អង្គការ​សហ​ប្រជាជាតិ៖ ​លម្ហ​នយោបាយ​និង​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​មិន​អំណោយ​ផល​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ 

រូបឯកសារ៖ ទង់ជាតិខ្មេរត្រូវបានដោតលើរបងលួសដែលប៉ូលិសបានដាក់បិទច្រកចូលអគាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងអំឡុងពេលបាតុកម្មមួយដែលធ្វើឡើងដោយកម្មកររោងចក្រទាមទារការដំឡើងប្រាក់ឈ្នួល នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៣។

មិន​ដល់​ប្រាំ​ខែ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នឹង​ឈាន​មក​ដល់​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ​ ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​បាន​វាយ​តម្លៃ​ថា​ លម្ហ​នយោបាយ​និង​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​កំពុង​តែ​ដុនដាប។ ​ក៏ប៉ុន្តែ​ការ​លើក​ឡើង​បែប​នេះ​ត្រូវ​បាន​ច្រាន​ចោល​ និង​ចាត់​ទុក​ថា​«ផ្ទុយ​ពី​ការណ៍​ពិត»​ដោយ​មន្ត្រី​រដ្ឋាភិបាល។ ​

ឧត្តម​ស្នងការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ លោក ​Volker Türk បាន​ថ្លែងថា ​សាលក្រម​ដ៏​ធ្ងន់ធ្ងរ​កាត់​ទោស​លោក​ កឹម សុខា​ ឱ្យ​ជាប់​ឃុំ២៧​ឆ្នាំ ​និង​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី​«ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លម្ហ​ស៊ីវិល ​និង​នយោបាយ ​រួម​ទាំង​បរិយាកាស​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ផង​ដែរ»។​

លោក​បាន​ថ្លែង​ដូច្នេះ​ នៅ​ក្នុង​សន្និបាត​លើក​ទី​៥២​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ ​ទី​៧​ ខែ​មីនា​នេះ។​

បរិយាកាស​នយោបាយ​និង​សិទ្ធិ​មនុស្ស​ក្នុង​ស្ថានភាព​ដុនដាប​នេះ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស​លោក​ខាង​លិច​ ដូចជា​សហ​រដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​ផង​ដែរ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​៣​ ខែ​មីនា​កន្លង​ទៅ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក ​Ned Price ​បាន​ថ្លែង​ជា​លាយ​លក្ខណ៍​អក្សរ​ថា៖ ​«ការ​ផ្តន្ទាទោស​លើ​លោក​ កឹម សុខា ​គឺ​ជា​ផ្នែក​នៃ​ទំនោរ​ដ៏ធំ​មួយ​នៃ​ការ​គំរាម​កំហែង ​បំភិតបំភ័យ​ដោយ​អាជ្ញាធរ​កម្ពុជា​ និង​សកម្ម​ភាព​មិន​អាច​ទទួល​យក​បាន​ផ្សេងៗ​ទៀត​ ដែលដៅ​ទៅ​លើ​ក្រុម​មេ​ដឹកនាំ​នយោបាយ​ប្រឆាំង ​សារ​ព័ត៌មាន ​និង​សង្គម​ស៊ីវិល។ ​សកម្ម​ភាព​ទាំង​អស់​នេះ​ប៉ះពាល់​ដល់​ឱកាស​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី ​មាន​តម្លាភាព​ និង​យុត្តិធម៌​មួយ»។

ដោយ​ឡែក ​នៅ​ថ្ងៃ​ដដែល​នោះ ​ប្រធាន​ផ្នែក​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​លោក ​Josep Borrell ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្រដៀង​គ្នា​មួយ ​ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ «បង្កើត​ស្ថានភាព​ដែល​អំណោយ​ផល​ដល់​ការ​បោះឆ្នោត​ដែល​មាន​តម្លាភាព​និង​ដែល​អាច​ទទួល​យក​បាន» ​នា​ខែ​កក្កដា​ខាង​មុខ​នេះ។​

