ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន កោត​សរសើរ​មិត្ត​ភាព​ជាមួយ​ប្រទេសចិន


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សរសើរ​ទំនាក់​ទំនង​កម្ពុជា​និង​ចិន ខណះ​ដែល​អ្នក​វិភាគ​នយោបាយ​រំលឹក​ថា​ទំនាក់ទំនងជិតស្និទ្ធ​នេះ​អាច​ប៉ះពាល់​ដល់​គោលនយោបាយ​អព្យាក្រឹត្យភាព​របស់​កម្ពុជាជាមួយ​បណ្តា​ប្រទេស​​លោក​ខាងលិច។

លោក​ ហ៊ុន សែន បាន​លើក​តម្កើង​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេសចិន ដោយ​ចាត់​ទុក​ប្រទេស​ចិន​ជា​បង​ប្អូន​ដ៏ល្អ។ ប៉ុន្តែ​អ្នកវិភាគ​យល់​ថា​ការ​បង្ហាញ​ឥរិយាបទ​នេះ ​អាច​ជា​រូប​ភាព​មិន​ល្អ​សម្រាប់​ទំនាក់​ទំនង​ការ​ទូត​បើក​ចំហ និង​ស្មើ​ភាព​ជា​មួយ​បណ្តា​ប្រទេស​លោក​សេរី។​

លោក ​ហ៊ុន សែន បាន​ចាត់ទុក​ប្រទេស​ចិន​ ជា​«​មិត្ត​ភក្ត្រ​ដ៏ល្អ ជា​បងប្អូន​ដ៏ល្អ​និង​ជា​អ្នក​ជិត​ខាង​ដ៏ល្អ»។

ការ​វាយ​តម្លៃ​របស់​លោក​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​ធ្វើ​ឡើង​ស្រប​ពេលដែល​ប្រទេស​ចិន​នឹង​ត្រូវ​ប្រារព្ធ​ខួប​ទី​៧០​ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅថ្ងៃទី​១​ខែតុលា ខាងមុខនេះ។

​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​សារព័ត៌មាន​រដ្ឋ​ចិន​ Xinhua ​ដែលផ្សាយកាល​ពី​ថ្ងៃ​អង្គារ​លោក​ហ៊ុន សែន បាន​លើក​ពី​កិច្ច​សហ​ប្រតិបត្តិការ​ជា​យុទ្ធ​សាស្ត្រ​ជាមួយ​ប្រទេស​ចិន ព្រម​ទាំង​បាន​បញ្ជាក់ឡើង​វិញ​ពី​ការ​គាំទ្រ​ឥត​ងាក​រេរនៃ​នយោបាយ​ចិន​តែមួយ​។

​«ចំណុច​កត់សម្គាល់​ ខ្ញុំ​គិត​ថា បញ្ហា​ធំ​របស់​យើង ដែល​យើង​អនុវត្ត​ជាមួយ​គោលនយោបាយ​ចិន​មួយ។ នេះ​ជា ចំណុច​ពិសេស​ ដែល​មិន​អាច​នឹង​បំពាន​បាន​ទៅ​លើ​បញ្ហា​នេះ​នោះ​ទេ។ ចិន​មិន​ត្រូវ​ការ​អ្វី​ពី​កម្ពុជា​នោះ​ទេ។ តែ​អ្វី​ដែល​ចិន​ត្រូវ​ការ​គឺ ការ​ស្មោះត្រង់​ជាមួយ​គ្នា»។

លោក ឯម សុវណ្ណារ៉ា អ្នក​វិភាគ​នយោបាយ មើល​ឃើញ​ថា ទំនាក់ទំនង​កម្ពុជានិង​ចិននា​ពេល​បច្ចុប្បន្ន​គឺ​ជិតស្និទ្ធជាង​ពេលណា​ទាំងអស់។ ហើយ​កម្ពុជា​ក៏បានទាញប្រយោជន៍​ជា​ច្រើន​ពីប្រទេសចិន​ផងដែរ។

