ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឃាតកម្ម​ឈុតវុទ្ធី​ចប់​ត្រឹម​ដាក់​គុក​ឃាតករ​សម្លាប់​ប៉េអឹម​តែ​៦​ខែ​


លោក​ឈុត វុទ្ធី​
លោក​ឈុត វុទ្ធី​

ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ដោយ​ទទូច​ចាប់​ខ្លួន​ឃាត​ករ​ពិតប្រាកដ​ទៅ​ផ្តន្ទាទោស។​

រាជ​ធានី​ភ្នំពេញ៖ តុលាការ​ខេត្ត​កោះ​កុង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្រេច​ផ្តន្ទាទោស​លោក​រ៉ាន់ បូរ័ត្ន​មន្ត្រី​សន្តិ​សុខ​ក្រុម​ហ៊ុន​Timber Green​ឱ្យជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ក៏​ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈតែ​៦​ខែ​ប៉ុណ្ណោះ​ទោស​ក្រៅ​ពី​នោះ​ត្រូវ​ព្យួរ។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​តុលាការ​និង​មន្ត្រី​សិទ្ធិ​មនុស្ស។​

លោក​ខាំ សុផារី​ ចៅ​ក្រម​នៃ​តុលាការ​ខេត្ត​បាន​ប្រាប់​VOA​ តាម​ទូរស័ព្ទ​តែ​មិន​អនុញ្ញាត​ឱ្យ​ថត​សំឡេង​ថាលោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀត​ទេ​អំ​ពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​តុលាការ​សម្រេច​វិនិច្ឆ័យ​ក្តី​យ៉ាង​ដូច្នេះ។​

ក៏ប៉ុន្តែ​បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​តុលាការ​បាន​សំអាង​ហេតុ​ផល​ថា​លោក​រ៉ាន់​ បូរ័ត្ន​មិន​មាន​អាវុធ​នៅ​ក្នុង​ដៃ​ហើយ​គោល​បំណង​ដែល​ទៅ​ដណ្តើម​កាំ​ភ្លើង​ពី​លោក​អ៊ិន​ រតនា​ដែល​បាន​បណ្តាល​ឱ្យ​រាល​កៃកាំភ្លើង​ស្លាប់​នោះ​គឺ​ក្នុង​គោល​បំណង​ដើម្បី​បញ្ឈប់​អំ​ពើ​ហិង្សា​តែ​ប៉ុណ្ណោះ។​

តុលាការ​ខេត្ត​កោះ​កុង​ពី​ថ្ងៃ​ទី​៤​ខែ​តុលា​កន្លង​ទៅ​នេះបាន​ចាប់​ផ្តើម​បើក​សវនាការ​ ជម្រះក្តី​រយៈពេល​មិន​ដល់​ពីរ​ម៉ោង​ប៉ុណ្ណោះ​ប្រឆាំង​ជំទាស់​នឹង​លោក​រ៉ាន់ បូរ័ត្ន មន្ត្រី​សន្តិ​សុខ​ក្រុម​ហ៊ុន​ Timber Green​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​លោក​អ៊ិន រតនា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ។​

លោក អ៊ិន រតនា​ ត្រូវ​បាន​បាញ់​សម្លាប់​ចំនួន​ពីរ​គ្រាប់​បន្ទាប់​ពី​លោក​ឈុត វុទ្ធី​ប្រធាន​អង្គការ​ការពារ​ធន​ធាន​ធម្មជាតិ​ត្រូវ​បាន​ឃាតករ​បាញ់​ សម្លាប់​កាល​ពី​ថ្ងៃទី២៦ ​ខែមេសា ​នៅ​ចំណុច​វាល៣ នៃ​ស្រុក​មណ្ឌល​សីមា ​ចម្ងាយ​ប្រមាណ​ជាង​៦០គីឡូ​ម៉ែត​ពី​ទី​រួម​ខេត្តកោះកុង។​

ឃាតកម្ម​កើត​ឡើង​ខណៈ​ដែល​លោក ឈុត វុទ្ធី​និង​អ្នក​យក​ព័ត៌មាន​ពីរ​នាក់​ផ្សេង​ទៀត​បាន​ស៊ើប​អង្កេត​ការ​កាប់​បំផ្លាញ​ ព្រៃឈើ​ខុស​ច្បាប់​នៅ​ទី​តាំង​ក្រុមហ៊ុន ​Timber Greenលើ​ជួរ​ភ្នំក្រវ៉ាញ។​

បន្ទាប់​ពីបាន​បើក​សវនាការ​តុលាការ​មាន​គម្រោងប្រកាស​សាល​ក្រម​កាល​ពី​ថ្ងៃ​ទី​៨​ខែ​តុលា​ក៏ប៉ុ​ន្តែ​ត្រូវ​បាន​ពន្យា​ពេល​ដោយ​សារ​សុខ​ភាព​លោក​ចៅ​ក្រម​មិន​អំណោយ​ផល។​

