ក្រុម​គ្រួសារ​អ្នក​ដំណើរ​ចិន​លើ​យន្តហោះ​MH370 រង់ចាំ​យូរ​តែ​ទទួល​បាន​ដំណឹង​តិចតួច

សាច់ញាតិ​​នៃ​អ្នក​ដំណើរ​លើ​យន្តហោះ​ម៉ាឡេស៊ី MH370 ជជែក​គ្នា​នៅ​ក្នុង​​សាល​មួយ​​ឯ​សណ្ឋាគារ​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤។

ទោះបី​ជា​បាន​ចំណាយ​ប្រាក់​អស់​រាប់​លាន​ដុល្លារ​និង​ការ​រុករក​អស់​ជាង​មួយខែ​ ក៏កិច្ច​ខិតខំប្រឹង​ប្រែង​ជាអន្តរជាតិ​ស្វែង​រក​អ្វី​ដែល​បាន​កើត​មាន​ឡើង​ចំពោះយន្តហោះ​ម៉ាឡេស៊ី​ជើង​ហោះហើរ​លេខ​៣៧០​ រក​បាន​ចម្លើយ​តិចតួច​ប៉ុណ្ណោះ។

អាជ្ញាធរ​អូស្រ្តាលី​បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ការស្រាវជ្រាវ​ពី​លើ​អាកាស​ដោយ​ប្រើ​រូបភាព​ពីផ្កាយ​រណបស្វែង​រក​បំណែក​យន្តហោះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈ​ពេល​ពីរថ្ងៃ​ទៀត​ ហើយ​គេ​នឹង​ប្រើ​នាវាមុជទឹក​ធុន​តូច​ឈ្មោះ Bluefin 21 ដែល​គ្មាន​មនុស្ស​បើក​បរ​ធ្វើ​ការ​ជំនួស​វិញ​ដើម្បី​គូស​ផែនទី​ដែល​មាន​រូបភាព​ច្បាស់​ពី​បាត​មហា​សមុទ្រ​នោះ។ នេះ​ជា​ដំណាក់​កាល​មួយ​ដែល​អាច​ចំណាយ​ពេល​រាប់​ខែ​មុន​នឹង​បញ្ចប់។

អ្នក​ដំណើរ​ភាគច្រើន​ដែល​ជិះ​យន្តហោះ​ពី​ទីក្រុង​គូឡាឡាំពួរ​ទៅ​ទីក្រុង​ប៉េកាំង​គឺ​ជា​ជន​ជាតិ​ចិន។ សាច់​ញាតិ​របស់​អ្នក​ដំណើរ​ទាំង​នោះ​ជាង​២០០​នាក់​នៅ​បន្ត​ជួប​ជាមួយ​នឹង​មន្ត្រី​ម៉ាឡេស៊ី​ជារៀងរាល់​ថ្ងៃ​នៅ​ឯ​សណ្ណាគារ​លីដូ(Lido) នៅ​ជាយ​ក្រុង​ប៉េកាំង។​

ម្តាយ​របស់​លោក​ស្ទីវ វ៉ាង ​(Steve Wang)​បាន​ជិះ​យន្តហោះ​នោះ។ លោក​និយាយ​ថាការមក​ជួបជុំ​គ្នា​នេះ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​អ្នក​ដំណើរ​ទាំងនោះ​រួបរួម​គ្នា។​

«យើង​មិន​គ្រាន់​តែ​ជា​មិត្តភក្តិ​ទេ។ យើ​ង​បាន​ក្លាយ​ជាក្រុម​គ្រួសារ»។

អាជ្ញាធរ​អូស្រ្តាលី​បាន​បញ្ជាក់​ដោយ​ប្រយ័ត្ន​ប្រយែង​ថា​ការស៊ើប​អង្កេត​អាច​ចំណាយ​ពេល​រាប់​ឆ្នាំ​ហើយ​គេ​ប្រហែល​ជា​នឹង​មិន​អាច​រក​ឃើញ​ប្រអប់​ខ្មៅ​ដែល​ផ្ទុក​ទិន្នន័យ​ហោះ​ហើរ​ទេ។ ក្រុម​គ្រួសារ​អ្នក​ដំណើរ​និយាយ​ថា​ពួកគេ​នឹង​រង់ចាំ​នៅ​សណ្ឋាគារ​រហូត​ទាល់​តែ​ពួកគេ​ទទួល​បាន​ចម្លើយ។

