ប្រទេសកូរ៉េខាងត្បូងដែលជាអ្នកផ្ចុងផ្តើមនិងជាប្រធាននៃការប្រជុំត្រីភាគីនេះសង្ឃឹមថា នឹងប្រើឱកាសនេះដើម្បីកែលម្អនូវទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ដែលរអាក់រអួលកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកអ្នកជំនាញគ្មានសុទិដ្ឋិនិយមថា នឹងមានការទំលាយភាពទាល់ច្រកនៅក្នុងកិច្ចប្រជុំនោះទេ។
អ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកាថា៖ «កិច្ចសហប្រតិបត្តិការត្រីភាគីនេះបម្រើផលប្រយោជន៍រួមនៃប្រទេសទាំងបីរបស់យើង។
ប្រទេសចិនឱ្យតម្លៃលើយន្តការនេះហើយនឹងធ្វើការជាមួយកូរ៉េខាងត្បូង និងប្រទេសជប៉ុនដើម្បីពង្រឹងកិច្ចសហការនេះ»។
នៅក្នុងការប្រជុំនោះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីនឹងធ្វើការចរចាទ្វេភាគីរវាងចិននិងជប៉ុននិងរវាងចិននិងកូរ៉េខាងត្បូង។
បើតាមរបាយការណ៍កាលពីពេលមុនដោយទីភ្នាក់ងារសារព័ត៌មាន Kyodo News ថាជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងបីនាក់នេះត្រូវបានស្នើដោយកូរ៉េខាងត្បូង ដែលបញ្ជាក់ពីឆន្ទៈរបស់កូរ៉េខាងត្បូងក្នុងការកែលម្អទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងចិន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