ក្រុមហ៊ុន​ចិន​ Xiaomi​ ចាប់​ផ្តើម​ផលិត​ទូរស័ព្ទ​ទំនើប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា

  • Anjana Pasricha

រូបថតឯកសារ៖ ទូរស័ព្ទ​ស្មាតហ្វូន​ពីរគ្រឿង​របស់​ក្រុមហ៊ុន​ Xiaomi ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​​នៅ​ក្នុង​​ទីក្រុង​ Sao Paulo ប្រទេស​ប្រស៊ីល​កាលពីមិថុនា ឆ្នាំ២០១៥។

ក្រុមហ៊ុន​ចិន Xiaomi បាន​ចូល​រួម​ជាមួយ​នឹង​មហា​ក្រុមហ៊ុន​បច្ចេកវិទ្យា គឺ​ក្រុមហ៊ុន Foxconn ក្នុង​ការ​បង្កើត​រោងចក្រ​ដំបូង​របស់​ខ្លួន​ដើម្បី​ផលិត​ទូរស័ព្ទ​ទំនើប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​ជា​ទីផ្សារ​លូតលាស់​លឿន​បំផុត​របស់​ពិភពលោក​នៅ​ក្នុង​វិស័យ​ទូរស័ព្ទ​ទំនើប​។ ក្រុមហ៊ុន Foxconn ​ក៏​បាន​ប្រកាស​ពី​ការ​វិនិយោគ​ផ្សេង​ទៀត​ផង​ដែរ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​នេះ​គាំទ្រ​បន្ថែម​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់ លោក​នាយករដ្ឋមន្រ្តី Narendra Modi ក្នុង​ការ​ប្រែ​ក្លាយ​ប្រទេស​ឥណ្ឌា​ទៅ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម។

ទូរស័ព្ទ​ទំនើប​ប្រភេទ Redmi2 Prime​ របស់​ក្រុមហ៊ុន Xiaomi លក់​ក្នុង​តម្លៃ​ប្រហែល 110 ដុល្លារ​បាន​ត្រូវ​ចាប់​ផ្តើម​ផលិត​ចេញ​ពី​រោង​ចក្រ​នៅ​ក្នុង​ទីក្រុងSri​ នៅ​រដ្ឋ Andhra Pradesh​ ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​នៅ​សប្តាហ៍​នេះ។

ក្រុមហ៊ុន​ចិន​នេះ​ទើប​បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា ​គ្រាន់​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នេះ​មកតម្លៃ​សមរម្យ​របស់​ទូរស័ព្ទ​នេះ​នាំ​ឲ្យ​អតិថិជន​ដែល​ខ្វល់ខ្វាយ​អំពី​តម្លៃ​ប្រើប្រាស់​វា​ ទិញ​វា ជាង ៣ លាន​គ្រឿង​ ដែល​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន ១,២ ពាន់​លាន​នាក់ ក្លាយ​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ក្រុមហ៊ុន Xiaomi។

ក្រុម​ហ៊ុន​នេះ​បាន​និយាយ​ថា​ ក្រុមហ៊ុន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​សម្រាល​ពន្ធ​និង​អាច​ផលិត​ទូរស័ព្ទ​បាន​ច្រើន​យ៉ាង​ឆាប់​រហ័ស។

ខណៈ​ពេល​ដែល​ក្រុមហ៊ុន Xiaomi ផលិត​កាស​ស្ដាប់​នឹង​ត្រចៀក​ដំបូងរបស់​ខ្លួនអភិបាល​រដ្ឋ Andhra Pradesh លោក Chandrababu Naidu បាន​ធានា​ថា​នឹង​ធ្វើ​ឲ្យ​បរិយាកាស​អាជីវកម្ម​នៃ​ការ​វិនិយោគ​កាន់​តែ​ងាយស្រួល​ឡើង។

«យើង​បានបាន​បង្កើត​ឡើង​នូវ​គោល​ន​យោ​បាយ​សុំ​ច្បាប់​តែ​មួយ​កន្លែង។ ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ទៀត​ អាជ្ញាប័ណ្ណ​ទាំង​អស់​នឹង​ត្រូវ​បាន​ផ្តល់​ឱ្យ​អ្នក ​ហើយ​អ្នក​មិន​បាច់​ចូល​ទៅ​កាន់​ការិយាល័យ​ផ្សេង​ទេ។ នៅ​ពេល​ដែល​អ្នក​ដាក់​ពាក្យ​សុំ​ភ្លាម ​អគ្គស្នងការ​របស់​យើង​ដែល​ទទួល​ខុស​ត្រូវ​ខាង​ឧស្សាហកម្ម​ដែល​ទាក់ទង នឹង​អនុម័ត​វា»។

ទោះ​បី​ជា​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ធំ​ជាង​គេ​ទី​បី​របស់​ពិភពលោកបាន​ទិញ​ទូរស័ព្ទ​ទំនើប​ច្រើនជាង ៥០ លាន​គ្រឿង​កាល​ពី​ឆ្នាំ​មុន​ក្ដី​ក៏​ទូរស័ព្ទ​នោះ​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចូល​មក​ពី​ប្រទេស​ចិន​និង​តៃវ៉ាន់។

