ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតាមដាន​មាន​មតិ​ចម្រុះ ក្រោយ​ការកាត់​ទោស​លោក កឹម សុខា


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ក្រោយ​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ឱ្យ​លោក ​កឹម​ សុខា​ ជាប់​ពន្ធនាគារ​២៧​ឆ្នាំ​ពី​បទ​ក្បត់​ជាតិ​ ដោយ​ការ​ឃុំ​ខ្លួនមេ​ដឹកនាំ​នយោបាយ​ជំទាស់​រូប​នេះឲ្យ​ស្ថិត​នៅតែ​ក្នុង​ផ្ទះ​នោះ អ្នក​តាម​ដាន​បាន​បង្ហាញ​មតិ​ចម្រុះ​ជុំ​វិញ​ការ​ផ្តន្ទាទោស​លើ​សំណុំ​រឿង​ក្បត់​ជាតិ​ដ៏​ចម្រូង​ចម្រាស​មួយ​នេះ។

អ្នក​តាម​ដាន​ខ្លះ​ថា ​ការសម្រេច​របស់​តុលាការ​នេះ​គឺ​ជា​ទី​អវសាន​នៃ​ជីវិត​នយោបាយ​របស់​លោក ​កឹម សុខា ​ខណៈ​អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា បញ្ហា​របស់​អ្នក​នយោបាយ​ជំទាស់​ចាស់​វស្សា​រូប​នោះគ្រាន់​តែ​ជា​រឿង​មួយ​ផ្នែក​ ដែល​មិន​អាច​បង្ក​ផល​ប៉ះពាល់​អាក្រក់ដល់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​នេះឡើយ។​

ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៣ ​ខែ​មីនា​ ឆ្នាំ​២០២៣​ បាន​សម្រេច​ផ្តន្ទា​ទោស​លោក​កឹម សុខា ​អតីត​មេ​ដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូលឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល២៧ឆ្នាំ​ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស ​ឬ​ឃុប​ឃិត​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស ​តាម​មាត្រា៤៤៣នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ដែល​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ។ ​ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ឡើយ។ ​ហើយ​តុលាការ​ក៏​បាន​ដក​ហូត​ជា​ស្ថាពរសិទ្ធិ​បោះឆ្នោត​ និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ និង​សិទ្ធិ​នយោបាយផ្សេង​ទៀត។​

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ដែល​តុលាការ​សម្រេច​បែប​នេះ​ជា​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោកកឹម សុខា​ និង​ថា ​លោក ​កឹម សុខា​ មិន​អាច​ធ្វើអី​បាន​ទៀត​ឡើយ​ក្រៅ​ពី​ប្តឹង​ទាស់​នឹង​សាល​ក្រម​នោះ។​

បើ​តាម​អ្នក​វិភាគ​រូប​នេះ ​នៅ​ក្នុង​ដំណាក់​កាល​អន្តរកាល​បច្ចុប្បន្ន​រហូត​ដល់​ការ​បោះ​ឆ្នោតនឹង​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​ឡើយ​ ហើយវា​អាច​មាន​ការ​បន្ថយ​ទោស​នៅ​ពេល​ដែល​ការ​ផ្ទេរ​អំណាច​ត្រូវ​បាន​គណបក្ស​គ្រប់​គ្រង​ប្រទេស​ធ្វើ​បាន​សម្រេច។​

លោក​បញ្ជាក់​ថា៖​ «ត​ទៅ​រហូត​ដល់​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ហើយ ​ឬ​ក៏​ចូល​ឆ្នាំ​២០២៤​ នៅ​ពេល​ដែល​គេ​រៀប​ចំ​ផ្ទេរ​អំណាច​រួច​ទៅ​អ្នក​ជំនាន់​ថ្មី​ គេ​អាច​ទម្លាក់​បទ​ចោទ​ឱ្យ​មក​នៅ​ត្រឹម​ ឧទាហរណ៍​ថា​ ត្រឹម​១០​ឆ្នាំ ​ឬ​ក៏​១២​ឆ្នាំ​អ៊ីចឹង​ទៅ ​ហើយ​គាត់​អនុវត្ត​ទោស​បាន​២​ភាគ​៣ ​គេ​អាច​សុំ​លើក​លែង​សម្រាល​ទោ​សអី។​ អាហ្នឹង​តាម​ថ្នាក់​ដឹកនាំ​ជំនាន់​ក្រោយ​ ឬក៏​មេ​ដឹក​នាំ​ជា​នាយក​រដ្ឋមន្ត្រី​ជំនាន់​ថ្មី​យក​គុណ​សម្បត្តិ​ផ្សះ​ផ្សា​បង្រួប​បង្រួម​អី​ គេ​អាច​ប្រើ​បាន។ ​ប៉ុ​ន្តែ​នៅ​ក្នុង​ដំណាក់​បច្ចុប្បន្ន​រហូត​ដល់​ការ​បោះ​ឆ្នោត​នេះ ​គ្មាន​អ្វី​ប្រែ​ប្រួល ​ឬក៏​ធ្វើអ្វី​បាន​ទេ»។​

