ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការពារ​សិទ្ធិ​ការងារ រិះគន់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ថា ធ្វើឲ្យ​បាត់​ប្រយោជន៍​កម្មករ


រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

អ្នក​ការពារ​សិទ្ធិកម្មករ​មួយ​ចំនួន ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះការ​ខាត​បង់​ប្រយោជន៍​របស់​កម្មករ​និយោ​ជិត​នៅ​តាម​រោងចក្រ​សហគ្រាស​នានា នៅ​ក្រោយ​វិសោធនកម្ម​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្តីពី​ការ​ងារ​ ដែល​ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ។

បើតាម​សេចក្តី​ប្រកាស​រដ្ឋសភា​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១​ មាត្រា​ដែលត្រូវ​បាន​កែសម្រួល​មាន​ចំនួន​៨​មាត្រា​ ក្នុង​នោះ​មាន​មាត្រា ​១៦២ មាត្រា​៣០០​ និង​មាត្រា ៣៦៣ ដែល​ចែង​ពី​ការ​ធ្វើ​ការងារនៅ​ថ្ងៃ​បុណ្យ​ វិវាទ​បុគ្គល​ និង​អំពើ​ល្មើស​ទៅ​នឹង​មាត្រា​ផ្សេង​ទៀត​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការងារ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​១៩៩៧។

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស ​ហៅកាត់​ថា​សង់​ត្រាល់​ លោក​ ឃុន ថារ៉ូ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធនេះថា ​កម្មករ​និយោជិត​អាចប្រឈម​នឹង​ការ​បាត់​បង់​អត្ថ​ប្រយោ​ជន៍​មួយ​ផ្នែក​ទាក់​ទិន​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​បន្ថែម​ក្នុងមួយ​ថ្ងៃ​ សម្រាប់​ម៉ោង​ធ្វើការចំថ្ងៃ​បុណ្យ​ឈប់​សម្រាក​ ព្រោះ​មិន​ទាន់​មាន​ការ​ចែង​ច្បាស់​ថា ​ការ​សម្រេច​ឲ្យ​ប្រាក់​ឈ្នួល​បន្ថែម​នេះ​ នឹង​ត្រូវ​ធ្វើ​ដោយ​ដូច​ម្តេច​ ក្រោយ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ចុង​ក្រោយ​នេះ។

លោក​ ឃុន​ ថារ៉ូ​ ពន្យល់​យ៉ាង​ដូច្នេះ៖ «អីចឹង​ជា​ធម្មតា​ បើ​សិន​ជា​កម្មករ​គាត់​ធ្វើ​ការ​ងារ​ចំថ្ងៃ​បុណ្យ​ អាហ្នឹង​ត្រូវ​គុណ​ឲ្យ​គាត់​ជាពីរ​ ប្រាក់​ឈ្នួល​របស់​គាត់​ហ្នឹង​គុណ​ជា​ពីរ...អីចឹង​នៅ​ក្នុង​លក្ខខណ្ឌ​មួយ​នេះ​ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​នោះ​ គឺ​វា​មាន​ការ​ចែង​ដោយ​មាន​ការ​មិន​និយាយ​ច្បាស់​លាស់​ទៅ​នឹង​លក្ខខណ្ឌ​ដោយ​រង់​ចាំ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ។ អីចឹង​ការ​បារម្ភ​ហ្នឹង​ យើង​បារម្ភ​ខ្លាច​ថា​ បើ​សិន​ជា​មាន​ការ​បំពេញ​បែប​បទ​ ដែល​មាន​ការ​អនុញ្ញាត​ ដោយ​អធិការកិច្ច​ការ​ងារ​ អីចឹង​វាអាច​និយាយ​បាន​ថា​ លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ការ​ងារ​ចំ​ថ្ងៃ​បុណ្យ​ជាតិ​ បុណ្យ​អន្តរជាតិ​នៃ​ការ​ឈប់​សម្រាក​ហ្នឹង ប្រហែល​ជា​មិន​អាច​មាន​ការ​គុណ​ដូច​មុន​ ព្រោះ​អាហ្នឹង វា​ចែង​អត់​ច្បាស់»។

បើ​តាមសេចក្តី​ព្រាង​ច្បាប់​ស្តីពីវិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ចុង​ក្រោយចុះថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០ ដែល​វីអូអេ​បាន​ទទួល​ពី​អ្នក​ធ្វើ​ការ​ការពារ​សិទ្ធិ​ក្នុង​វិស័យ​ការងារ មានការ​កែសម្រួល​មាត្រា​១៦២​ ដោយ​ការ​លែង​អនុញ្ញាត​ឲ្យ​មាន​ការ​លើក​ពេល​នៃ​ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ ដែល​ចំ​លើ​ថ្ងៃ​អាទិត្យ។