ព័ត៌មាន​ទាក់ទង៖ អ្នក​ជំនាញ​អ.ស.ប ជំរុញ​ឱ្យ​អនុញ្ញាត​វីអូឌី​ដំណើរការ​ឡើង​វិញ ដើម្បី​អាច​រាយការណ៍​នៅ​មុន​ការ​បោះ​ឆ្នោត

ក៏​ប៉ុន្តែ​ការ​លើក​ឡើង​ទាំង​អស់​ខាង​លើ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។​ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅ​នឹង​កង្វល់​របស់​ប្រទេស​លោក​ខាង​លិច​ ដោយ​លើក​ឡើង​ថា៖​ «យើង​មិន​អត់​ឱន​ឱ្យ​សកម្ម​ភាព​ណា​ក៏​ដោយ ​ទោះបី​ដោយ​តម្លៃ​ណា​ក៏​ដោយ ​ដែល​បំផ្លាញ​សន្តិភាព​នៅក្នុង​កម្ពុជា។ ​យើង​យល់​ យើង​ដឹង​អំពី​បំណង​របស់​មនុស្ស​ខ្លះ​ដែល​ជា​មជ្ឈដ្ឋាន​ក្រៅ​ប្រទេស​ផ្តល់​ក្តី​កង្វល់​ចំពោះ​យើង​ តែ​យើង​ក៏​សុំ​ប្រាប់​ទៅ​អ្នក​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា ​អ្នក​ក៏​គួរ​យល់​អំពី​កង្វល់​របស់​យើង​ដែល​ជា​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ជា​ទឹកដី​ដ៏​កម្សត់​មួយ​ ដែល​ពួក​អ្នក​បាន​រួម​ចំណែក​បំផ្លាញ​ និង​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​យើង​កាលពី​ពេល​មុន»។​

សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នកនាំ​ពាក្យ​ម្នាក់​របស់គណបក្ស​ លោក សុខ ឥសាន​បាន​ច្រាន​ចោល​កង្វល់​របស់​សហគមន៍​អន្តរជាតិ ​ដោយ​ចាត់ទុក​ការ​លើកឡើង​បែប​នោះ​ថា​ «ផ្ទុយ​ពី​ការណ៍​ពិត»។​

លោក​ថ្លែង​ថា៖​ «ការ​និយាយ​ថា ​ការ​កាត់ទោស ​កឹម សុខា ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិយាកាស​នយោបាយ​ ខ្ញុំ​យល់​ថា ​វា​ផ្ទុយ​អំពី​ការណ៍​ពិត​ហើយ​និយាយ​នេះ ​ពីព្រោះ​ឥឡូវ​មាន​បញ្ហា​អី ​ប្រជា​ពលរដ្ឋ​ទូទៅ​គេ​អបអរ​សាទរ​ គេ​ស្វាគមន៍​ដើម្បី​នៅ​ក្នុង​ទិស​ដៅ​ការពារ​ឱ្យ​បាន​រឹងមាំ​នូវ​សន្តិភាព​ ស្ថិរភាព​នយោបាយ»។​

ព័ត៌មាន​ទាក់ទង៖ តុលាការ​កាត់​ទោស​ លោក កឹម សុខា ឱ្យជាប់​ពន្ធនាគារ​ ២៧​ឆ្នាំ មិន​ឱ្យ​ជួប​ជន​បរទេស និង​ឱ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​រហូត

កាលពី​ថ្ងៃ​សុក្រ ​ទី​៣​ ខែ​មីនា ​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​ លោក ​កឹម សុខា ​ឱ្យ​ជាប់​ទោស​២៧​ឆ្នាំ​ដោយ​ជាប់​ឃុំ​ក្នុង​ផ្ទះ ​និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ទាំងស្រុង ​ពី​បទ​សន្ទិដ្ឋិភាព​ ដែល​ស្មើ​នឹង​បទ​ក្បត់ជាតិ។

