សង្គម​ស៊ីវិល និង​កម្មករ ស្នើ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍ ថ្លៃ​ទឹក​ដែល​មាន​កម្រិត​ទាប ខ្ពស់​តាម​ផ្ទះជួល

សន្និសីទ​សារព័ត៌មាន​ស្តីពី «កម្មការិនី កម្មករ និងតម្លៃទឹក» ធ្វើ​ឡើង​ក្នុងសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ) 

សង្គម​ស៊ីវិល​ និង​កម្មករ កាល​ពីថ្ងៃ​សុក្រ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿនការ​ធ្វើ​អន្តរាគមន៍​ឲ្យ​ថ្លៃទឹកសម្រាប់កម្មករស្នាក់​នៅ​តាម​បណ្តា​ផ្ទះ​ជួល​ឲ្យនៅ​ត្រឹម​៨០០រៀល ​ក្នុង​មួយ​ម៉ែត្រ​គូប​ ខណៈថ្លៃទឹក​បាន​កើន​ដល់កម្រិត​ខ្ពស់បំផុត ៤០០០​រៀល​ ក្នុង​ពេល​បច្ចុប្បន្ននេះ។

នេះ​ជាការ​អំពាវនាវ​របស់កម្មករ​ តបទៅ​នឹងសេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ស្តី​ពី​«​ការ​កែ​សម្រួល​ និង​បំពេញ​បន្ថែម​ការ​កំណត់​ថ្លៃ​លក់​ទឹក​ស្អាត​ដែល​ផលិត​ និង​ផ្គត់​ផ្គង់​ដោយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​»​ ចេញ​កាលពី​បួន​ឆ្នាំមុន​ ដែល​បាន​ស្នើ​សុំ​ម្ចាស់​ផ្ទះ​ ឬ​ម្ចាស់​អគារជួល ត្រូវ​លក់​ទឹក​ស្អាត​ជូន​ដល់​កម្មករ​ កម្មការិនី​ និង​សិស្ស​និស្សិត​ ក្នុង​តម្លៃ​ ៨០០​៛ (ប្រាំបីរយ​រៀល​) ក្នុង​មួយ​ម៉ែត្រ​គូប​។

បើតាម​ប្រកាស​របស់​ក្រសួង ​ចុះថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧​ រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​ត្រូវបាន​តម្រូវ​កំណត់​ថ្លៃ​លក់​ទឹក​ស្អាត​ត្រឹម​៧០០ រៀល​ឲ្យ​ទៅ​ម្ចាស់​ផ្ទះ​ ឬ​ម្ចាស់​អគារ​ដែល​មាន​បន្ទប់​ជួល​ឲ្យ​កម្មករ​ កម្មការិនី​ និង​សិស្សនិស្សិត​ស្នាក់​នៅ​។

ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ដែល​ក្រោយ​មក​ប្តូរ​ឈ្មោះ​ជា​ក្រសួង​ឧស្សាហកម្ម​ វិទ្យា​សាស្រ្ត​ ​បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែង​កាលពីឆ្នាំ​២០១៧ថា​ ភាគីពាក់​ព័ន្ធ​ខាងលើ​ត្រូវ​អនុវត្ត​ការ​កំណត់​ថ្លៃទឹក​នេះ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ឆ្នាំ​២០១៧ តទៅ​។ ប៉ុន្តែ​គ្មាន​ការ​អនុវត្ត​ការ​កំណត់​ថ្លៃនេះ​ទេ​ គិត​មកត្រឹមខែ​តុលា ឆ្នាំ​២០២១នេះ​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«កម្មការិនីកម្មករ​ និង​តម្លៃទឹក»​ សមាគម​មណ្ឌល​ព័ត៌​មាន​កម្មករ​ ហៅកាត់​ថា​ WIC បាន​លើ​ក​ឡើង​ពី​ទុក្ខ​កង្វល់​របស់​កម្មការិនី​ និង​កម្មករ​ក្នុង​វិស័យកាត់​ដេរ ​ទាក់​ទងនឹង​បញ្ហា​ទឹក​ដែលឡើង​ថ្លៃ​ខ្ពស់​បំផុត​៤.០០០​រៀល​ និង​ទាប​បំផុត​១.០០០រៀល ក្នុង​មួយ​ម៉ែត្រ​គូប ​ដោយ​គ្មានការ​ជួយ​សម្រួល​ពី​រដ្ឋាភិបាល​នោះ​ទេ។​

