រដ្ឋមន្រ្តីការបរទេសចិនបាននិយាយថា ប្រទេសចិនមានឆន្ទៈទិញទំនិញសហរដ្ឋអាមេរិកបន្ថែមទៀត និងបាននិយាយទៀតថា ភាគីទាំងពីរបានបង្ហាញសញ្ញាវិជ្ជមានមុនកិច្ចចរចាថ្មីអំពីពាណិជ្ជកម្មចូលមកដល់។
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានថ្លែងនៅបុរីញ៉ូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងសង្ឃឹមថា ភាគីទាំងពីរអាចចរចាឈានដល់ការព្រមព្រៀង និងកាត់បន្ថយការប្រើភាសានិងសកម្មភាពទុទិដ្ឋិនិយមដាក់គ្នា។ ប្រសិនបើភាគីណាមួយអាចធ្វើដូច្នេះបាន នោះកិច្ចចរចានឹងអាចត្រឡប់មកវិញ ហើយថែមទាំងអាចទទួលបានលទ្ធផលវិជ្ជមានទៀតផង»។
លោក Wang បានគូសបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកបានលើងលែងពន្ធគយលើទំនិញចិនច្រើនមុខរួចទៅហើយ។ លោក Wangban បានរៀបចំទទួលអាហារថ្ងៃត្រង់សម្រាប់ក្រុមអ្នកការទូតមកពីប្រទេសជាសមាជិកអចិន្ត្រៃយ៍ផេ្សងទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានដូចជាអង់គ្លេស បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក។ កិច្ចចរចាពាណិជ្ជកម្មថ្នាក់កំពូលរវាងសហរដ្ឋអាមេរិកនិងចិនគ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៣ខែតុលា បន្ទាប់ពីមានការវិវត្តន៍បន្តិចបន្តួចនៅអំឡុងការចរចាពេញមួយរដូវក្តៅនេះ និងបានបង្កើតភាពមិនប្រាកដប្រជាក្នុងចំណោមអ្នកវិនិយោគទុនមួយចំនួន។
លោករដ្ឋមន្រ្តីការបរទេស Wang បាននិយាយអំពីឆន្ទៈល្អៗនៃភាគីទាំងសងខាង។ ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយខ្លាំងៗអំពីប្រទេសចិន នៅពេលដែលលោកថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ។
លោក ត្រាំ បានចោទប្រកាន់ប្រទេសចិនថា បានរំលោភលើការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ នៅពេលចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ លោកក៏បានចោទសួរផងដែរថា ហេតុអ្វីបានជាប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរក្នុងពិភពលោក នៅតែត្រូវបានចាត់ទុកថាជាប្រទេសមានសេដ្ឋកិច្ចកំពុង
អភិវឌ្ឍន៍។ លោកប្រធានាធិបតីថ្លែងទៀតថា លោកសង្ឃឹមថាភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងអាចស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន៕