នៅ​ថ្ងៃ​ដដែល​នោះ ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​ ដោយ​បាន​ចាត់​ទុក​ថា​ ការ​សម្តែង​ក្តី​កង្វល់​របស់​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​លោក​ខាង​លិច ​រួមមាន​សេចក្តី​ថ្លែង​ការណ៍​របស់​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ផង​នោះ​ គឺ​ជា​ទង្វើ​«ដំឡើង​ខ្លួន​តាម​ទំនើង​ចិត្ត​ ពី​តួនាទី​ការទូត​ធម្មតា​របស់​ខ្លួន​ទៅ​ធ្វើ​ជា​អនុរក្ស​ដាក់​ពិន្ទុ​ក្រៅ​ដែន​កំណត់​របស់​ខ្លួន​ ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​ម្ចាស់​ផ្ទះ»។

ក្រសួង​ការ​បរទេសក៏​បាន​អះអាង​ផង​ដែរ​អំពី​ការ«ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ ​ដោយ​សេរី​ ត្រឹមត្រូវ ​យុត្តិធម៌ ​និង​មាន​តម្លាភាព​និង​ឆ្លុះ​បញ្ចាំង​យ៉ាង​ពេញ​ទំហឹង​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ»។​

ខណៈ​មជ្ឈដ្ឋាន​រដ្ឋាភិបាល​នៃ​ប្រទេស​លោក​ខាង​លិច​និង​សហគមន៍​អន្តរជាតិ ​និង​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ជំហរ​ខុស​គ្នា​នោះ ​ តំណាង​នៃគណបក្ស​នយោបាយ​តូចៗ​មួយ​ចំនួន​ ដែល​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា ​បាន​យល់​ថា ​បរិយាកាស​នយោបាយ​នា​ពេល​នេះ​មាន​សភាព​អាប់អួរ​ ហើយ​ពួក​គេ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រុង​ប្រយ័ត្នជា​ទីបំផុត​ រហូត​ដល់ថ្ងៃ​បោះឆ្នោត​មក​ដល់។​

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក ​គឹមសួរ ភិរិទ្ធ​ បាន​លើក​ឡើង​ថា ​បរិយាកាសនយោបាយ​បច្ចុប្បន្ន​នេះមិន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​គណបក្ស​នយោបាយ​ផ្សេងៗ​ ដែល​អាច​បង្កើន​ភាព​ជឿ​ជាក់​ថា​ ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា​ខាងមុខ​នឹង​«ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេរី​ យុត្តិធម៌​ និង​ដោយ​គ្មាន​អំពើ​គំរាម​កំហែងនយោបាយ»​ឡើយ។​

លោក​ថ្លែង​ថា៖ ​«យើង​ឃើញ​ថា​ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ផ្នែក​នយោបាយគឺ​ត្រូវ​បាន​រឹត​ត្បិត​តូច​ចង្អៀត​មែន​ទែន។ ​ហើយ​ជា​ទូទៅ​ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការដើម្បី​ធ្វើ​ម៉េច​ឱ្យ​បុគ្គល​ដែល​ជា​អ្នក​នយោបាយ​អី​ផ្សេងៗ​ហ្នឹង​រឹតត្បិត​ធ្វើ​ការ​បញ្ចេញ​មតិ​រិះគន់​ទៅ​លើ​សកម្ម​ភាពសកម្ម​មួយ​ចំនួន​ ឬ​ក៏​អំពើ​មិន​គប្បី​មួយ​ចំនួន​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន»។​

បើ​តាម​ការ​លើក​ឡើង​មុនៗ​របស់​គណបក្ស​ភ្លើងទៀន ​ស្ថានភាព​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន​ ​មិន​សូវ​អំណោយ​ផល​ល្អ​ដល់​សកម្ម​ភាព​បញ្ជ្រាប​គោល​នយោបាយ​របស់​គណបក្ស​ទេ ​ដោយសារ​មាន​សកម្មភាព​រឹតត្បិត ​និង​រំខាន​មួយ​ចំនួន​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។ ​

Your browser doesn’t support HTML5

Hello VOA៖ បរិយាកាស​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន​មិន​ទាន់​អំណោយផល​ដល់​ការ​ប្រជែង​ដោយ​ស្មើ​ភាព​