លោក​អំ សំ​អាត​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​បាន​និយាយ​ថា​លោ​ក​គ្មាន​ការ​ភ្ញាក់​ផ្អើល​ចំ​ពោះ​ការ​សម្រេច​របស់​តុលាការ​ទេ​ដោយ​សារ​លោក​ដឹង​ថា​តុលាការ​ប្រាកដ​ជា​វិនិច្ឆ័យ​ទោស​យ៉ា​ង​ដូច្នេះ។​

លោក​បាន​បញ្ជាក់​ថា​តុលាការ​ខេត្ត​កោះ​កុង​ធ្វើ​នេះ​ដើម្បី​បញ្ចប់​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ឃាត​កម្ម​ទៅ​លើ​លោក​ឈុត វុទ្ធី​តែ​ប៉ុណ្ណោះ។​

«​យើង​គិត​ថា​រឿង​នេះ​គឺ​ដើម្បី​បំបាត់​បាន​ន័យ​ថា​បញ្ចប់​ការ​ស៊ើប​អង្កេត​ទៅ​លើឃាតកម្ម​ទៅលើ​លោក​ឈុត​ វុទ្ធី​ហើយ​វា​ក៏​ជា​ការមួយនៃ​ការរលត់​បណ្តឹង​ឃាត​កម្ម​ទៅ​លើ​លោក​ឈុត​ វុទ្ធី​តែ​ប៉ុណ្ណោះ»។​

លោក​ឈើយ ឧត្តម​រស្មី​ កូន​ប្រុស​បង្កើត​របស់​លោក​ឈុត វុទ្ធី​បាន​និយាយ​ថា​ព្រលឹង​របស់​ឪ​ពុក​លោកនឹង​មិន​បាន​ស្ងប់​ទេ​នៅ​ពេល​ដែល​មិន​ទទួល​បាន​នូវ​យុត្តិធម៌។​
លោក​បាន​និយាយ​ថា​ក្រុម​គ្រួសារ​មាន​ការ​អន់​ចិត្ត​យ៉ាង​ខ្លាំង​មិន​ដឹង​ថា​ពេល​ណា​និង​រក​យុត្តិធម៌​ជូន​ឳ​ពុក​លោក​បាន។​

លោក​ឈើយ ឧត្តម​រស្មី​បញ្ជាក់​បន្ថែម​ថា៖
«តុលាការ​ជា​កន្លែង​កាត់​ក្តី​រក​យុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ​តែ​បើ​មិន​រក​យុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ​ទៀត​មិន​ដឹង​ជា​ទៅ​កន្លែង​ណា​។​មាន​ន័យ​ថា​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​គេ​អត់​គោរព​ទេ»។​
តុលាការ​ខេត្ត​កោះ​កុង​បាន​ទម្លាក់​ចោល​រឿង​ក្តី​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី​សកម្ម​ជន​ការ​ពារ​បរិស្ថាន​ដ៏​ល្បី​ល្បាញ​ដោយ​លើក​យក​តែ​រឿង​ក្តី​សន្តិ ​សុខ​តែ​មា្នក់​មក​ជំនុំ​ជម្រះ​តែ​ប៉ុណ្ណោះ។​
លោក​ឈុត វុទ្ធី​ប្រធាន​អង្គការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​ត្រូវ​បាន​ឃាត​ករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មេសា​នៅ​ខេត្ត​កោះ​កុង។​

ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ដោយ​ទទូច​ចាប់​ខ្លួន​ឃាត​ករ​ពិតប្រាកដ​ទៅ​ផ្តន្ទាទោស។​

អាជ្ញាធរ​ចម្រុះ​របស់​រដ្ឋា​ភិបាលបាន​ដឹកនាំ​ការ​ស៊ើប​អង្កេត​រយៈពេល​មិន​ដល់​មួយសប្តាហ៍​តែ​ប៉ុណ្ណោះ​ ហើយ​បាន​សន្មត់​យ៉ាង​តក់​ក្រហល់ថា ​ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី ​គឺ​ជា​កង​រាជ​អាវុធហត្ថ ​ហើយ​ត្រូវបានសង្ស័យ​ថា ​ បាន​ស្លាប់​ដោយសាររាល​កៃ​កាំភ្លើង​នៅ​ពេល​ដែល​កង​សន្តិសុខ​ម្នាក់​របស់​ ក្រុម​ហ៊ុន​Timber Greenចូល​ទៅ​ឃាត់​រូប​គាត់៕​
XS
SM
MD
LG