លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា លោក មិនឃើញមានការមិនរីកចម្រើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកទេ ទោះបីមានការចង្អុលបង្ហាញជាច្រើនបង្ហាញពីសញ្ញាថា សហរដ្ឋអាមេរិកដែលមានសេដ្ឋកិច្ចដ៏ធំជាងគេបង្អស់ក្នុងពិភពលោក កំពុងមានសេដ្ឋកិច្ចរីកចម្រើនយឺតក៏ដោយ។
ការរីកលូតលាស់ការងារក្នុងសហរដ្ឋអាមេរិក មានការយឺតយ៉ាវមកនៅត្រឹម១សែន៣ម៉ឺនកាលពីខែសីហា ដែលស្ថិតនៅក្រោមចំនួនមធ្យមប្រចាំខែ២សែន២ម៉ឺន៣ពាន់ការងារនៅឆ្នាំ២០១៨។ សេដ្ឋកិច្ចសហរដ្ឋអាមេរិកស្ថិតនៅអត្រាប្រចាំឆ្នាំ២ភាគរយ កាលពីខែមេសាដល់ខែមិថុនា ដែលធ្លាក់ចុះពី៣,១ភាគរយនៅក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។
តាមទិន្នន័យ រួមជាមួយការធ្លាក់ចុះនៃការវិនិយោគទុននិងជម្លោះពាណិជ្ជកម្មដែលកំពុងបន្តមានឡើងជាមួយចិននិងអឺរ៉ុប បានធ្វើឲ្យការជជែកគ្នាច្រើនពីការធ្លាក់ចុះសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ក៏ប៉ុន្តែ លោក Mnuchin រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាមេរិក បានប្រាប់បណ្តាញទូរទស្សន៍ Fox News ថា «ខ្ញុំមិនឃើញសេដ្ឋកិច្ចធ្លាក់ចុះនោះទេ»។
លោក បាននិយាយទៀតថា «មិនមានសំណួរថា មានការរីកចម្រើនសេដ្ឋកិច្ចយឺតៗក្នុងពិភពលោកទាំងក្នុងប្រទេសចិននិងអឺរ៉ុបទេ។ ក៏ប៉ុន្តែ នៅពេលដែលលោកអ្នកមើលសហរដ្ឋអាមេរិក យើងបានបន្តឃើញមានការរីកចម្រើន។ យើងមិនបានឃើញផលប៉ះពាល់ណាមួយលើសេដ្ឋកិច្ចសហរដ្ឋអាមេរិកទេ»។
ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោកស៊ី ជីនពីង បានទាក់ទិនក្នុងសង្គ្រាមពន្ធគយទៅវិញទៅមកលើការនាំចេញទំនិញដែលមានតម្លៃជាប្រាក់រាប់រយពាន់លានដុល្លារនោះ លោក Mnuchin សង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងនៅពេលដែលប្រទេសទាំង២ បន្តការចរចាពាណិជ្ជកម្មនៅរដ្ឋធានីវ៉ាស៊ីនតោនប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