ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កោះកុង​នឹង​បើក​សវនាការ​កាត់ទោស​ជន​សង្ស័យ​សម្លាប់​លោក​ឈុត វុទ្ធី​​​


រូបភាព​នេះត្រូវ​បានថតនៅថ្ងៃទី៦ កុម្ភៈ ២០១២ ដែល​ផ្តល់ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា លោកឈុត វុទ្ធី ឈរនៅខាង​ឆ្វេង​ជិត​ដើមឈើ​មួយដើម​ទើប​ត្រូវ​បាន​គេ​កាប់​ក្នុង​ព្រៃមួយក្នុង​ខេត្ត​កំពង់ធំ នៅ​ភាគ​ខាងជើង​ពីទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា។ (AP Photo/The Cambodian Center for Human Rights)
រូបភាព​នេះត្រូវ​បានថតនៅថ្ងៃទី៦ កុម្ភៈ ២០១២ ដែល​ផ្តល់ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា លោកឈុត វុទ្ធី ឈរនៅខាង​ឆ្វេង​ជិត​ដើមឈើ​មួយដើម​ទើប​ត្រូវ​បាន​គេ​កាប់​ក្នុង​ព្រៃមួយក្នុង​ខេត្ត​កំពង់ធំ នៅ​ភាគ​ខាងជើង​ពីទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា។ (AP Photo/The Cambodian Center for Human Rights)

តុលាការ​ខេត្ត​កោះ​កុង​គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​នៃ​ឃាតកម្ម​សម្លាប់​លោក​ឈុត វុទ្ធី​ សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ដ៏​លេច​ធ្លោ​មួយ​កាល​ពី​៥​ខែ​មុន​ នៅ​ខែតុលា។​

ភ្នំពេញ​៖ មន្ត្រី​សិទ្ធិមនុស្ស​បាន​និយាយ​ថា​ តុលាការ​ខេត្ត​កោះ​កុង​គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​នៃ​ឃាតកម្ម​សម្លាប់​លោក​ឈុត វុទ្ធី​ សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ដ៏​លេច​ធ្លោ​មួយ​កាល​ពី​៥​ខែ​មុន​ នៅ​ខែតុលា។​ ទាក់ទងនឹង​សំណុំ​រឿង​នេះ​ មាន​ការ​សន្និដ្ឋាន​ខុសៗ​គ្នា​រវាង​រដ្ឋាភិបាល​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។​

លោក​ឈុត វុទ្ធី​ អាយុ​៤៦​ឆ្នាំ​ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ ត្រូវ​បានឃាដករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មេសា ​នៅ​ឃុំ​បាក់​ខ្លង​ ស្រុក​មណ្ឌល​សីម៉ា​ ខេត្ត​កោះ​កុង។​

ឃាដកម្ម​នេះ​បាន​កើត​ឡើង​ ក្រោយ​ពី​លោក​បាន​នាំ​អ្នក​កាសែត​ភាសា​អង់គ្លេស​The Cambodia Daily​ ចំនួន​ពីរ​រូប​ចុះ​យក​ព័ត៌មាន​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ខេត្ត​កោះកុង។​

មានការ​បង្ហាញ​របាយការណ៍​ផ្ទុយ​គ្នា ក្រោយ​ពី​ហេតុការណ៍​នេះ​បាន​កើត​ឡើង។​ រដ្ឋា​ភិបាល​កម្ពុជា​បាន​បើក​គណៈកម្មការ​ស៊ើប​អង្កេត​មួយ។ ​ក៏ប៉ុន្តែ​រយៈ​ពេល​បី​ថ្ងៃ​ប៉ុណ្ណោះ​រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ លោក​ឈុត វុទ្ធី​ត្រូវ​បាន​លោក​អ៊ីន រតនា​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដែល​ការ​ពារ​ក្រុម​ហ៊ុន ​Timber Green​ ជាអ្នក​បាញ់​សម្លាប់។​

របាយ​ការណ៍​ដដែល​បាន​និយាយ​ទៀត​ថា​ លោក​អ៊ីន រតនា​បាន​ស្លាប់​នៅ​ពេល​ដែល​លោក​រ៉ាន់ បូរ័ត្ន​ អ្នក​មើល​ការ​ខុស​ត្រូវ​ក្រុមហ៊ុន​Timber Green ​បាន​ទៅ​ដណ្តើម​កាំ​ភ្លើង​ពី​លោក​អ៊ីន រតនា ​រួច​ហើយ​បាន​បណ្តាល​ឲ្យ​រាល​កៃ​កាំភ្លើង​ស្លាប់។​ ក្រោយ​មក​មន្ត្រី​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការ​ស៊ើប​អង្កេត។​

ការ​សន្និដ្ឋាន​យ៉ា​ង​ប្រញាប់​ប្រញាល់​របស់​សមត្ថកិច្ច​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ថា ​រដ្ឋា​ភិបាល​គួរ​តែបន្ត​ការ​ស៊ើប​អង្កេត​ឲ្យ​ដល់​ឫស​គល់​សិន​មុន​នឹងសម្រេច​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន។​

