កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីចិនលោក Xi Jinping បានសន្យានៅក្នុងសុន្ទរកថានៃការចាប់ផ្ដើមសមាជគណបក្សកុម្មុយនីស្តចិនលើកទី ២០ នៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិននឹង «មិនលះបង់ចោលជាដាច់ខាតនូវការប្រើប្រាស់កម្លាំង» ទាក់ទិននឹងរឿងកោះតៃវ៉ាន់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Xi បានថ្លែងប្រាប់គណៈប្រតិភូដែលចូលរួមនៅក្នុងសមាជគណបក្សនេះនៅឯសាល Great Hall of the People ថា៖ «ការដោះស្រាយបញ្ហាតៃវ៉ាន់គឺជារឿងរបស់ប្រជាពលរដ្ឋចិនខ្លួនឯង និងត្រូវតែដោះស្រាយដោយប្រជាពលរដ្ឋចិនតែឯកឯង។ យើងនឹងប្រកាន់ខ្ជាប់តាមការព្យាយាមធ្វើឱ្យមាននូវការបង្រួបបង្រួមដោយសន្តិវិធីឡើងវិញប្រកបដោយភាពស្មោះត្រង់និងការប្រឹងប្រែងអស់ពីដួងចិត្ត ប៉ុន្តែនឹងមិនលះបង់ចោលជាដាច់ខាតនូវការប្រើប្រាស់កម្លាំង និងរក្សានូវជម្រើសនៅក្នុងការចាត់គ្រប់វិធានការទាំងអស់»។
ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនិងមានលក្ខណៈប្រជាធិបតេយ្យនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលនឹងត្រូវទាមទារកាន់កាប់ឡើងវិញនៅថ្ងៃណាមួយដោយការអន្តរាគមន៍ពីយោធាប្រសិនបើចាំបាច់។
លោក Xi បានបន្ថែមថា៖ «កង់ប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិនិងការស្ដារប្រទេសជាតិឡើងវិញកំពុងវិលទៅមុខ។ ការបង្រួបបង្រួមមាតុភូមិឡើងវិញត្រូវតែសម្រេចឱ្យបាន ហើយនឹងប្រាកដជាសម្រេចបាន»។
លោក Xi បានថ្កោលទោស «ការផ្ដាច់ខ្លួននិងការធ្វើអន្តរាគមន៍» ណាមួយនៅក្នុងរឿងកោះតៃវ៉ាន់នេះ។
លោកក៏បានសរសើរផងដែរដល់ការផ្លាស់ប្ដូររបស់ទីក្រុងហុងកុងពី «ភាពចលាចលទៅជាអភិបាលកិច្ច» បន្ទាប់ពីប្រទេសចិនបានអនុវត្តនូវច្បាប់សន្តិសុខជាតិថ្មីកាលពីឆ្នាំ ២០២០ ដែលបានបង្ក្រាបលើក្រុមប្រឆាំងនៅក្នុងទីក្រុងនេះ៕
ទីក្រុងប៉េកាំង —