​នាវា​ចិន​លប​យក​ការណ៍​សមយុទ្ធ​យោធា​អន្តរជាតិ

នាវា​ចម្បាំង​​សមរដ្ឋ​អាមេរិក USS Dewey ដែល​បំពាក់​ដោយ​មីស៊ីល​ កំពុង​ស្ថិត​នៅ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក ដើម្បី​ចូល​រួម​ក្នុង​សម​យុទ្ធ​ RIMPAC កាល​ពី​ថ្ងៃទី​១០ កក្កដា ២០១៨។

នាវា​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួនកំពុង​តាម​មើល​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កប៉ាល់​ចារកម្ម​ចិន​មួយ​គ្រឿង​នៅក្នុង​ផ្ទៃ​ទឹក​អន្តរជាតិ​នៅ​ជិត​រដ្ឋ​ហាវ៉ៃ​របស់​សហរដ្ឋ​អាមេរិក ​នៅ​ពេល​ដែល​ប្រទេស​២៥​ចូល​រួម​សមយុទ្ធ​សង្គ្រាមនាវា​អន្តរជាតិ​នៅ​ជិត​នោះ។

មន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ប្រាប់ ​VOA ​កាល​ពី​ថ្ងៃ​សុក្រ​ថា «ចិន​កំពុងស៊ើប​យក​ការណ៍​សម​យុទ្ធ​អន្តរជាតិ»។

អ្នក​នាំ​ពាក្យ​កង​នាវា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​និយាយ​ថា កប៉ាល់​ចិន​នេះ​នឹង​ស្ថិត​នៅ​ខាង​ក្រៅ​ដែន​សមុទ្រ​របស់​សហរដ្ឋ​អា​មេរិក​ហើយ​ នឹង​មិនធ្វើ​កិច្ច​ប្រតិបត្តិការ​ក្នុង​លក្ខណៈ​មួយ​ដែល​រំខាន​ដល់​សមយុទ្ធ​នាវា​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ទេ។

​មន្រ្តី​នាវា​នោះ​បា​ន​និយាយ​ទៀត​ថា «កប៉ាល់​ស៊ើប​យក​ការណ៍​របស់​ចិន​បាន​ទៅ​ដល់​ផ្ទៃ​ទឹក​មុខ​កោះ​ហាវ៉ៃ​កាល​ពី​ថ្ងៃ​ពុធ​ ហើយ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​សហរដ្ឋ​អាមេរិក។ មន្រ្តី​រូប​នោះនិយាយ​ទៀត​ថា កង​នាវា​បាន​ចាត់​វិធាន ការ​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្នដើម្បី​ការពារ​ព័ត៌មាន​សំខាន់ៗ»។ ចិន​មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​នាវា​នៅ​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក​នៅ​ខែ​ឧសភា​ទេ។

លោក​វរនាវី​ត្រី ​Christopher Logan​ អ្នក​នាំ​ពាក្យ​មន្ទីរ​បច្ចកោណ​បាន​និយាយ​ថា ​សកម្ម ភាព​របស់​យោធា​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់​ ហើយ​បានធ្វើ​ផ្ទុយនឹង​ច្បាប់​អន្តរជាតិ​ស្តី​ពី​សេរី​ភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​ផ្ទៃ​ទឹក​អន្តរជាតិ។

លោក​ Logan​ និយាយ​ទៀត​ថា​ «អាកប្ប​កិរិយា​របស់​ចិន​មិន​ស្រប​ទៅ​តាម​គោល​ការណ៍​និង​គោល​បំណង​របស់​សមយុទ្ធនាវា​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ទេ»៕