ពួកគេ​បាន​សន្និដ្ឋាន​ផ្ទុយ​ពី​សមត្ថកិច្ច​ទៅ​វិញ​ថា ​លោក​អ៊ីន រតនា​ទំនង​ជាត្រូវ​ជន​សង្ស័យ​ទីបីសម្លាប់​បំបិទ​មាត់។​

រហូត​មក​ដល់​ពេល​នេះ​ មាន​ជន​សង្ស័យ​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​លោក រ៉ាន់ បូរ័ត្ន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដើម្បី​រង​ចាំ​ការ​ជំនុំ​ជម្រះ​ទោសពី​បទ​មនុស្ស​ឃាដ​ដោយ​អចេត​នា​ដែល​ទោស​នេះ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ៦​លាន​រៀល​តាម​មាត្រាទី​២០៧​នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ ប្រសិន​ណា​បើ​តុលាការ​រក​ឃើញ​ថា​ មាន​ទោស​កំហុស។​

លោក​អំ សំអាត ​មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​ បាន​និយាយ​ថា​ តុលាការ​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃទី​០៤​ខែតុលា​ខាង​មុខ​នេះ​ដែល​មាន​ជន​សង្ស័យ​រ៉ាន់ បូរ័ត្ន​ និង​សាក្សី​មួយ​ចំនួន​ទៀត​ ក្នុង​នោះមាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ និង​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។​

លោក​បាន​បញ្ជាក់​ថា​ ការ​បើក​សវនាការ​នេះ​ជា​ដំណឹង​ល្អមួយ ​ក៏ប៉ុន្តែ​តុលាការ​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ទៅ​លើ​អង្គហេតុ​ទាំង​អស់​ដើម្បី​ឲ្យ​ជន​រងគ្រោះ​ទទួល​បាន​យុត្តិធម៌។
លោក​អំ សំអាតនិយាយថា៖​

«ហើយ​ប្រសិន​បើ​មាន​បញ្ហា​ដែលមាន​វិមតិ​សង្ស័យ​ ឬក៏មាន​បញ្ហា​ខ្វះ​ចន្លោះ​យ៉ាង​ណា​ សូម​ឲ្យ​មាន​ការ​ចាត់​របៀប​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​ករណី​នេះ»។​

វីអូអេ​បាន​ព្យាយាមទាក់ទង​លោក​ស្រី ម៉ាក​នី ​ព្រះរាជ​អាជ្ញារង​នៃ​តុលាការ​ខេត្ត​កោះ​កុង​ដើម្បី​ស្នើ​សុំ​សេចក្តី​អត្ថាធិ​ប្បាយ តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ពុធនេះ។​ នៅ​ពេល​ទាក់​ទង​លោក​តាម​ទូរ​ស័ព្ទ​ ​អ្នក​លើក​ទូរ​ស័ព្ទ​និយាយ​ថា​ លោក​កំពុង​កាត់ក្តី។​

អ្នក​លើក​ទូរស័ព្ទ​នេះ​និយាយ​ថា៖​

«គាត់​អត់​នៅ​ផង! គាត់​ចូល​សវនាការ»។​

អ្នក​ស្រី​សំ ចាន់​ធី​ អាយុ​៤០​ឆ្នាំ​ ភរិយា​លោក​ឈុត វុទ្ធី​ បាន​និយាយ​ថា​ លោក​ស្រី​មិន​ទាន់​បាន​ទទួល​ដិការ​កោះ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​សវនាការ​នៅ​ឡើយ​ទេ។​ អ្នក​ស្រី​បាន​និយាយ​ថា​ ប្រសិន​ណា​បើ​មាន​ដិការ​ពី​តុលាការ​ អ្នក​ស្រី​នឹង​ចូល​រួម​ដើម្បី​ទាម​ទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ដល់​ស្វាម៉ី​របស់​អ្នក​ស្រី។​

អ្នក​ស្រី​បាន​និយាយ​ថា ​មាន​ជន​សង្ស័យ​ពីរ​នាក់​ផ្សេង​ទៀត​ដែល​បាន​ពាក់​ម៉ាស​បិទ​មុខ​ជា​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​អ៊ីន រតនា​និង​ស្វាម៉ី​របស់​អ្នក​ស្រី​ផងដែរ។​

«បើ​តុលាការ​កាត់​ទោស​មែន ​ត្រូវ​ស្រាវ​ជ្រាវ​អ្នក​ពាក់​ម៉ាស​មុខ​ដែល​នៅក្នុង​ហេតុ​ការណ៍​សម្លាប់​ប្តី​ខ្ញុំ​ហ្នឹង។​ បី​នាក់​ហ្នឹង​ទៀត​បាន​អាច​រក​សាក្សី​បាន​ឃើញ​ថា​ អ្នក​ណា​ជា​អ្នក​បាញ់​ពិត​ប្រាកដ»។
អ្នក​ស្រី​បាន​និយាយ​ថា​ ជន​សង្ស័យ​ផ្សេង​ទៀត​គឺ​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ក្រុម​ហ៊ុន​Timber Green៕​
XS
SM
MD
LG