ក្រៅពី​ការ​បាត់​បង់សិទ្ធិ​ធ្វើ​នយោបាយ​ និង​សិទ្ធិ​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ លោក​ កឹម សុខា​ ក៏​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ហាម​ឃាត់​មិន​ឱ្យ​ជួប​ជន​បរទេស ​ដូច​អ្វី​ដែល​លោក​ធ្លាប់​បាន​ជួប​តំណាង​អង្គ​ទូត​បរទេស​នានា ​នៅ​ពេល​លោក​មិន​ទាន់​ត្រូវ​បាន​កាត់​ទោស​នោះ។​

អ្នក​វិភាគ​នយោបាយ ​លោក​ សេង សារី​ សង្កេត​ឃើញ​ថា​ មួយ​រយៈ​កាល​ចុង​ក្រោយ​ នេះ​ រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និង​កំពុង​ប្រើ​យុទ្ធ​សាស្ត្រ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​ ក្នុង​នោះ​មាន​មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន។​

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុងតែ​បោះ​ជំហាន​ទៅ​កាន់​ប្រព័ន្ធ​ដឹកនាំ​នយោបាយ​បែប​ឯកបក្ស​ ដែល​លែង​ត្រូវ​ការ​គណ​បក្ស​ប្រឆាំង​ដើម្បី​លម្អ​នូវ​អ្វី​ដែល​លោក​ហៅថា​ «សួន​ប្រជា​ធិបតេយ្យ»។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​នេះ​ថា៖​ «មូលហេតុ​នេះ​ហើយ​បាន​ខ្ញុំ​មើល​ឃើញ​ថា ​ស្ថាន​ភាព​នេះ​មិនមែន​ជា​រឿង​ដែល​រដ្ឋាភិបាល​ត្រូវ​ការ​អ្នក​ចូល​រួម​តាម​ប្រព័ន្ធ​សេរី​ពហុបក្ស​ តាម​ការ​ប្រកួត​ប្រជែង​ដែល​មាន​ភាព​ស្មើ​គ្នា​ទេ​គឺ​ត្រូវការ​តែ​គណបក្ស​តូចៗ​ណា​ដែល​គ្មាន​សំឡេង​គាំទ្រ​ទាល់តែ​សោះ ​ដែល​រាប់​ថា​ ជា​សេរី​ពហុបក្ស​បែប​បរិមាណ។​ អ៊ីចឹង​ហើយ​សម្រាប់​ខ្ញុំ ខ្ញុំ​មើល​ឃើ​ញ​ថា​ ​វា​ដូច​ជា​ប្រព័ន្ធ​ឯក​បក្ស​ដែរ​ ប៉ុន្តែ​ឯក​បក្ស​ជ្រក​ក្រោម​ស្លាក​ពហុបក្ស»។​

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ថា​ និកហ្វិច​ (NICFEC)​ លោក សំ គន្ធាមី​ បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​ដែល​តុលាការ​សម្រេច​ដក​សិទ្ធិ​នយោបាយ​របស់​លោក​ កឹម សុខា ​ព្រោះ​លោក​ចង់​ឃើញ​មាន​អ្នក​នយោបាយ​ជំទាស់​ដ៏​លេច​ធ្លោរូប​នោះចូល​រួម​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។​

លោក​ថ្លែង​ថា៖​ «វា​អត់​បែប​ម៉េច​ទេ​ គ្រាន់តែ​យើង​ចង់​[ឱ្យ]គាត់​មាន​ការ​ចូល​រួម​នយោបាយ ​ព្រោះ​គណ​បក្ស​ភ្លើង​ទៀន​គាត់​នៅ​ដំណើរ​ការ​ធម្មតា​ដដែល​ទេ ​តែ​យើង​ចង់​បាន​គណ​បក្ស​ ឬ​អ្នក​នយោបាយ​ច្រើន​ចូល​រួម ​វា​ល្អ​ក្នុង​ការ​ប្រកួត​ប្រជែង»។​

ទោះ​ជា​យ៉ាងណា ​លោក ​សំ គន្ធាមី អះអា​ថា ​ការ​សម្រេច​របស់​តុលាការ​នេះ​ក៏​មិន​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​បាន​ដែរ ​ដោយ​សារ​តែ​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី​ និង​យុត្តិធម៌​ត្រូវ​មើល​លើ​ការ​រៀបចំ​ និង​សកម្ម​ភាព​របស់​គណបក្ស​នយោបាយ។​

