មន្ត្រីស.រ.អា.ឲ្យដឹងកាលពីថ្ងៃចន្ទថា យន្តហោះចម្បាំងរបស់ចិនពីរគ្រឿងបានហោះជួបយន្តហោះសង្កេតការណ៍របស់អាមេរិកនៅតំបន់សមុទ្រចិនខាងកើតកាលពីចុងសប្តាហ៍។
មន្ត្រីយោធាអាមេរិកពីរនាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា យន្តហោះចម្បាំងមួយរបស់ចិន J-10 បានហោះតម្រង់មកចំយន្តហោះម៉ារីនអាមេរិក U.S. Navy EP-3 ដែលធ្វើឲ្យយន្តហោះអាមេរិកហោះគេចពីការប៉ះទង្គិចគ្នា។ យន្តហោះមួយនៃយន្តហោះទាំងពីររបស់ចិនមានបំពាក់អាវុធ។ យន្តហោះសង្កេតការណ៍របស់អាមេរិកហោះធ្វើប្រតិបត្តិការជាធម្មតានៅដែនទឹកអន្តរជាតិចម្ងាយ៨០ម៉ៃល៍ពីទីក្រុង Qingdao របស់ចិននៅពេលឧបទ្ទវហេតុនេះកើតឡើង។
ឧបទ្ទវហេតុបែបនេះមានការកើនឡើងជាធម្មតានៅឆ្នេរសមុទ្រប្រទេសចិន។ កាលពីខែឧសភា យន្តហោះចិនបានពើបប្រទះនឹងយន្តហោះអាមេរិក ដែលហោះសង្កេតមើលវិទ្យុសកម្ម នៅលើដែនទឹកអន្តរជាតិ៕