នេះ​ជា​កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌាទាក់ទាញ​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិកត្រូនិក​លើ​ពិភពលោក​ឲ្យ​បង្កើន​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

កិច្ច​ខិតខំ​ប្រឹង​ប្រែង​នេះ​បាន​ទទួល​លទ្ធផល​ល្អ។ ក្រៅ​ពី​ការ​ដំឡើង​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន Xiaomi​ ក្រុមហ៊ុន Foxconn ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ធំជាង​គេ​បំផុត​លើ​ពិភពលោក​ក៏​បាន​ប្រកាស​អំពី​ការ​វិនិយោគ​៥.០០០​លាន​ដុល្លារ​នៅ​រដ្ឋ Maharashtra ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌា​ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​រោងចក្រ​ផលិត​បច្ចេកវិទ្យា​ជាន់​ខ្ពស់។ Foxconn និយាយ​ថា ខ្លួន​នឹង​បង្កើត​រោង​ចក្រ​ ១០​កន្លែង​ និង​បង្កើតការងារ​ដល់​មនុស្ស​មួយ​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០២០។

ភាគ​ច្រើន​នៃ​រោងចក្រ​សហគ្រាស​របស់ Foxconn កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ការ​ធ្លាក់​ចុះ​នៃ​ទី​ផ្សារ​ក្នុង​ស្រុក​ ប្រទេស​ចិន​ហើយ​និង​ការ​កើន​ឡើង​ប្រាក់​ឈ្នួល​នៅប្រទេស​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​ទ្វីប​អាស៊ី​មួយ​នេះ​ត្រូវ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ស៊ើប​រកមូលដ្ឋាន​ផលិត​ផ្សេង​ទៀត​ជំនួស។

ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ នាយករដ្ឋមន្រ្តី​ ឥណ្ឌា​ លោក Narendra Modi បានលើក​កម្ពស់​ការ​យុទ្ធនាការ «មក​ផលិត​នៅ​ឥណ្ឌា‍» ឬ «Make in India‍» ។ លោក​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​លើ​សាកល​លោក​បើក​ដំណើរការ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដោយ​ថ្លែង​ធានា​ថា ​លោក​នឹង​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌាជា​កន្លែង​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ខណៈ​ពេល​ដែល​ប្រទេស​នេះ​ធ្លាប់​ជា​ប្រទេស​ដែល​មាន​ភាព​ស្មុគស្មាញ​និង​មាន​ឧបសគ្គ​ការិយាធិបតេយ្យ​យ៉ាង​យូរ​មក​ហើយ។​

​លោក Rajiv Kumar ​សេដ្ឋកិច្ចវិទូ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ក្រុង​ ញូវដែលី​បាន​និយាយ​ថា​ ការ​វិនិយោគ​ដែល​បាន​គ្រោង​ទុក​ដោយ​ក្រុមហ៊ុន Foxconn​នេះ​ អាច​ជំរុញថែម​ទៀត​ផែនការ​របស់​លោក​ Modi ​ដើម្បី​ប្រែ​ក្លាយ​ឥណ្ឌា​ទៅ​ជា​មជ្ឈមណ្ឌល​ផលិតកម្មមួយ។

«សេចក្តី​ប្រកាស​បែប​នេះ​បាន​បង្កើនទំនុក​ចិត្ត​របស់​វិនិយោគិន​ក្នុង​ស្រុក​និង​អ្នក​វិនិយោគ​បរទេស។ វា​នឹង​បង្កើត​ការងារ​ចាំបាច់​ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម​បន្ថែម ​ដែល​បាន​មក​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​ជា​រៀង​រាល់​ខែ ​ជា​រៀងរាល់​ឆ្នាំ​ ហើយ​បង្កើន​សមត្ថភាព​នៅ​ក្នុង​ប្រទេស​នេះ​ ហេតុ​ដូច្នេះ​ហើយ​ វា​បាន​ធ្វើ​ឲ្យ​វដ្ត​នៃ​ការ​វិនិយោគ​ដំណើរការ​វិញ​ ដែល​ពិត​ជា​ខ្សោយ​ខ្លាំង​ណាស់​រហូត​មក​ដល់​ពេល​នេះ»។

ប្រទេស​ឥណ្ឌា​បាន​ដើរ​យឺត​ជាង​គេ​បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​អាស៊ី​ដទៃ​ទៀត​ ​លើក​វិស័យ​ផលិត​កម្ម​ឧស្សាហកម្ម ប៉ុន្តែ​ឥឡូវ​នេះ​ ប្រទេស​នេះ​បាន​កំណត់​គោលដៅ​នៃ​ការ​បង្កើន​ចំណែក​នៃ​ផលិតកម្ម​នៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​ពី​១៦ ភាគរយ​ទៅ​២៥​ភាគរយ៕

ប្រែសម្រួល​ដោយ​ មាន​ ឥស្សរាយស