រដ្ឋាភិបាលកុម្មុយនីស្តចិនបានចាប់ផ្តើមដំណើរការការសាងសង់អគារថ្មីមួយនៅមន្ទីរពេទ្យព្រះកុសុមៈ ដែលឈ្មោះមន្ទីរពេទ្យប្រវត្តិសាស្ត្រមួយនេះក៏នឹងត្រូវប្តូរទៅជា«មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ»។
មន្ទីរពេទ្យព្រះកុសុមៈដែលស្ថិតចំកណ្តាលរាជធានីភ្នំពេញ ត្រូវបានកសាងតាំងពីឆ្នាំ១៩៥៣ និងដាក់ឲ្យដំណើរការនៅឆ្នាំ១៩៥៦ ត្រូវពលរដ្ឋខ្មែរទូទៅស្គាល់ថា ជាមន្ទីរពេទ្យលោកសង្ឃ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើជាអធិបតី ពិធីសាសនា សុំបើកការដ្ឋានសាងសង់អគារថ្មី ដែលនឹងសង់លើផ្ទៃដីសរុប ១៣.៧៤០ ម៉ែត្រការ៉េកាលពីថ្ងៃច័ន្ទ។ អគារដែលមានទំហំ ២៨.៩០០ម៉ែត្រការ៉េ នឹងត្រូវចំណាយទឹកប្រាក់អស់ចំនួន ៥៥០លានយ័នលុយរបស់ចិន ស្មើនឹងប្រមាណជា ៨០លានដុល្លារអាមេរិក។
តាមសេចក្តីរាយការណ៍របស់អង្គភាព Fresh News បានឲ្យដឹងថា អគារមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិនថ្មីនេះ នឹងត្រូវចំណាយពេលសាងសង់រយៈពេល៤០ខែ ដោយអគារត្រូវសាងសង់មានកម្ពស់៥៣ម៉ែត្រ និងមាន១១ជាន់។អាយុកាលនៃការប្រើប្រាស់អគារនេះ គឺមានរយៈពេល៥០ឆ្នាំ ហើយអគារនេះ អាចសម្របតាមអាកាសធាតុរដូវប្រាំង និងរដូវវស្សា។ អគារដដែលក៏នឹងមាន ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនី និងប្រព័ន្ធបង្ហូរលូទឹកស្អុយ អនុវត្តតាមស្ដង់ដាប្រទេសចិនស្របតាមស្ថានភាពជាក់ស្ដែង មានបន្ទប់សរុប១៣២បន្ទប់ និង បង្គន់អនាម័យ២១៩បន្ទប់។
អគារដែលត្រូវសាងសង់នឹងមានទីវាលសម្រាប់ការចុះចតរបស់ឧទ្ធម្ភាគចក្រ (helicopter)ដែលទីវាលនោះនឹងមាន ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែម ពីភាគីកម្ពុជា ហើយអគារនេះត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ អគារនេះ មានសមត្ថភាពអាចដាក់គ្រែទទួលឲ្យអ្នកជំងឺសម្រាកព្យាបាលចំនួនសរុប៤០០គ្រែ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មាន Fresh News។
VOA ព្យាយាមសុំការអធិប្បាយពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង អំពីការសាងសង់អគារថ្មីនៅមន្ទីរពេទ្យព្រះកុសុមៈ និងការប្តូរឈ្មោះមន្ទីរពេទ្យនេះ តែអ្នកលើកទូរសព្ទរបស់លោក បានស្នើឲ្យអ្នកយកព័ត៌មានទៅមើលសេចក្តីរាយការណ៍របស់អង្គភាព Fresh News វិញហើយថាលោក ម៉ម ប៉ុនហេងកំពុងជាប់រវល់។
VOA ក៏បានព្យាយាមសុំការអធិប្បាយពីអ្នកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តែមិនអាចទាក់ទងបានទេ មកដល់ល្ងាចថ្ងៃអង្គារនេះ។
លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍន៍សង្គម មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការប្តូរឈ្មោះមន្ទីរពេទ្យមួយនេះ បានបង្កការរិះគន់ជាសាធារណៈ ដោយសារវាជាមន្ទីរពេទ្យប្រវត្តិសាស្ត្រមួយដែលរដ្ឋាភិបាលគួររក្សាទុកឲ្យដូចដើម។ លោកថា រដ្ឋាភិបាលគួររកទីតាំងផ្សេង ដើម្បីសង់មន្ទីរពេទ្យជាលក្ខណៈមិត្តភាព ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ជាដើមនោះ។
«បើសិនជាយើងចង់ដាក់ឈ្មោះរបស់យើងដាច់ដោយឡែក អាហ្នឹងមិត្តភាពកម្ពុជា ចិន ដូចមិត្តភាពខ្មែរសូវៀតអ៊ីចឹង អាហ្នឹង យើករកកន្លែងណាផ្សេង កុំយកមកដាក់ឈ្មោះ យកពេទ្យដែលជាឈ្មោះប្រវត្តិសាស្ត្រ ជាយូរតាំងពីដើមមក ហើយយើងដូរវាអ៊ីចឹង ពលរដ្ឋគាត់រិះគន់»។
