​អំណាច​មេដឹក​នាំ​ចិន ​ស៊ី ​ជីង​ពីង នឹង​កាន់​តែ​ធំ​នៅ​ឯ​សមាជ​បក្ស​ពេល​ខាង​មុខ

ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ក្នុង​វីដេអូ​ ដែល​គេ​ដាក់​បង្ហាញ​នៅ​កន្លែង​តាំង​ពិព័រណ៍​សមិទ្ធិផល​រយៈ​ពេល​៥​ឆ្នាំ​របស់​ប្រទេស​ចិន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ត្រៀម​សម្រាប់​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​​សប្តាហ៍​ក្រោយ ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

ប្រទេស​ចិន​នឹង​រៀបចំ​សមាជ​ខាង​នយោបាយ​ដ៏​ធំមួយ​នៅ​សប្តាហ៍​ក្រោយ ​ដែល​ជា​សមាជ​បក្ស​ធ្វើ​ឡើង​ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង​ ដែល​នឹង​រុះរើ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​នោះ។ ​ការ​រង់ចាំ​ថា​តើ​មេដឹកនាំ​ណា​នឹង​ស្ថិត​នៅ​កាន់​អំណាច​ឬ​មេដឹក​នាំ​ណា​នឹង​ចាក​ចេញ​នោះ​ នឹងត្រូវ​ធ្វើ​ការ​សម្រេច​ដោយ​គណៈកម្មា​ធិការ​អចិន្រ្តៃយ៍​ការិយាល័យ​នយោបាយ ​ហើយ​ថា​តើ​មេដឹក​នាំ​ចិន​ ស៊ី ​ជីង​ពីង ​នឹង​ប្រើ​ប្រាស់​សមាជ​នេះ​ដើម្បី​ពង្រឹង​អំណាច​របស់​លោក​យ៉ាង​ដូចម្តេច​ក្នុង​ឋានៈ​ជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​នោះ។

​ការ​ជាប់​ឆ្នោត​ម្តង​ទៀត​របស់​លោក ​ស៊ី​ ជា​អគ្គលេខា​ធិការ​បក្ស​មិន​មាន​ការ​មន្ទិល​សង្ស័យ​ឡើយ ​ក៏ប៉ុន្តែ ​សំណួរ​ដ៏​សំខាន់​មួយ​គឺ​ថា​ តើ​នាយករដ្ឋ​មន្រ្តី ​Li Keqiang ​នៃ​ប្រទេស​ចិន​នឹង​ស្ថិត​នៅក្នុង​តួនាទី​របស់​លោក​ជា​មេដឹកនាំ​កំពូល​ម្នាក់​នៃ​មេដឹកនាំ​កំពូល​៧​នាក់​នៅ​ក្នុង​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​ដែរ​ឬ​ទេ។​ ពួក​អ្នក​វិភាគ​ជា​ច្រើន​ជឿ​ជាក់​ថា ​លោក​ Li ​នឹងនៅ​បន្ត​កាន់​អំណាច។

​សំណួ​រមួយ​ទៀត​គឺ​ តើ​នឹង​មាន​អ្វី​នឹង​កើត​មាន​ឡើង​ដល់​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជាមនុស្ស​អំណាច​ទី​២​របស់​ចិន​គឺ​លោក ​Wang Qishan។ ដូចជា​លោក​លី​ដែរ ​លោក​ Wang ក៏​ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍ដែរ។ លោក​ជា​អធិរាជ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​ប្រទេស​ចិន ​ហើយជា​ប្រធាន​គណៈ​កម្មការ​កណ្តាល​អធិការកិច្ច​ខាង​ពិន័យ​របស់​បក្ស​ដែរ។

​អ្នក​វិភាគ​ខ្លះ​ជឿ​ជាក់​ថា ​ជំនួប​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ Wang​ ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី​សិង្ហបូរី ​Lee Hsien Loong​ និង​លោក ​Steve Bannon ​អតីត​ប្រធាន​យុទ្ធសាស្រ្ត​របស់​សេតវិមានជា​សញ្ញា​មួយ​ថា ​លោក​អាច​ស្ថិត​នៅ​ក្នុង​តំណែង​នោះ​តទៅ​ទៀត តែអ្នក​វិភាគ​ខ្លះ​មិន​ជឿ​ដូច​នោះ​ទេ។

​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ លោក ​Wang ​បាន​ដឹកនាំ​យុទ្ធនាការ​ដ៏​ខ្លាំង​មួយ​ដែល​គេឃើញ​ពួកមន្រ្តី​ស័ក្តិ​ទាបៗ​ជាង​មួយ​លាន​នាក់​បាន​ទទួល​ទោស​ហើយ​បាន​ទម្លាក់​បុណ្យ​ស័ក្តិ​ឥស្សរជន​ជាន់​ខ្ពស់​ដែល​មាន​ទំនាក់​ទំនង​ខាង​នយោបាយ​ជា​ច្រើន​នាក់​ដែរ។ យុទ្ធនាការ​នេះ​មិន​ត្រឹម​តែ​ផ្តោត​គោលដៅ​លើ​បញ្ហា​ពុក​រលួយនៅ​ក្នុង​គណបក្សនិង​រដ្ឋាភិបាល​នោះ​ទេ ​ក៏ប៉ុន្តែ ​ក៏​ដៅ​លើ​គូ​ប្រកួត​ប្រជែង​ខាង​នយោបាយ​របស់​ប្រធានា​ធិបតី​ ស៊ី ជីង​ពីង​ ផងដែរ៕