គណបក្ស​ភ្លើងទៀន ​កាល​ពីថ្ងៃទី​៣ ​ខែ​មីនា ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​បង្ហាញ​ក្តី​បារម្ភ​ និង​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ ព្រោះ​ថា ​ការ​សម្រេច​នេះ​មិន​ផ្អែក​លើ​ភស្តុតាង​ជាក់​លាក់​ដើម្បី​ដាក់​បន្ទុក​ ដែល​វា​ខុស​ភាព​ប្រក្រតី។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «គណបក្ស​ភ្លើងទៀន​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ធ្វើការ​ពិចារណា​យ៉ាង​ល្អិត​ល្អន់​ក្នុង​រឿង​ក្តីនេះ​ ដោយ​ផ្អែក​លើ​ភស្តុតាង​ជាក់​លាក់​ដើម្បី​ផ្តល់​នូវ​ភាព​យុត្តិធម៌​ពិត​ប្រាកដ​ដល់​លោក​ កឹម សុខា»។​

លោក​ ជិន ម៉ាលីន ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​សម្រេច​របស់តុលាការ​គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ភស្តុតាង​ជាក់លាក់​ និង​នីតិវិធី​របស់​កម្ពុជា ហើយ​ថា​ ប្រតិកម្ម​ប្រឆាំង​នឹង​ការ​សម្រេច​ក្តី​នេះធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នយោបាយ​ ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់​នៅ​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «ក្នុង​នេះ​បាន​បញ្ជាក់​ច្បាស់​ហើយ​ពី​ទិដ្ឋភាព​និង​យន្តការ​នៃ​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។​ អ៊ីចឹង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ នីតិរដ្ឋ​នៅ​ទៅ​មុខ​ធម្មតា»។​

យ៉ាង​ណា​ក៏​ដោយ សហមេធាវី​ការពារក្តី​លោក ​កឹម សុខា​ គឺ​អ្នកស្រី​ ម៉េង សុភារី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ក្រុម​មេធាវី​នឹង​ដាក់បណ្តឹង​ឧទ្ធរណ៍​ តែ​អ្នកស្រីមិន​ទាន់​អាច​បញ្ជាក់​ពេល​វេលា​ជាក់​លាក់​នៃ​ការ​ដាក់​បណ្តឹង​សាទុក្ខ​នេះ​ទេ​ ដោយសារ​មិន​ទាន់​បាន​ទទួល​លិខិត​សាលក្រម​កាត់​ទោសលោក ​កឹម សុខា។​

អ្នកស្រី​បញ្ជាក់​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ថា៖​ «ខ្ញុំ​អាច​ជម្រាប​ជូន​ត្រឹម​ថា ​បណ្តឹង​ឧទ្ធរណ៍​គឺ​បន្ទាប់ពី​យើង​បាន​សាលក្រម​ពី​សាលា​ដំបូង​ហើយ​សិន​ យក​មក​អាន​សិន។ ​ឥឡូវ​អត់​ទាន់​ទទួល​បាន​ទេ»។​

ដោយ​ឡែក នាយក​គ្រប់​គ្រង​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ អំ សំអាត​ ថ្លែង​ថា ​ការ​កាត់​ទោស​លោក ​កឹម សុខា ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​កំពុង​តែ​រំកិល​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត​ ហើយ​លោក​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​សកម្ម​ជន​គណបក្ស​នយោបាយ​ ជាពិសេស​លោក​ កឹម សុខា។​

លោក​បញ្ជាក់​ថា៖ ​«វា​ហាក់បី​ដូចជា​លទ្ធិ​ប្រជា​ធិបតេយ្យ​ក៏ដូច​ជា​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ​កាន់តែ​ដើរ​ថយ​ក្រោយ។​ អ៊ីចឹង​ហើយ​នៅ​តែ​ទទូច​ឱ្យ​មាន​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស»។​

គួរ​បញ្ជាក់​ថា​ សំណុំ​រឿង​របស់​លោក ​កឹម សុខា ​ត្រូវ​បាន​តំណាង​ទូត​បរទេស​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុងស្រុក ​និងក្រៅ​ប្រទេស​តាម​ដាន​យ៉ាង​ដិត​ដល់។​ ពួកគេ​បាន​សម្តែង​ការ​សោក​ស្តាយ​ និង​បាន​ចាត់​ទុក​ថា ​ការ​កាត់​ក្តី​លើ​លោក ​កឹម សុខា គឺ​ជា​រឿង​អយុត្តិ​ធម៌ ​ហើយ​បាន​បង្ហាញ​ក្តី​បារម្ភ​ខ្លាច​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌ ​និងមិន​ត្រឹមត្រូវ៕​

XS
SM
MD
LG