សន្និសីទ​សារព័ត៌មាន​ស្តីពី «កម្មការិនី កម្មករ និងតម្លៃទឹក» ធ្វើ​ឡើង​ក្នុងសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)

តំណាង​សមាគម​ណ្ឌល​ព័ត៌​មាន​កម្មករ​ កញ្ញា សុត ផង​ បាន​ប្រាប់​វីអូអេ​ក្រោយ​សន្និសីទ​ព័ត៌មាន​ថា ក្រុម​កម្មករ​តាម​រយៈ​តំណាងរបស់​ពួកគេ​ បានបញ្ជូន​លិខិតទៅ​កាន់​បណ្តា​ក្រសួង​ពាក់​ព័ន្ធ​ច្រើន​លើក​ច្រើនសារ​ ដើម្បី​ជំរុញ​ឲ្យ​កំណត់​យក​ថ្លៃ​ទឹក​តែ​៨០០រៀល​ក្នុង​មួយ​ម៉ែត្រ​ពីកម្មករ និង​និសិ្សតដែល​រស់​នៅ​ និងស្នាក់​នៅ​តាមផ្ទះ​ជួល ប៉ុន្តែ​រដ្ឋាភិបាល​មិនមាន​ចំណាត់​ការ​ណាមួយ​ទាល់តែសោះ។

កញ្ញា​ យល់​ថា​ បើមាន​ការ​កាត់​បន្ថយ​ថ្លៃ​ទឹក​ស្អាតនោះ​ ​កម្មករ​ អាច​មាន​លទ្ធភាព​នឹង​សន្សំ​បាន​ប្រាក់​៥.០០០ រៀល​ក្នុង​មួយខែ​។

កញ្ញា​ប្រាប់វីអូអេថា​៖ «​មនុស្ស​ភាគ​ច្រើន​អត់​សូវ​មើល​យល់​ថា ​នេះ​ជា​តម្លៃ​លុយ​ទេ​ ព្រោះភាគ​ច្រើន​អ្នក​ពាក់​ព័ន្ធ​មួ​យ​ចំនួន​គាត់​គិត​ថា​ ៥.០០០ [រៀល] សោះ​ ទិញ​ទឹក​សុទ្ធ​ប្រាំ​ដប​ក៏​អស់​ដែរ​។ គាត់​និយាយ​អញ្ចឹង​បាន​ដោយ​សារ​គាត់​មាន​លុយ។ ប៉ុន្តែ​សម្រាប់​គ្នា​យើង​ជា​កម្មករ​ លុយ ​៥.០០០ រៀល​ហ្នឹង បើ​គាត់​ញាំ​សន្សំសំចៃ ​គឺ​គាត់​អាច​ញាំ​អាហារ​បាន​២ពេល ទី​១។ ទី​២ អាលុយ​តិច​ៗ​នឹង​ហា៎ បើ​គណនា​ជា​មធ្យម​ជាមួយ​កម្មករ​ ៥០ម៉ឺ​ននាក់​ មានន័យ​ថា ​គាត់​ចំណាយ​ច្រើ​នមែន​ទែន​ទៅលើ​ម្ចាស់​ផ្ទះ​ក៏​ដូចជា​ថ្លៃ​ទឹក​ ខណៈ​កម្មករ​ កម្មាការិនី ​អត់​មាន​សល់​អី​សោះ​សម្រាប់​ខ្លួន​ឯង​» ។

កញ្ញា ​ច្រឹក​ ដាវី អាយុ​ ​២៤ ឆ្នាំ ជា​កម្មការីនី​ផ្នែក​ដេរ​សម្លៀក​បំពាក់​នៅ​រោង​ចក្រ​វាយនភណ្ឌ​ King Textiles បាន​និយាយ​ថា​ ការ​ស្នើ​សុំ​ឲ្យម្ចាស់​ផ្ទះជួល​យក​ត្រឹម​៨០០រៀល​សម្រាប់​ទឹក​ក្នុង​មួយ​ម៉ែត្រ​គូប​នេះ​ អាចឲ្យ​គាត់​សន្សំ​ប្រាក់​បានខ្លះសម្រាប់​ការ​ហូបចុក​អាហារមួយ​ពេល​។