លោក មាស នី បានថ្លែងបន្ថែមថា វាជាការមិនអាចទទួលយកបានទេ ចំពោះការប្តូរឈ្មោះមន្ទីរពេទ្យនេះទាំងស្រុងនោះ។
«មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យប្រវត្តិសាស្ត្រ បានន័យថា ជាឈ្មោះរបស់រាជវង្សខ្មែរ ពីដើមមក ហើយដល់ពេលយើងដាក់ឲ្យមានមិត្តភាពចិនអីហ្នឹង...បើដាក់ ដាក់ក្នុងអគារនៅក្នុងមន្ទីរពេទ្យ អាហ្នឹងវា ដូចជាសមរម្យ អាហ្នឹងសម្រាប់ជាមតិ ជាទស្សនៈរបស់ខ្ញុំទេណ៎ា! ប៉ុន្តែបើថា ដូរឈ្មោះមន្ទីរពេទ្យតែម្តង ដូចជារាងពិបាកស្តាប់បន្តិច សម្រាប់ខ្ញុំ ខ្ញុំពិបាកទទួលយក សម្រាប់ខ្លួនឯងបាទ»។
អ្នកវិភាគរូបនេះ អះអាងថា តាំងពីដើមមកមានមន្ទីរពេទ្យចិនមួយដែលនាសម័យបច្ចុប្បន្ននេះ ត្រូវបានគេលក់ ហើយទីតាំងអគារមន្ទីរពេទ្យចិននេះ បានក្លាយជាសំណង់អគារខុនដូ៤២ជាន់ ដែលមិនទាន់សង់រួចនោះ។ លោកមិនផ្តល់ការអធិប្បាយចំពោះគុណភាពនៃសេវាព្យាបាល ដែលនឹងផ្តល់ជូនតាមរយៈអគារថ្មីរបស់ចិន នៅមន្ទីរពេទ្យលោកសង្ឃនោះទេ តែលោកមានការបារម្ភអំពីគុណភាពសម្ភារៈបរិកា្ខពេទ្យដែលនឹងត្រូវបំពាក់ក្នុងអគារថ្មីនេះ។
VOA ព្យាយាមសុំការអធិប្បាយពីលោក Wang Dexin នាយកផ្នែកកិច្ចការនយោបាយនៅស្ថានទូតចិនប្រចាំកម្ពុជា តែទូរសព្ទលោករោទិ៍គ្មានអ្នកទទួល។
នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនជំនួយដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់តាំងពីជំនួយក្នុងវិស័យសាធារណៈ និងយោធា។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ទៀ បាញ់និងរដ្ឋមន្ត្រីការពារប្រទេសចិនលោក Wei Fenghe បានសម្រេចកិច្ចព្រមព្រៀងរឹតចំណងយោធារវាងប្រទេសទាំងពីរដែលភាគីចិនសន្យាបន្តផ្ដល់ជំនួយសឹកដល់កម្ពុជា និងគ្រោងបន្តធ្វើលំហាត់ហ្វឹកហ្វឺនយោធារួមរវាងកងទ័ពទាំងពីរប្រទេសនៅឆ្នាំក្រោយ។
នេះជាការបញ្ចេញនូវកញ្ចប់ជំនួយសឹកថ្មីផ្សេងទៀតរបស់ចិនមកដល់កម្ពុជា បន្ទាប់ពីបានចុះហត្ថ លេខាផ្ដល់ជំនួយយោធាក្នុងតម្លៃទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក តាមរយៈដំណើរទស្សនកិច្ចរបស់លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុងភ្នំពេញ កាលពីខែមិថុនា កន្លងទៅ។
លោកបណ្ឌិត មាស នី ថ្លែងបញ្ជាក់ថា ជំនួយរបស់ចិនក្នុងវិស័យសុខាភិបាល ហាក់ដូចជាបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ចំណងទាក់ទងចិន និងកម្ពុជា កំពុងតែមានភាពផ្អែមល្ហែមខ្លាំង ខណៈដែលរដ្ឋាភិបាលទីក្រុងភ្នំពេញ កំពុងតតាំងជាមួយរដ្ឋាភិបាលនៅលោកខាងលិច ចំពោះការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកថា ចំណងទាក់ទងខ្មែរចិន ពីដើមឡើយ មិនបានធ្វើឲ្យប្រជារាស្ត្រខ្មែរមានការបារម្ភនោះទេ តែក្រោយការជួយជ្រោមជ្រែងរបស់ចិនក្នុងរបបប៉ុលពត ដែលជារបបដ៏ប្រល័យនោះមក បានធ្វើឲ្យប្រជារាស្ត្រខ្មែរ មានការប្រយ័ត្នប្រយែងនិងបារម្ភចំពោះការរឹតចំណងកាន់តែស្អិតល្មួតរវាងខ្មែរ និងចិននៅសព្វថ្ងៃនេះ។
អ្នកវិភាគរូបនេះ បានសង្កត់ធ្ងន់ថា ពលរដ្ឋខ្មែរទំនងជាបារម្ភទៀតថា លិទ្ធិកុម្មុយនីស្តនឹងហូរចូលកម្ពុជាជាថ្មី ហើយគ្រោះថ្នាក់ថ្មីបន្ថែមទៀតដែលអាចកើតមានឬយ៉ាងណានោះ ក៏មិនមានអ្នកណាអាចព្យាករណ៍បានទុកជាមុននោះឡើយ៕