មាត្រា​១៦២​ថ្មី​ក៏​បាន​ចែង​ថា៖ «​ការ​ធ្វើ​ការ​នៅថ្ងៃ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល​ ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អធិការ​ការងារ។ បែប​បទ ​និង​នីតិវិធី​នៃ​ការ​ធ្វើ​ការ​នៅថ្ងៃ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល ត្រូវ​កំណត់​ក្នុង​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ»។

ប្រធាន​សហភាពការងារ​កម្ពុជា ​លោក​ អាត់ ធន់​ ថ្លែង​ថា​ លោក​មិន​ទាន់​បាន​ឃើញ​ឯកសារ​ផ្លូវ​ការ​នៃ​ខ្លឹម​សារ​មាត្រា​នានា​ ដែល​ត្រូវ​បាន​កែម្រួល​ និង​យល់​ព្រម​ ដោយ​រដ្ឋសភា​ និង​ព្រឹទ្ធសភានោះ​ទេ​ ក៏​ប៉ុន្តែ​លោក​ថា​ មាន​មាត្រា​សំខាន់​ៗ៣​ ដែល​ទំនង​ជា​ត្រូវ​បាន​កែសម្រួល​ ហើយ​ដែល​អាច​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​របស់​កម្មករ។

លោក​បន្ត​ថា​ ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​ បាន​បដិសេធ​មិន​ឲ្យ​មាន​ការ​កែសម្រួល​មាត្រា​ទាំង​នោះ​ទេ ក៏​ប៉ុន្តែ​សំឡេង​ជំទាស់​របស់​អ្នក​តស៊ូមតិ ​មិន​ត្រូវ​បាន​ស្ថាប័ន​ធ្វើ​ច្បាប់ យក​ទៅ​ពិចារណាឡើយ។

«វា​អត់​ចំណេញ​ដល់​កម្មករ​ទេ​ វា​មាន[តែ]​ខាត​ប្រយោជន៍កម្មករ​ ហើយ​ជាពិសេស​គឺ​កាត់​ប្រយោជន៍​ការងារ​វេន​យប់​កម្មករ​ពី​១៣០% មក​នៅ​១០០%​ហ្នឹង​ ដូច​ជា​កាត់​ថ្ងៃ​បុណ្យ​ជាតិ​២៨ថ្ងៃ​ មក​នៅ​២១​ថ្ងៃ ដូច​ជា​កាត់​ថ្ងៃ​បុណ្យ​ចំ​ថ្ងៃ​អាទិត្យ​ដែល​កម្មករ​អាច​ឈប់​សម្រាក​បាន​មួយ​ថ្ងៃ​ទៀត​ នៅ​សល់​ អត់​ឲ្យ​ឈប់​ ហើយ​ដូច​ជា​ការ​ងារ​ដែល​ពាក់​ព័ន្ធ​វិវាទ​បុគ្គល​ គឺ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ហ្នឹង​យើង ​okay [​យល់​ស្រប]​ អាហ្នឹង​មួយ»។

លោក​បន្ថែម​ថា៖ «​ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​ គឺ​ពាក់​ព័ន្ធវិវាទ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ អត់​គិត​ អត់​រាប់​បញ្ចូល​ទេ ហើយ​បើ​អត់​រាប់​បញ្ចូល​មាន​ន័យ​ថា​ ឥឡូវ​វា​ធ្ងន់​ធ្ងរ​ជាង​គេ​ អា​រឿង​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ រឿង​បញ្ឈប់​អ្នក​ការពារ​ពិសេស​ហ្នឹង​ឯង។ ហើយបើ​អាហ្នឹង​អត់​យក​ចូល​ទៅ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ទេ​ យក​ទៅ​ត្រឹម​ក្រសួង​ការងារ​ អាហ្នឹង​អត់​មាន​ន័យ​ដដែល​ ចង់​និយាយ​ថា វា​អត់​មាន​ន័យ​ទាំង​អស់»។ ​

ចំណែក​ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ លោក​ ប៉ាវ​ ស៊ីណា ក៏​យល់​ស្របថា ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ចុង​ក្រោយ​នេះ​ នឹង​ធ្វើ​ឲ្យ​កម្មករ​ និយោជិត​បាត់​បង់​អត្ថប្រយោជន៍​ផ្សេង​ៗ​ ដែល​ពួក​គេ​ធ្លាប់​ទទួល​បាន​កន្លង​មក​ តួយ៉ាង​ដូច​ការ​លើក​ពេល​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ដែលចំលើ​ថ្ងៃ​អាទិត្យ។