នេះ​មាន​ន័យ​ថា កញ្ញា​អាច​សន្សំ​បាន​៣.៦០០​រៀល​ ប្រសិន​បើ​ថ្លៃ​ទឹក​សល់​ត្រឹម​៨០០រៀល​ក្នុង​មួយម៉ែត្រ​គូប​ ប៉ុន្តែ​បច្ចុប្បន្ន​ កញ្ញា ​ត្រូវ​ចំណាយ​អស់​៦.០០០​រៀលជា​មធ្យម​ជា​រៀងរាល់​ខែ​ លើ​ការ​ប្រើប្រាស់​ទឹក​ស្អាត​ប្រមាណ​ ៣ ម៉ែត្រ​គូប​ក្នុង​មួយ​ខែ​ ក្នុង​តម្លៃ​២.០០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គូបដែ​ល​ម្ចាស់​ផ្ទះ​បាន​កំណត់​។ ​

កញ្ញា​ថ្លែង​ថា​៖ «អាច​ថា​ជួយ​បាន​អាហារ​ថ្ងៃត្រង់​បាន​មួយ​ពេល​ដែរ​ ព្រោះ​លុយ​នៅ​សល់​ វាអាច​ចឹង​ ពីព្រោះ​ដោយ​សារ​ជា​ធម្មតា​ខ្ញុំ​ទិញ​បាយ​ញាំ​ថ្ងៃ​ត្រង់​ ​បាយ​១.០០០ ​រៀល សម្ល​២០០០ រៀល។ ខ្ញុំ​អស់​មួយ​ថ្ងៃ​ អាហារ​ថ្ងៃត្រង់​ខ្ញុំ​អស់​តែ​៣.០០០ [រៀល] ហេ​។ អញ្ចឹង​លុយ​ដែល​នៅ​សល់​ពី​ទឹក​ហ្នឹង»។

កញ្ញា ​ច្រឹក​ ដាវី បាន​ប្រាប់វីអូអេ​ពី​មូល​ហេតុ​ដែល​ចូល​ខ្លួន​មក​និយាយ​ក្នុង​ការ​បើក​សន្និសីទ​សារព័ត៌មាន«កម្មការិនី ​កម្មករ​ និង​តម្លៃ​ទឹក​»ព្រឹក​នេះថា​៖ «អាច​និយាយ​បាន​ថា​ អានឹង​វា​ជា​ការ​ស្នើ​សុំ​ព្រោះ​អី​យើង​ធ្វើ​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ដែល​មាន​ ហើយ​វា​ជា​ផ្នែក​មួ​យ​ក្នុងការ​កាត់​បន្ថយ​ការ​ចំណាយ​។ ទោះ​បី​ជា​អ្នក​ខ្លះគេ​មើល​មក​ថា​ វា​ជា​លុយ​បន្តិច​បន្តួច​សម្រាប់​គេ​ទេ​ ប៉ុន្តែ​សម្រាប់​ពួក​ខ្ញុំជា​កម្មករ​ ខ្ញុំ​ត្រូវ​ធ្វើ​ការ​ច្រើ​ន​ដើម្បី​ទទួល​បាន​លុយ​ហ្នឹង ចឹង​ហើយ​បាន​ខ្ញុំ​ធ្វើ​រឿង​នឹង​ឡើង​»។

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​ក្រោម​ដើម​ឈើ​មួយ​ដើម នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។

បើតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី«កម្មការិនី​កម្មករ​ និង​តម្លៃ​ទឹក​»របស់សមាគម​មណ្ឌល​ព័ត៌​មាន​កម្មករ​ចេញ​ផ្សាយ​ជាសាធារណៈ​ កាលពី​ថ្ងៃទី២៨ ​ខែកញ្ញា ​២០២១ ​មាន​សំណួរ​ចម្បង​មួយថា ​«​តើ​ពេលណា​កម្មការិនី​កម្មករ ​ទទួល​បាន​តម្លៃ​ទឹក​៨០០ រៀល​ក្នុងមួយ​ម៉ែត្រ​គូប​?»។

សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា ​ស្រប​ពេល​ដែល​បញ្ហា​តម្លៃ​ទឹក​នៅ​តែ​ជា​កង្វល់​សម្រាប់​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ ជាពិសេស​ក្នុង​អំឡុង​ពេល​មាន​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ កម្ម​ការិនី​ កម្មករ ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ត្រូវ​ខាត​បង់​ប្រាក់​ចំណូល​ជា​ខ្លាំង​ ក្រោម​ហេតុផល​ផ្អាក​ការ​នាំ​ចូល​វត្ថុធាតុ​ដើម ​គ្មាន​ការ​បញ្ជា​ទិញ ខណៈ​ការ​ចំណាយ​លើ​សម្ភារ​ប្រើប្រាស់​ចាំ​បាច់​ប្រចាំថ្ងៃ​ និង​ការ​ប្រើ​ប្រាស់​ភ្លើង​ និង​ទឹក​បាន​កើនឡើង​ក្នុង​អំឡុង​ពេល​មាន​វិធានការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ ដើម្បី​ប្រឆាំង​ការ​ឆ្លង​ជំងឺកូវីដ១៩​បន្ថែម​ក្នុង​សហគមន៍។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហ​កម្ម វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍លោក​ អ៊ុំ សុថា​ ​ប្រាប់​វីអូអេ​កាល​ពីថ្ងៃសុក្រ​នេះ​ថា ​ម្ចាស់​ផ្ទះជួល​ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹកក្នុង​តម្លៃ​ទាបមួយ ត្រូវ​តែ​ធ្វើ​តាម​ការ​សន្យា ​ហើយ​ថា​ បើ​ម្ចាស់​ផ្ទះជួល​មិន​ធ្វើ​តាម​ការ​សន្យា​ទេនោះ អាជ្ញាធរ​នឹង​មា​នចំណាត់​ការ​ជាក់​ស្តែង​ដោយធ្វើ​ការ​ព្រមាន​ និងផ្អាក​ក្នុងការ​ផ្គត់ផ្គង់​ទឹក​ជាដើម។

លោក​ថ្លែង​ថា៖ «ដូច​ខ្ញុំ​ជម្រាប​ជូន​អីចឹង ធម្មតា​ការ​ងារ​វាមិន​រលូន​ទាំងអស់​ ប៉ុន្តែ​យើង​ចង់​ដោះស្រាយ​ឲ្យ​វា​ជាក់​លាក់​លើ​បុគ្គល​ណា ផ្ទះ​មួយ​ណា​ដែល​គាត់​អនុវត្ត​ខុស​ឆ្គង​ យើង​អនុវត្ត​ចំពោះ​គាត់​ អ្នកគេ​ធ្វើ​ល្អ​ហើយ​ យើង​មិនបាច់​និយាយ​ជារួម​ទេ។ យើង​ចង់​ដោះ​ស្រាយ​មួយ​ករណីៗ​ ជាក់​ស្តែង​អញ្ចឹង​ហ្ហា»។

លោក​ថ្លែង​បន្តថា៖ «មិនមែន​យើង​ធ្វើ​ឲ្យរួច​តែ​ពីមាត់​ទេ​ គឺយើង​ត្រូវ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​គោរព​កិច្ច​សន្យា ​យើង​ឲ្យគាត់​ចំណេ​ញមួយ​រយ​រៀល​ ហើយ​បាន​ព្រម​ព្រៀង​ហើយ​ចុះ​កិច្ច​សន្យា​។ អញ្ចឹង​គ្រប់​ម្ចាស់ផ្ទះ​ទាំងអស់​ដែល​មាន​កិច្ច​សន្យា​ ត្រូវ​តែ​អនុវត្ត​ លើកលែង​តែ​ម្ចាស់​ផ្ទះ​ហ្នឹង​ទើប​បើក​ថ្មី អត់​កិច្ច​សន្យាអី​យើង​ពិបាកហ្ហា ​អាហ្នឹង​ផ្សេង​គ្នា​អញ្ចឹង​ឲ្យ​ច្បាស់លាស់​ម៉ង​ហ្ហា។ ច្បាស់​លាស់​សុំ​ឲ្យ​គាត់​ខម​មិនចូល​ក្នុង​ហ្វេស​ប៊ុក​ហ្នឹង​មក»។

លោក កុង គីង​ហ៊ួរ​ ដែល​អះអាង​ថា ​ខ្លួន​ជា​អ្នកគ្រប់​គ្រង​ផ្ទះជួល​មួយ​កន្លែង​នៅ​តំបន់ផ្លូវវេង​ស្រេង​ បាន​ប្រាប់​វីអូអេ​ថា លោក​មិន​បានដឹង​ឮ​ពី​សេចក្តី​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​ដែលដើម​ឡើយ​មាន​ឈ្មោះ​ថា​ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ​ពាក់ព័ន្ធ​នឹង​ការ​កំណត់​តម្លៃ​ទឹក​របស់​កម្មករ​ដែល​នៅ​ផ្ទះ​ជួល​ ត្រឹម​៨០០​រៀល​ ក្នុងមួយ​ម៉ែត្រ​គូបនោះទេ​។

យ៉ាង​ណា​ក្តី​ លោក​និយាយ​ថា​ លោក​តែង​តែ​យក​ថ្លៃ​ទឹក​ពី​កម្មករ​ប្រមាណ​២.០០០ រៀល ​ក្នុង​មួយ​ម៉ែត្រ​គូប​ជា​យូរ​ឆ្នាំ​មក​ហើយ ​និង​មិន​ដែល​មាន​កម្មករ​ណា​ស្នើ​ឲ្យ​យក​តម្លៃ​ទឹក​ស្អាត៨០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គូប​ទេ​។ លោក​ក៏​នឹង​ពិចារណា​គិត​គូរ​ពីការ​សម្រួល​ដល់​កម្មករ ប្រសិន​បើ​មាន​ករណី​ដូច​ដែល​បាន​លើក​ឡើង​ថា​ ក្រសួង​តម្រូវ​ឲ្យ​ទម្លាក់​ថ្លៃ​ទឹក​ជូន​ដល់កម្មករនោះ។

លោក​ប្រាប់​វីអូអេ​ថា​៖ «ដូចជា​គ្រប់​ផ្ទះ​ទាំងអស់​ដូច​ជា​អត់​ឃើញ​មាន​ខាង​ណា​បាន​អនុវត្ត​ផង​។ ១០០​ រៀល ណា​ បើ​កាលពី​ខ្ញុំ​នៅ​យក​រដ្ឋ​មក​លក់​ឲ្យ​ខ្ញុំ​ក្នុង​គីឡូម៉ែត្រ​ដែល​រៀង​ច្រើន​ទៅ​ ដល់​១.៣០០​ជាង​ ដល់​ខ្ញុំ​អត់​បាន​ដើម​ផង​ ទម្រាំ​ដល់​១០០ទៀត យើង​ចូល​ខ្យល់​ខាត​ច្រើន​»។

ប្រធាន​នាយក​ដ្ឋាន​អាជីវកម្ម​រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​ លោក ​សោម សុវណ្ណ​ និយាយ​ថា​ រដ្ឋាករ​ទឹក​រដ្ឋ​ បាន​ទទួល​គោលការណ៍​ក្រសួង​ និង​បានកំណត់តម្លៃ​ទឹក​៨០០រៀល​ក្នុង​មួយ​ម៉ែត្រ​នេះ​ហើយ ប៉ុន្តែម្ចាស់​ផ្ទះ​ដែល​មាន​បន្ទប់​ជួល​មួយ​ចំនួន​ព្រម​ធ្វើ​តាម​ តែម្ចាស់​ផ្ទះ​ខ្លះ​ទៀត​នៅ​សុំចរចា​ជាមួយ​អ្នកជួល​ ដោយ​កំណត់​តម្លៃ​ផ្សេង​វិញ៕