ទោះជា​យ៉ាងណា​ក្តី អ្នក​វិភាគ​រួប​នេះ រំលឹក​ថា​ទំនាក់​ទំនង​ជិតស្និទ្ធ​នេះ​អាច​ប៉ះពាល់​ដល់​គោលនយោបាយ​អព្យាក្រឹត្យភាព​របស់​កម្ពុជាជាមួយ​បណ្តា​ប្រទេសលោក​ខាងលិច។

«ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​គោលនយោបាយ​របស់​កម្ពុជា​នៅ​តែ​មាន​រក្សា​នូវ​ចំណុចអព្យាក្រឹត្យ​របស់​ខ្លួន​។ អញ្ចឹង​នៅ​ពេល​ដែល​ទំនាក់ទំនង​កម្ពុជា​ចិន​ខ្លាំង ហើយ​ឥរិយាបថ​របស់​អ្នក​នយោបាយ​កម្ពុជា​ហាក់ដូចជា​ ងាក​ចេញ​ពី​លោក​ខាង​លិច អញ្ចឹងធ្វើ​ឲ្យ​លោក​ខាង​លិច​ក៏​មាន​កត្តា​បារម្ភ​ច្រើន​ដែរ។ កន្លែង​នេះ​ឯង កម្ពុជា​គួរ​តែ​រក្សា​ជំហរ​ទំនាក់ទំនង​ជាមួយ​មហាអំណាច»។

​យោង​តាម​តួ​លេខ​ផ្លូវ​ការកាល​ពី​ឆ្នាំ​កន្លង​ទៅ ​កម្ពុជា​ជំពាក់​បំណុល​បរទេស​ចំនួនជាង​៧ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ៤៨​ភាគ​រយ​គឺជា​បំណុល​របស់​ប្រទេស​ចិន។​

អ្នក​តាម​ដាន​សង្គម​ជា​ច្រើន​ធ្លាប់​បាន​ព្រមាន​ថា​កម្ពុជា​អាច​ធ្លាក់​ក្នុង​អន្ទាក់​កូន​បំណុល​របស់​ប្រទេស​ចិន​ក្នុង​ពេល​ខាង​មុខ​ប្រសិន​បើ​កម្ពុជា​បន្ត​ខ្ចីបុល​ចិន​មិន​បន្ធូរដៃ។

ត្រង់​ចំណុច​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​លើកឡើង​ថាលោក​មិន​ជឿថា​កម្ពុជា​អាច​ធ្លាក់​ក្នុងអន្លង់​បំណុល​របស់​ចិន​នោះទេ ដោយ​សារ​កម្ពុជា​មាន​ការ​គ្រប់​គ្រង​បំណុល​ម៉ត់​ចត់។​

បន្ថែមពី​នោះ​លោក ​ហ៊ុន សែន​ បញ្ជាក់​ថា​ប្រសិន​បើ​មិន​មាន​ជំនួយពី​ប្រទេស​ចិន​ ជា​ពិសេស​ការផ្តល់​កម្ចី​ដែល​មិន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​នោះទេ កម្ពុជា​មិន​អាច​មាន​លទ្ធភាព​សាងសង់​ផ្លូវ​រហូត​ដល់​ជាង​៣០០០ គីឡូម៉ែត្រ​រហូត​មក​ទល់​ពេល​នេះ​នោះ​ទេ។​

លោក​ ឯម សុវណ្ណារ៉ា ​អ្នកវិភាគ​នយោបាយ​កម្ពុជា ទទួល​ស្គាល់​ថា ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ខាង​លើ​នេះ«មិនខុសនោះទេ» ប៉ុន្តែ​កម្ពុជា​គួរ​តែ​បង្ហាញ​នូវ​ឥរិយាបថ​នយោបាយ​ក្នុង​បែបផែន​ដែល​ទាំង​ចិន និង​លោក​ខាង​លិច​អាច​ទទួល​បាន៕

XS
SM
MD
LG