លោក​ប្រាប់​វីអូអេ​ថា៖ «វា​មាន​ន័យ​ថា​ បើ​កម្មករ​ បើ​ថ្ងៃ​បុណ្យ​ចំថ្ងៃ​អាទិត្យ​ អីចឹង​កម្មករ​ ដេក​បាន​ពីរ​ថ្ងៃ​ ថ្ងៃ​អាទិត្យ​មួយ​ថ្ងៃ​ ថ្ងៃ​ចន្ទ​មួយ​ថ្ងៃ​ទៀត​ ថ្ងៃ​អង្គារ​បាន​គាត់​ចូល​ទៅ​ធ្វើ​ការ​ តែ​ឥឡូវ​អត់​ទេ​ បើ​ថ្ងៃ​បុណ្យ​ចំ​ថ្ងៃ​អាទិត្យ​ ថ្ងៃ​ចន្ទ​ អត់​មាន​ការ​លើក​សង​អី​ទេ​ គឺ​កម្មករ​ត្រូវ​ទៅ​ធ្វើ​ការ​ធម្មតា​ ហើយ​អត់​ទៅ​ធ្វើ​ការ​គេ​កាត់​លុយ​ហើយ​ ដាច់​លុយ​ហើយ​ ដាច់​ប្រាក់​ខែ​ ដាច់​លុយ​ថ្ងៃ ដាច់​លុយរង្វាន់​អី​ជាដើម»។

លោក​បញ្ជាក់​ទៀតថា ​ក្រុមសហជីព​មិន​ដែល​ចង់​បាន​វិសោធនកម្ម​ច្បាប់​ណា​ ដែល​ធ្វើឲ្យខូច​ប្រយោជន៍​កម្មករ​ទេ​ ហើយ​ថា​ មតិ​ជំទាស់​របស់ក្រុមសហជីព​កន្លង​មក​ ក៏ត្រូវ​បាន​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ការងារមើល​រំលង​ផង​ដែរ។

ប្រធាន​នាយក​ដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​លោក​ កុយ​ ទេព​ដារាវុធ​ បដិសេធ​មិន​ផ្តល់​ការ​អធិ​ប្បាយ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​អ្នក​នាំពាក្យ​ក្រសួង​ការងារ។

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​រដ្ឋ​លេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងការ​ងារ​លោក​ ហេង សួរ​ បាន​ទេ​នៅថ្ងៃ​ពុធនេះ។ វីអូអេ​ក៏មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពីលោក ​ឡេង ប៉េង​ឡុង​ អ្នកនាំពាក្យ​រដ្ឋសភា​បាន​ដែរ។

យ៉ាងណា​ក៏​ដោយ​ នៅ​ក្រោយ​ពេល​ប្រជុំ​នៅ​រដ្ឋសភា​ កាល​ពី​ថ្ងៃទី​៩ ខែ​កញ្ញា គណនី​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​រដ្ឋមន្ត្រីក្រសួង​ការ​ងារ​លោក ​អ៊ិត សំហេង​ បាន​វាយ​តម្លៃ​ពី​គុណ​តម្លៃ​នៃ​ច្បាប់​ស្តីពី​ការងារ គឺ​ជាក្រប​ខណ្ឌ​គតិយុត្តិដ៏សំខាន់​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិការងារ​ និង​ភាព​សុខដុមរមនា​ក្នុង​ទំនាក់​ទំនង​វិជ្ជាជីវៈ​ ស្រប​ពេល​ដែល​កម្ពុជា​ចាប់​ផ្តើម​អភិវឌ្ឍ​វិស័យ​ការងារ ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ»។

លោក​រដ្ឋមន្ត្រីការងារ​បន្ថែមថា​ ច្បាប់​ស្តី​ការងារ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​ពីរ​លើក​រួចមក​ហើយ​ ដែល​ក្នុង​នោះ​នៅ​ឆ្នាំ​២០០៧​ វិសោធនកម្ម​ពាក់​ព័ន្ធ​នឹង​អត្រា​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង​ និង​ការងារ​ពេល​យប់​ និង​ឆ្នាំ​២០១៨​ វិសោធនកម្ម​ពាក់​ព័ន្ធ​នឹង​ប្រាក់​បំណាច់​អតីត​ភាព​ការងារ៕

XS
SM
MD
LG