ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

៧ឆ្នាំ​ក្រោយ​ការ​ស្លាប់​របស់​សកម្មជន​ព្រៃ​ឈើ​លោក​ ឈុត វុទ្ធី​ ក្រុម​គ្រួសារ​និង​អ្នក​គ្រាំ​ទ្រ​លោក​នៅ​តែ​ដង្ហើយ​រក​យុត្តិធម៌


រូបឯកសារ៖ លោក ​ឈុត​ វុទ្ធី ​អំឡុង​ពេល​​ធ្វើ​បេសក​កម្ម​មួយ​កាល​ពី​ពេល​លោក នៅមានជីវិត។ ​​(រូប​ថត​ផ្ដល់​ដោយ​ក្រុម​គ្រួសារ)
រូបឯកសារ៖ លោក ​ឈុត​ វុទ្ធី ​អំឡុង​ពេល​​ធ្វើ​បេសក​កម្ម​មួយ​កាល​ពី​ពេល​លោក នៅមានជីវិត។ ​​(រូប​ថត​ផ្ដល់​ដោយ​ក្រុម​គ្រួសារ)

ទោះ​បី​ជា​ឧក្រិដ្ឋជន​​ត្រូវ​បាន​​កាត់​ទោស​រួច​ហើយ​ក្តី​ សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ និង​ក្រុម​គ្រួសារ​​របស់​ ​លោក ​ឈុត វុទ្ធី​ នៅ​តែ​ទទូច​ចង់បាន​យុត្តិធម៌ ​និង​មិន​ព្រម​ទទួល​ស្គាល់​ការ​កាត់ក្តី​នោះ​ឡើយ។

ប្រាំពីរ​ឆ្នាំ​ក្រោយ​ពី​លោក​ ​ឈុត​ វុទ្ធី​ ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុកថា​ជា​វីរៈជន​ការពារ​ព្រៃឈើ​ត្រូវ​បាន​បាញ់​សម្លាប់ ក្រុម​គ្រួសាររបស់​លោក​ ​រួមទាំង​សកម្មជន​ការពារ​ព្រៃឈើ​ផ្សេង​ទៀត​ ​នៅ​តែ​មិន​ទទួល​ស្គាល់ ​ការ​កាត់ទោស​របស់​តុលាការ​កម្ពុជា​កាលពី​ឆ្នាំ​២០១២​ ​និង​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាតករ​ពិត​ប្រាកដ។​

«ខ្ញុំ​គិត​ថា​រឿង​លោក​ ឈុត វុទ្ធី​ គឺ​ជា​ការស្លាប់​ដោយ​អយុត្តិធម៌​ ដោយ​មិនមាន​ការ​ផ្តន្ទាទោស​ទៅ​លើ​ មិន​មាន​ការ​វិនិច្ឆ័យ​ទោស​ ឬ​ក៏​រកខុស​ត្រូវ​ទៅ​ដល់ក្រុម​គ្រួសារ​សម្រាប់​លោក ឈុត វុទ្ធី​ ទេ»។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ ​លោក​ ​ហឿន សុភាព​ ​សកម្មជន​នៃ​បណ្តាញ​ការពារ​ព្រៃឡង់​ប្រចាំ​ខេត្ត​កំពង់ធំ​និង​ជា​អ្នក​ជិតស្និត​ម្នាក់​ជាមួយ​លោក​ ​ឈុត វុទ្ធី។​ ​

​លោក​ ឈុត វុទ្ធី​ ដែល​ជា​អ្នក​ស្រឡាញ់​និង​ការពារ​បរិស្ថាន​ដ៏​លេចធ្លោរ​មួយ​រូប​របស់​កម្ពុជា​ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​នឹង​កន្លែង​ កាល​ពី​ថ្ងៃទី​២៦ ​ខែ​មេសា​ ឆ្នាំ២០១២​ ​កន្លង​ទៅ​ ពេល​ដែល​លោក​ធ្វើ​ដំណើរ​ចុះ​ទៅ​ស៊ើប​អង្កេត​និង​ថតរូបសកម្មភាព​បទ​ល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ពីរ​រូប​របស់ការសែតThe Cambodia Daily។​

​បើ​តាម​របាយការណ៍​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​ ​លោក ​ឈុត វុទ្ធី​ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ម្នាក់​គឺ​លោក ​អ៊ិន រតនា ​បាញ់​ស្លាប់ ​បន្ទាប់​ពី​មាន​ជម្លោះ​ប្រកែក​គ្នា​ ​រឿង​ដែល​កង​កម្លាំង​ចង​រឹប​អូស​អង្គ​ចងចាំ​នៃ​កាមេរ៉ា​ដែល​ក្រុម​លោកបាន​ថត​នៅ​ឯ​ទីតាំង​របស់​ក្រុមហ៊ុន ​Timber Green ​ដែល​ទទួល​ការ​អនុញ្ញាត​ឱ្យ​កាប់​រានដី​ព្រៃ​ និង​ពង្រាប​បាត​អាង ​សម្រាប់​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​ឫស្សីជ្រុំ ​ភាគ​ខាង​ជើង​ខេត្ត​កោះកុង។​

