្រាប់​យើង​ទាំងអស់​គ្នា​ជា​សាធារណជន​អាច​ដឹង​នូវ​រឿងរ៉ាវ​ការណ៍​ពិត​ជុំវិញ​ឃាត​កម្ម​របស់​គាត់»។​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក​ នី សុខា ​លើក​ឡើង ​ថា ​លោក ​ឈុត វុទ្ធី ​និង​វីរជន​ផ្សេង​ទៀត​បាន​ពលី​ជីវិត​ ដើម្បី​ការពារ​ព្រៃឈើ ​ធនធាន​ធម្មជាតិ ​និង​ការងារ​សង្គម។​ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​សង្គម​កម្ពុជា​មាន​យុត្តិធម៌​ និង​ស្វែង​រក​យុត្តិធម៌​ ដោយ​តម្លាភាព​ក្នុង​ករណី​នេះ។​ លោក​បន្ត​ថា​ ការ​គំរាម​កំហែង​ គឺ​មិន​អាច​បញ្ឈប់​សកម្ម​ភាព​របស់​ប្រជា​ពលរដ្ឋ ​និង ​សកម្ម​ជន​សង្គម​បាន​ទេ។​

លោក​និយាយ​ថា៖ ​«ខ្ញុំ​គ្រាន់​តែ​ផ្ញើ​សារ​ខ្លះ​ជូន​ទៅ​អ្នក​ប៉ុនប៉ង ​យាយី ​ ការ​គំរាម​កំហែង​ទៅ​លើ​សកម្ម​ជន​ព្រៃឈើ​ក៏​ដោយ​ បរិស្ថាន​ក៏​ដោយ​ សិទ្ធិ​មនុស្ស​ក៏​ដោយ សកម្មជន​សង្គម​ក៏​ដោយ​ ខ្ញុំ​គិត​ថា​...​យើង​កុំ​គិត​ថាវា​ជា​ការ​គំរាម​កំហែង​ ការ​សម្លុត​ទាំង​អស់​ហ្នឹង​ធ្វើ​ឱ្យ​មនុស្ស​[បាក់ស្បាត]​...​ ​ឬ​ក៏​ឈប់​មក​ធ្វើ​សកម្ម​ភាព​ទាំង​អស់​ហ្នឹង​គឺ​អត់​ទេ។​ នៅពេល​ណា​ដែល​យើង​មើល​ឃើញ​ទាំងអស់​ហ្នឹង​ថា​ ជា​រឿង​អ​យុត្តិ​ធម៌​ ខ្ញុំ​គិត​ថា​ សង្គម​អត់​អាច​បញ្ឈប់​បាន​ទេ»។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ជិន ម៉ាលីន​ ប្រតិកម្ម​ថា​ សង្គម​ស៊ីវិល​កំពុង​ដើរ​តួនាទី​ធំ​ជាង​ស្ថាប័ន​យុត្តិធម៌។​

លោក​ថ្លែង​ថា៖ ​«ពួក​គាត់​ធំ​ជាង​សមត្ថ​កិច្ច​ ធំ​ជាង​តុលាការ ​ ហើយ​អាច​ស្រាវជ្រាវ​ច្បាស់​ជាង​តុលាការ។ ​ឱ្យគាត់​ផ្តល់​ឱ្យ​មក!​ ពីព្រោះ​អ្វី​ដែល​សមត្ថកិច្ច​ស្រាវជ្រាវ​មាន​ប៉ុណ្ណឹង​ ហើយ​ផ្អែក​លើ​មូលដ្ឋាន​ផ្លូវ​ច្បាប់ ​ អង្គហេតុ ​ឈាន​ទៅ​ដល់​ការ​ផ្តន្ទាទោស។​ អាហ្នឹង​ជា​អ្វី​ដែល​សមត្ថកិច្ច​រក​ឃើញ។ ​ ហើយ​អ្វី​ដែល​ពួក​គាត់​យល់​ថា​ អាហ្នឹង​រក​មិន​ប្រទាក់​ក្រឡា​ អត់ស៊ី​សង្វាក់​គ្នា ​ អត់​ត្រូវ​ ឱ្យ​គាត់​បង្ហាញ​អ្វី​ដែល​គាត់​លើក​ឡើង​ហ្នឹង​មក​ដែល​ផ្ទុយ​នឹង​អ្វី​ដែល​សមត្ថ​កិច្ច​លើក​ឡើង​នេះ។​ ហើយ​កន្លង​មក​វា​អត់​ឃើញ!បាន​តែ​ថា! ​ អត់​ឃើញ​មាន​បង្ហាញ​អ្វី​សោះ ​ ហើយ​អ៊ីចឹង​ឱ្យ​គេ​ទៅ​រក​យុត្តិធម៌​តាម​ការ​នឹក​ឃើញ​ តាម​អារម្មណ៍​ម៉េច​បាន...»។​

លោក​ ឈុត វុទ្ធី​ មិន​មែន​ជា​ជន​រងគ្រោះ​តែ​ម្នាក់​គត់​ពី​ការ​វាយ​ប្រហារ​របស់​ជន​ល្មើស​កាប់ព្រៃ​ខុស​ច្បាប់​នោះ​ឡើយ។ ​ សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ឯ​ទៀតៗ​ រួម​ទាំង​ មន្ត្រី​ឧទ្យានុរក្ស​តែង​តែ​ត្រូវ​បាន​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ផង​ដែរ​ក្នុង​ពេល​បំពេញ​ការងារ​កន្លង​មក៕