«មាន​កំហុស​យ៉ាង​ច្បាស់​តាំង​ពី​ដំបូង​មក​ម្ល៉េះ​ហើយ​ពួកគេ​គួរ​តែ​ស្វែង​រក​ថា​តើ​អ្នក​ណា​គេ​ជា​អ្នក​ទទួល​ខុសត្រូវហើយ​អ្នក​ណា​គេ​គួរ​ទទួល​ការស្តី​បន្ទោសចំពោះ​រឿង​នេះ»។​

ប្រទេស​ចិន​បាន​អំពាវនាវ​ម្តងហើយ​ម្តងទៀត​ឱ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ពេញ​លេញ​អំពីការ​ធ្លាក់​យន្តហោះ​នោះ បន្ទាប់​ពី​មាន​ការ​បង្ហាញ​ថា​អាជ្ញា​ធរ​បាន​រង់ចាំ​ជាច្រើន​ថ្ងៃ​មុន​នឹង​បញ្ចេញ​ព័ត៌មាន​អំពី​ការផ្លាស់​ប្តូរ​ផ្លូវ​ហោះហើរ​ដោយ​ប្រថុច​ញ៉ុច។

បន្ទាប់​ពី​ការបង្ហាញ​ឱ្យ​ដឹង​មក​ ក្រុម​គ្រួសារ​ជាច្រើន​មិន​មាន​ទំនុកចិត្ត​លើ​ព័ត៌មាន​ដែល​ផ្តល់​ជូន​ដោយ​ក្រុមហ៊ុន​យន្តហោះ​និង​រដ្ឋាភិបាល​ម៉ាឡេស៊ី​ទេ ហើយពួកគេ​បាន​រង់​ចាំ​រហូត​ទាល់​តែ​មាន​ភស្តុតាង​ជាក់​ច្បាស់​ថា​យន្តហោះ នោះ ពិតជា​បញ្ចប់​នៅ​មហាសមុទ្រ​ឥណ្ឌា​មែន។

លោកស្រី​ហ្កេល ដុនហាំ ​(Gail Dunham) ជា​ជន​ជាតិ​អាមេរិកាំង​បាន​ចូលរួម​សម្តែងការអាណិត​អាសូរ។ លោកស្រី​ដឹកនាំ​អង្គការ​របស់​អាមេរិកាំង​មួយ​ហៅ ថា​សម្ព័ន្ធ​ជាតិ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ផ្លូវ​អាកាស ដែល​តស៊ូ​មតិ​ឱ្យ​មាន​សុវត្ថិភាពយន្តហោះនិង​ផ្តល់​ជំនួយ​ដល់​អ្នក​នៅ​រស់​រាន​មាន​ជីវិត​និង​សមាជិក​ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​ដោយ​ការធ្លាក់​យន្តហោះ។ លោកស្រី​បាន​ជួបក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​ទាំង​នោះ​ជាច្រើន​ដង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

«យើង​មាន​ចំណុចច្រើនដូចគ្នា​នឹង​ក្រុម​គ្រួសារ​ជន​ជាតិ​ចិនទាំង​នេះ​...នោះគឺ​គោល​បំណង​របស់​ពួកគេ​ក្នុង​ការ​ស្វែងរក​ការណ៍​ពិត​និង​សេចក្តី​ត្រូវការ​ចង់​ដឹង​ព័ត៌មាន»។​

ជើង​ហោះហើរ​លេខ MH370 ​បាន​បាត់​នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៨​ខែ​មិនា​។ ចាប់​តាំង​ពីពេល​នោះ​មក​មិន​មាន​ឃើញ សញ្ញា​ណាមួយ​ពី​យន្តហោះ នោះ ទេ ប៉ុន្តែ​សមាជិក​ក្រុម​គ្រួសារ​និយាយ​ថា​ពួកគេ​នឹង​បន្ត​រង់ចាំ​ក្នុង​ទីក្រុង​ប៉េកាំង​រហូតទាល់តែ​ពួកគេ​បាន​ដឹង​ដំណឹង​ពី​ជោគវាសនា​នៃ​យន្តហោះ​នោះ​និង​អ្នក​ដំណើរ​ដែល​ជិះ​នៅ​លើ​នោះ៕

ទំព័រ​ពិសេស​អំពី​ព័ត៌មាន​យន្តហោះ​បាត់​ដាន​សូម​ចុច​ត្រង់​នេះ

ប្រែសម្រួល​ដោយ​ម៉ែន គឹមសេង