ជា​មួយ​គ្នា​នេះ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានក៏​បង្ហាញ​ជំហរ​ស្រដៀង​គ្នា​នឹង​គណបក្ស​ភ្លើង​ទៀន​ដែរ ​ដោយ​លើក​ឡើង​ថា ​បរិយាកាស​នយោបាយ​ក្រោយ​សាល​ក្រម​កាត់ទោស​ដ៏​ធ្ងន់​លើ​លោក​ កឹម សុខា ​មិន​អំណោយ​ផល​នោះ​ទេ ​ដោយ​វា​បង្ក​ជា​ក្តី​បារម្ភ​អំពី​ការ​ប្តឹង​ផ្តល់​តាម​ផ្លូវច្បាប់​នានា​ ជាពិសេស​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេង​គាំទ្រ។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ សាម អ៊ីន​ អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។​

លោក​បាន​ថ្លែង​ថា៖ ​«នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ វា​ពិបាក​ញែក​គ្នា​ឱ្យ​ដាច់​អារឿង​ការ​បង្អាប់​ បង្ខូច​កេរ្តិ៍​ឈ្មោះ​ ប៉ះពាល់​បរិហារ​កេរ្តិ៍​ជាមួយ​នឹង​ការ​ទិតៀន​ផ្នែក​គោល​នយោបាយ​ ដូច​យើង​ចែក​គ្នា​មិន​ដាច់។ ​វា​មាន​ការ​លំបាក​ត្រង់​ហ្នឹង ​ហើយ​ពេល​ណាមួយ​វា​ឈាន​ទៅ​ដល់​ការ​ប្តឹង​ផ្តល់​ផ្នែក​តុលាការ​អ៊ីចឹង ​យើង​មាន​ប្រព័ន្ធ​តុលាការ​មួយ​ដែល​យើង​មិន​ទាន់​អាច​ជឿជាក់​បាន»។​

ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​តូចៗ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សេរីភាព​នយោបាយ​រឹតត្បិត​នោះ​ គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតហៅ​កាត់​គ.ជ.ប.​បាន​លើក​ឡើង​ថា ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​កំពុង​ធ្វើឡើង​ដោយ​«ប្រក្រតី​ មិន​មាន​បញ្ហា​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ»។​

អ្នក​នាំ​ពាក្យ​គ.ជ.ប.​លោក ​ហង្ស ពុទ្ធា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖​ «ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោតកំពុង​តែ​អនុវត្ត​ជា​ប្រក្រតី​ មិន​មាន​បញ្ហា​អ្វីគួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។ ​បញ្ហា​វោហារ​សព្ទ ​ឬ​ក៏​ទង្វើរបស់​អ្នក​នយោបាយគឺ​ជា​រឿង​មួយ​ដែល​មាន​ការ​ដោះ​ស្រាយ​គ្នា​តាម​បែប​អហិង្សា​ តាម​បែប​តុលាការ»។​

ដូច​គ្នា​ដែរ ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ ក៏​បាន​បញ្ជាក់​ពីក្តី​រំពឹង​របស់​ខ្លួន​ថា ​ ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ​នឹង​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក ​ដោយ​មាន​«ការ​ពង្រឹង​សណ្តាប់ធ្នាប់​នយោបាយ​និង​សង្គម»​យ៉ាង​ហ្មត់ចត់ ​ដោយ​មិន​អត់​ឱន​រាល់​ «ឧបាយ​កល ​ឬ​សកម្មភាព​ប្រទូសរ៉ាយ​ណា​មួយ​ឡើយ»។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សុខ ឥសាន។

លោក​ថ្លែង​ថា៖ ​«ពួក​ប្រឆាំង​គេ​ចង់​បង្ក​បង្កើត​ឱ្យ​មាន​អសន្តិភាព​នៅ​ក្នុង​សង្គម ​ចលាចល​ ឬ​ក៏​មាន​ការ​រំពើក​រំពើង​នៅ​ក្នុង​សង្គមជាតិ ​តែ​ដើម្បី​គេ​យក​លេស​ហ្នឹង​ដើម្បី​ថា ​ សភាព​ការណ៍​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​វា​មិន​ល្អ។ ​អ៊ីចឹង​ទេ ​គេ​មួល​បង្កាច់​មក​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​រាជ​រដ្ឋាភិបាល»។​

