ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ដីធ្លីជាង៧០កន្លែងនិងស្ថាប័ន បង្ហាញក្តីបារម្ភចំពោះការប្រើអំពើហិង្សារបស់អាជ្ញាធរក្នុងរាជធានីភ្នំពេញ ដែលកាន់តែអាក្រក់ទៅៗ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទៅលើកូដករដែលជាអតីតកម្មករនិយោជិត ឬបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍។
នៅក្នុងការតវ៉ាចុងក្រោយថ្មីៗនេះរបស់កូដករណាហ្គាវើលដ៍កាលពីថ្ងៃទី២២ និង២៣ ខែមីនា អាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញ ត្រូវបានកូដករចោទប្រកាន់ថា បានប្រើហិង្សាយ៉ាងចាស់ដៃលើពួកគេ ក្នុងអំឡុងពេលនៃការចេញធ្វើកូដកម្មតាមទីសាធារណៈឆ្ពោះទៅកាន់កាស៊ីណូណាហ្គាវើលដ៍។
ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ដីធ្លី ផ្តល់ការកត់សម្គាល់ក្នុងសេចក្តីថ្លែងការណ៍រួមមួយថា នាពេលថ្មីៗនេះ អាជ្ញាធរបានបង្កើនការឃាត់ខ្លួន និងការប្រើប្រាស់អំពើហិង្សាគួរឱ្យព្រួយបារម្ភ ទៅលើសមាជិកសហជីព នៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក៏ដូចជារឹតត្បិតខ្លាំងឡើងចំពោះអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ហើយក៏មានការបង្ខំអ្នកឃ្លាំមើលឱ្យលុបរូបភាព និងវីដេអូដែលថតបានពីហេតុការណ៍កូដកម្មនោះ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែមីនា លើកឡើងតាមន័យដើមថា៖ «យើងខ្ញុំព្រួយបារម្ភចំពោះវិធានការថ្មីៗនេះ ពីសំណាក់អាជ្ញាធរ ដែលបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន មិនឱ្យឃ្លាំមើលការបន្តប្រើប្រាស់អំពើហិង្សាទៅលើកូដករអហិង្សាដែលភាគច្រើនជាស្ត្រី»។
បើតាមសេចក្តីថ្លែងការណ៍ដដែល ជាច្រើនលើកច្រើនសា អាជ្ញាធរបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានពីការថតរូប ឬឈរនៅជិតទីតាំងនៃការឃាត់ខ្លួនបែបហិង្សាទាំងនេះ។ លើសពីនេះ អ្នកសារព័ត៌មានត្រូវបានគំរាមកំហែងចាប់ខ្លួន ដោយសារចុះយកព័ត៌មានស្តីពីកូដកម្ម ហើយជាច្រើនករណីទៀត អាជ្ញាធរបានបណ្តេញអ្នកឃ្លាំមើល និងអ្នកសារព័ត៌មានចេញឆ្ងាយ ខណៈដែលអាជ្ញាធរចាប់សែងកូដករ ទៅកាន់រថយន្តក្រុង«យ៉ាងហិង្សា»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត និយាយថា អំពើហិង្សាដែលត្រូវគេចោទថា បង្កឡើងដោយអាជ្ញាធរមានសមត្ថកិច្ចមកលើកូដករនាពេលថ្មីៗនេះ នឹងធ្វើឱ្យរដ្ឋាភិបាលរងការរិះគន់បន្ថែមទៀត ពាក់ព័ន្ធស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេស។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រថា៖ «បើសិនជាអាជ្ញាធរនៅតែមានការប្រើប្រាស់នូវទម្រង់ដែលមើលទៅគេអាចចាត់ទុកថាជាអំពើហិង្សាណាមួយអាហ្នឹង យើងនឹងអាចទទួលរងការរិះគន់ទាក់ទងទៅនឹងបញ្ហាការរំលោភទៅលើសេរីភាពជាមូលដ្ឋានឬក៏រំលោភទៅលើសិទ្ធិរបស់កូដករហ្នឹង ដែលនាំឱ្យមានការរិះគន់ជាបន្តបន្ទាប់ដូចពេលកន្លងមក»។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិក វីអូអេដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅថ្ងៃសុក្រនេះ។
ក៏ប៉ុន្តែកាលពីថ្ងៃទី២៣ ខែមីនា អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញរូបនោះ បានចេញសេចក្តីប្រកាសថ្លែងការពារវិធានការរដ្ឋបាលក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានី និងបានបដិសេធចោលការផ្សព្វផ្សាយ«ព័ត៌មានមិនពិតមួយចំនួន» ដែលថា អាជ្ញាធរមានសមត្ថកិច្ចរាជធានីបានប្រើអំពើហិង្សាលើក្រុមបាតុករដែលជាអតីតបុគ្គលិក ឬបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។
បើតាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ កូដករណាហ្គាវើលដ៍ត្រូវបានចាត់ទុកជាបាតុករ ដែលគឃ្លើននឹងការណែនាំ និងអប់រំជាច្រើនលើកច្រើនសារបស់អាជ្ញាធរមានសមត្ថកិច្ច ដោយបន្តចេញមកធ្វើការប្រមូលផ្តុំខុសច្បាប់តាមទីសាធារណៈ។
រដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា បាតុករមិនត្រឹមតែមិនបានស្តាប់តាមការណែនាំទេ ប៉ុន្តែពួកគេថែមទាំងបន្តបំពានធ្វើសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់ តាមការរៀបចំរបស់អ្នកដឹកនាំរឿង «ដើម្បីកេងចំណេញរូបភាពបម្រើមហិច្ឆតារបស់ក្រុមខ្លួន រហូតឈានដល់ការបង្កើតឈុតឆាកសម្តែងជាជនរងគ្រោះក្រោមរូបភាពផ្សេងៗ» ហើយចោទប្រកាន់អាជ្ញាធរមានសមត្ថកិច្ចប្រើហិង្សាលើពួកគេ នៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចអញ្ជើញពួកគេឱ្យឡើងរថយន្តទៅធ្វើការសម្តែងមតិនៅទីលានប្រជាធិបតេយ្យ។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា សៀក បញ្ញា ដែលតែងតែចូលរួមកូដកម្មនោះ ប្រាប់វីអូអេនៅថ្ងៃសុក្រថា អាជ្ញាធរមិនទទួលស្គាល់កាយវិការហិង្សារបស់ខ្លួនទេ។
កញ្ញាពន្យល់ថា៖ «សូម្បីតែខ្ញុំលើកដៃសំពះសុំអង្វរថា បងៗឯងកុំវាយពួកខ្ញុំ ពួកខ្ញុំខុសអីគេ? ប៉ុន្តែគាត់អាជ្ញាធរ ហ្នឹងបង! ចង់និយាយថា គាត់ក្តាប់ដៃវាយយើងវិញច្រាន។ មាត់គាត់ខាងលើអញ្ជើញ ប៉ុន្តែដៃជើងគាត់ខាងក្រោមធាក់»។
បើតាមកញ្ញា សៀក បញ្ញា កូដករនឹងមិនដកថយពីការចេញតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ទេ បើទោះជាក្រុមសមត្ថកិច្ចរឹតបន្តឹងច្រកចូលទៅទីនោះក្តី។ កញាបន្ថែមថាក្រុមកូដករក៏បន្តធ្វើកូដកម្មនៅថ្ងៃសុក្រនេះផងដែរ ហើយកូដកម្មនឹងនៅធ្វើជាដរាប បើសិនក្រុមហ៊ុនមិនអនុញ្ញាតឱ្យមានសហជីពឯករាជ្យនៅក្រុមហ៊ុន និងមិនព្រមទទួលយកកម្មករនិយោជិតចំនួន៣៦៥នាក់ឱ្យបានចូលធ្វើការដូចដើមឡើងវិញនោះ។
កញ្ញាថ្លែងថា៖ «ដរាបណាប្រទេសកម្ពុជាខ្ញុំនៅមានច្បាប់ដែលមានចែងហ្នឹង លុះត្រាប្រទេសកម្ពុជាខ្ញុំលុបអាច្បាប់ស្តីពីការងារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញហ្នឹងចោល អាហ្នឹងបានពួកខ្ញុំឈប់ធ្វើ បន្តធ្វើកូដកម្មទៀត។ ទាល់តែដូរច្បាប់ការងារទាំងអស់ដូរដាក់ច្បាប់ណាហ្គាទាំងអស់ អាហ្នឹងបានពួកខ្ញុំលែងតវ៉ា»។
គួរបញ្ជាក់ផងដែរថា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មរបស់ពួកគេដោយសន្តិវិធី និងក្នុងក្របខណ្ឌនៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលធានាអំពីសិទ្ធិក្នុងការជួបជុំ និងប្រមូលផ្ដុំគ្នាដោយសេរី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល។
ក្រុមអង្គការសង្គមស៊ីវិលបន្ថែមថា ប៉ុន្តែការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះកូដកម្មនេះ គឺជាការចាប់ខ្លួនអ្នកដឹកនាំសមាជិក និងសកម្មជនសហជីពចំនួន១១រូបទៅវិញ ពាក់ព័ន្ធនឹងបទចោទមិនត្រឹមត្រូវ។ អាជ្ញាធរនៅតែបន្តរុញច្រានបង្ខំ និងឃាត់ខ្លួនកូដករនៃសមាជិកសហជីពរាប់រយនាក់ទៅក្នុងរថយន្តក្រុងស្ទើរតែរាល់ថ្ងៃ ក៏ដូចជាដឹកអ្នកទាំងនោះដោយមិនត្រឹមត្រូវទៅកាន់មណ្ឌលចត្តាឡីស័ក ហើយថ្មីៗនេះដឹកយកទៅទុកចោលនៅទីតាំងដាច់ស្រយាលមួយកន្លែងនៅជាយរាជធានីភ្នំពេញ៕