មន្ត្រី​អាវុធហត្ថ​ឈ្មោះ​ ​អ៊ិន រតនា​ ​ក៏​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ។​ អាជ្ញាធរ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្សេង​គ្នា មុន​នឹង​ចេញ​សន្និដ្ឋាន​ចុង​ក្រោយ​ថា​សន្តិសុខ​ម្នាក់​របស់​ក្រុមហ៊ុន ​Timber Green​ ឈ្មោះ ​រ៉ាន់ បូរ័ត្ន ​បាន​ទៅ​ដណ្ដើម​កាំភ្លើង​ពី​មន្ត្រី​អាវុធហត្ថ ​អ៊ិន ​រតនា ​រហូត​រាល​កៃ​បណ្ដាល​ឱ្យ​ស្លាប់​មន្ត្រី​អាវុធ​ហត្ថរូប​នេះ។​

ក្រៅ​ពី​តុលាការ​កាត់​ទោស​ឈ្មោះ ​រ៉ាន់ បូរ័ត្ន ​ពី​បទ«មនុស្ស​ឃាតដោយ​អចេតនា» ​មិន​មាន​ជន​ណា​ផ្សេង​ទៀត​ត្រូវ​បាន​ស៊ើប​អង្កេត​ និង​យក​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ។ ​សំណុំ​រឿង​បាញ់​ប្រហារ​នេះ​ក៏​ត្រូវ​បាន​បិទ​បញ្ចប់​តាំង​ពី​ចុង​ឆ្នាំ​២០១២​មក។​

លោក ​ឆឺយ ​ឧត្តម​រស្មី ​ជា​កូន​ប្រុស​ច្បង​នៃ​សព​លោក ​ឈុត ​វុទ្ធី បាន​និយាយ​ថា ​លោក​អស់​សង្ឃឹម​ជាមួយ​នឹង​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ស្វែងរក​ឃាតករ​ដែល​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​ឪពុក​របស់​លោក​នេះ​ហើយ។​លោក​បាន​និយាយប្រាប់​ VOA​ តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា៖​

«ខ្ញុំ​គិត​ថា រយៈពេល​ប្រាំពីរ​ឆ្នាំ​ហើយ ខ្ញុំ​អត់​ទាន់​ទទួល​បាន​យុត្តិធម៌​ទេ​ ហើយ​ខ្ញុំ​ព្យាយាម​ដើម្បី​ឲ្យ​រាជរដ្ឋា​ភិបាល​ហ្នឹង​ស្វែង​រក​យុត្តិធម៌​ រក​ឃាតករ​ពិត​ អ្នក​បញ្ជា​ពិត​ពី​ក្រោយ​ខ្នង​ប៉ុន្តែ​នៅតែ​រក​មិន​ឃើញ។​ អ៊ីចឹង​ហើយ​ខ្ញុំ​ដូច​ជា​មិនមាន​សង្ឃឹម​ទៅលើ​ចំណាត់ការ​រដ្ឋាភិបាល​ទេ។​ ខ្ញុំ​សង្ឃឹម​ថា​ អន្តរជាតិ​នឹង​ផ្តល់​យុត្តិធម៌​ឲ្យ​ពួកខ្ញុំ​ហើយ​ខ្ញុំ​សង្ឃឹម​ថាបើ​ពេល​ខាង​មុខ​យើងមាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ថ្មី ខ្ញុំ​សង្ឃឹម​នឹង​អាច​រក​ឃើញ​ឃាតករ​ដែល​សម្លាប់​ ឪពុក​ខ្ញុំ​បាន»។​

ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ ​តាំង​ពី​វីរៈជន​ការពារ​ព្រៃឈើ​រូប​នេះ​ទទួល​មរណភាព ​លោក ​ឆឺយ ​ឧត្តមរស្មី ​ដែល​ជា​កូន​ប្រុស​ច្បង​និង​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ ​តែង​តែ​បង្ហោះ​សារ​រំឭក​ដល់​សកម្មភាព​ការពារ​ព្រៃឈើរបស់​លោក​ ​ឈុត វុទ្ធី​ ​កាលពី​លោក​នៅ​មាន​ជីវិត។​

ពិធី​បុណ្យ​គម្រប់​ខួប៧ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ​ឈុត វុទ្ធី​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃសុក្រ​ ​ទី២៦​ ​ខែ​មេសា​ ​ឆ្នាំ២០១៩​ វេលា​ម៉ោង៧ព្រឹក​ដល់​ម៉ោង​១១ថ្ងៃត្រង់​នៅ​ទីតាំង​កន្លែង​បញ្ចុះ​សព​លោក​ ​ឈុត​ ​វុទ្ធី​ ដែល​មាន​ទីតាំង​នៅភូមិ​ស្វាយមាស​ ​ឃុំ​វិហារសួគ៌​ ​ស្រុក​ខ្សាច់កណ្ដាល​ ​ខេត្ត​កណ្ដាល។​ នេះ​បើយោង​តាម​សារ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​កូនប្រុស​លោក ឈុត​ វុទ្ធី​ កាលពី​ព្រឹកថ្ងៃ​អង្គារ​នេះ។​

សកម្មជន​នៃបណ្តាញ​សហគមន៍​ព្រៃឡង់​ ​លោក ​ហឿន សុភាព​ ​បានប្រាប់​ VOA​ ​ថា​ក្រុម​របស់​លោក​ដែល​នៅ​ក្នុង​ខេត្ត​កំពង់ធំ​នឹង​គ្រោង​ទៅ​ចូល​រួម​ពិធី​បុណ្យគម្រប់​ខួប៧ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ នៅ​ថ្ងៃទី​២៦​ ខែមេសា​នេះ។​

លោក​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​ស្លាប់​របស់​ ឈុត វុទ្ធី​ ដែល​តែង​តែ​មក​សម្រាក​នៅផ្ទះ​របស់​លោក​ក្នុង​ខេត្ត​កំពង់ធំ​ រៀងរាល់​ពេល​ដែល​លោក​ចុះ​ល្បាត​ព្រៃឡង់។ ​លោក​ថា​ កម្ពុជា​បាន​បាត់បង់​ធនធាន​មនុស្ស​ដ៏​ល្អ​ម្នាក់​ ហើយ​ព្រៃឈើ​នៅ​កម្ពុជា​បាត់បង់​កាន់ច្រើន​ឡើង ​បន្ទាប់​ពីលោក ឈុត វុទ្ធី​ ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ដោយសារ​តែ​នេះជា​ការ​គំរាម​កំហែង​មួយ​ដល់​សកម្មជន​ការពារ​ព្រៃ​ដទៃ។​

លោក​បាន​និយាយ​ថា៖

«​រហូត​មក​យើង​ឃើញ​ថា ​តាំង​ពី​លោក​ ឈុត វុទ្ធី​ ស្លាប់​មក​ គឺព្រៃឈើ​ដូចជា​មានការ​ថយ​ចុះ​មែន​ទែន ដោយ​សារ​តែ​មនុស្ស​មួយ​ចំនួន​ឬ​ក៏​សមត្ថកិច្ច​មួយ​ចំនួន​ ឬ​ក៏​អាជ្ញាធរ​ ឬ​ក៏​ស្ថាប័ន​មួយ​ចំនួន​ ​មាន​ការ​រា​ថយ​ដោយ​សារ​ខ្លាច​ក្នុង​ការ​បាញ់សម្លាប់​ដូច​លោក ​ឈុត វុទ្ធី។​ ខ្ញុំ​គិត​ថាការ​ស្លាប់​របស់​លោក​ ឈុត វុទ្ធី​ នេះជា​ការ​បាត់បង់​មនុស្ស​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា»។​

VOA ​មិន​អាច​ទាក់ទង​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន​គឺ​លោក ​នេត្រ ភក្រ្តា​ ដែល​ជា​អ្នក​នាំ​ពាក្យ​និង​លោក សៅ សុភាព ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ និង​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ ស៊ីផាន ​បាន​ឡើយ​នៅ​ថ្ងៃ​អង្គារ​នេះ។

ទោះ​យ៉ាងណា​ក៏​ដោយ លោក​ ឈុត វុទ្ធី​ មិនមែន​ជា​ជន​រងគ្រោះ​តែ​ម្នាក់​ពី​ការ​វាយ​ប្រហារ​របស់​ជន​ល្មើស​កាប់ព្រៃ​ខុស​ច្បាប់​នោះ​ឡើយ​ សកម្មជន​ការពារ​ព្រៃ​ឈើ​ឯ​ទៀតៗ រួម​ទាំង​ មន្ត្រី​ឧទ្យានុរក្ស​តែង​តែ​ត្រូវ​បាន​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ក្នុង​ពេល​បំពេញ​ការងារ។ ​តួយ៉ាង ​ថ្មីៗ​នេះ​ មន្ត្រី​ឧទ្យានុរក្សម្នាក់​ត្រូវ​ជន​ល្មើស​កាប់​ឲ្យ​រង​របួស​ធ្ងន់ ខណៈ​ពេល​កំពុង​ចុះល្បាត​ កាលពី​ខែ​មីនា ឆ្នាំ២០១៩​ នៅ​តំប​ន់អូរដើមថ្កូវ ​ក្នុង​ភូមិសាស្ត្រ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។​ ​នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​គណនី​ហ្វេសប៊ុក​ Chut Wutty Son Hot News។​

ក្រុម​ជនល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្តគំរាម​កំហែង​ ដល់​អាយុ​ជីវិត​សកម្មជន​និង​មន្រ្តី​ដែល​ព្យាយាម​ការពារ​ព្រៃ​ឈើ។​ ក្រុម​សកម្មជន​ការពារ​ព្រៃ​ឈើ​ សង្ឃឹម​ថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត រួម​ទាំង​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​មួយ​ជូន​ដល់​វីរៈជន​ការពារ​ព្រៃ​ឈើ​ដែល​ត្រូវ​បាន​ឃាតករ​សម្លាប់​នា​នា៕​

XS
SM
MD
LG