ដោយ​ឡែក ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា​ បាន​វាយ​តម្លៃ​ថា ​ក្តី​កង្វល់​អំពី​បរិយាកាស​មិន​អំណោយ​ផល​ដល់​ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ ​ដែល​សេរី ​យុត្តិធម៌ និង​មាន​តម្លាភាព​នោះមាន​លក្ខណៈ​«សុក្រឹត​និង​ត្រឹមត្រូវ​ច្រើន»។​

លោក​ថ្លែង​ថា៖ ​«បើ​យើង​មើល​ទៅ ​វា​អាច​មាន​ភាព​សុក្រឹត ​ឬ​ក៏​ត្រូវ​ច្រើន ​ជា​ទស្សនៈ​ខ្ញុំ​ ដោយសារ​អី ​ដោយសារ​កត្តា​នៃ​គោល​ការណ៍​អាជ្ញា​កណ្តាល​នៃ​គណៈ​កម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតហាក់​ដូច​ជាសមាសភាព​ភាគ​ច្រើន​ចេញ​ពី​គណបក្ស​កាន់​អំណាច​ គណបក្ស​ CPP គណបក្ស​ប្រជាជន​ណា៎។ ​អ៊ីចឹង​ទេ ​យន្តការ​នៃ​អ្នក​ប្រកួត​និង​អាជ្ញា​កណ្តាល​ហ្នឹង​តែ​មួយ​អ៊ីចឹង ​វា​មិន​អាច​ផ្តល់​ភាព​យុត្តិធម៌ច្រើន»។​

បន្ថែម​លើ​នេះ ​លោក​សាស្ត្រាចារ្យ​ក៏​បាន​កត់​សម្គាល់​ថា ​សាលក្រម​កាត់ទោស​លោកកឹម សុខា​ដ៏​ធ្ងន់ធ្ងរ​នេះ​អាច​នឹង​ជា​កាតាលិករ​ប្រមូល​សំឡេង​របស់​អ្នក​បោះឆ្នោត​ ដែល​ធ្លាប់​គាំទ្រ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ឱ្យគណបក្ស​ភ្លើង​ទៀន។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​សំឡេង​វា​អាច​មក​មូល​គាំទ្រ​ទៅ​លើ​គណបក្ស​ភ្លើងទៀន ​ដោយសារ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ។ ​អ៊ីចឹង​សំឡេង​គណបក្ស​ភ្លើងទៀន​អាច​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ហ្នឹង ​អាច​រស់​ឡើង​វិញ​ខ្លះ។ ​ក៏ប៉ុន្តែ​សកម្ម​ភាព​ឬ​ក៏​ការងារ​របស់​គណបក្ស​ភ្លើង​ទៀន​ហ្នឹងមិនទាន់​ខ្លាំង​ក្លា​នៅ​ឡើយ​ទេ ​ប៉ុន្តែ​អាច​ទទួល​បាន​សំឡេង​ច្រើន។ ​អាច​សង្ឃឹម ​បើ​ទស្សនៈ​ខ្ញុំ​ប៉ាន់​ប្រមាណ​ អាច​បាន​ដល់​មួយ​ភាគបី។ ​វា​មិន​អាច​បាន​សំឡេង​ស្មើ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ២០១៣​ទេ»។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ​នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ខាង​មុខ​នេះ។ ​បើ​យោង​សេចក្តី​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ពលរដ្ឋ​ប្រមាណ​៩​លាន​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត។ ​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ ក៏​ជា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​លើក​ដំបូង​ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ភ្លើងទៀន ​ដែល​សាធារណ​ជន​មួយ​ចំនួន​យល់​ថា ​ជា​គណបក្ស​នយោបាយ​មួយ ​ដែល​តំណាង​ឱ្យ​អ្នក​នយោបាយ​ប្រឆាំង​ពិតប្រាកដ ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨៕​