នៅពេលពួកមេដឹកនាំសាកលលោកជួបប្រជុំគ្នានៅក្នុងបុរីញូយ៉កនៅឯមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ប្រទេសចិនដែលជាមហាអំណាចកំពុងងើបឡើងក៏កំពុងផ្តោតលើអង្គការសហប្រជាជាតិមួយទៀត ដែលកំពុងជួបប្រជុំគ្នានៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលស្ថិតនៅត្រើយម្ខាងទៀតនៃមហាសមុទ្រអាល្លង់ទិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ពួកអ្នកការទូតចិនកំពុងរិះគន់និងបញ្ចុះបញ្ចូលប្រទេសផ្សេងទៀត នៅឯសម័យប្រជុំ ដែលកំពុងធ្វើឡើងរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដើម្បីរាំងខ្ទប់នូវការអំពាវនាវ ដែលសុំឱ្យមានការត្រួតពិនិត្យ ចំពោះអ្វីដែលខ្លួនបានហៅថាជាយុទ្ធនាការប្រឆាំងលទ្ធិជ្រុលនិយមនៅក្នុងតំបន់ Xinjiang បន្ទាប់ពីមានរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីការរំលោភធ្វើបាបប្រឆាំងនឹងជនជាតិភាគតិច Uyghurs និងក្រុមជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមផ្សេងៗទៀតនៅក្នុងតំបន់ព្រំដែនភាគខាងលិចប្រទេសចិននោះ។
ជំនួបដែលកើតមានឡើងនោះបានបង្ហាញពីវិធីបំបែកបំបាក់របស់ចិន ដល់អង្គការសហប្រជាជាតិ ហើយនឹងឥទ្ធិពលជាសាកលរបស់ខ្លួនដែលកំពុងកើនឡើង។ រដ្ឋាភិបាលក្រុងប៉េកាំង សំឡឹងទៅរកអង្គការសហប្រជាជាតិថាជាទីកន្លែងដែលខ្លួនអាចពឹងផ្អែកទទួលបានការគាំទ្រពីប្រទេសនានា ដែលខ្លួនបានធ្វើមិត្តភ័ក្តជាមួយហើយនៅក្នុងករណីជាច្រើន បានជួយផ្នែកហិរញ្ញវត្ថុដែលជាតុល្យភាពមួយដល់ប្លុកនានា ដែលដឹកនាំដោយសហរដ្ឋអាមេរិកដូចជាក្រុមប្រទេស ដែលមានឧស្សាហកម្មជឿនលឿនទាំង៧ឬG-7 ដែលមានអារិភាពកាន់តែខ្លាំងឡើងចំពោះប្រទេសចិន។
លោកស្រី Helena Legarda មកពីវិទ្យាស្ថាន Mercator សម្រាប់ការសិក្សាអំពីប្រទេសចិននៅក្នុងទីក្រុងប៊ែឡាំងប្រទេសអាល្លឺម៉ង់បាននិយាយថា«ចិនមើលឃើញអង្គការសហប្រជាជាតិជាវេទិកាដ៏សំខាន់មួយ ដែលខ្លួនអាចប្រើប្រាស់ដើម្បីបន្តផលប្រយោជន៍ខាងយុទ្ធសាស្ត្រនិងគោលដៅរបស់ខ្លួន ហើយនឹងធ្វើការកែទម្រង់សណ្តាប់ធ្នាប់សាកលលោក»។
ខណ:ពេលចាត់ទុកអង្គការសហប្រជាជាតិជារបបពហុភាគីគំរូមួយ ចិនបានច្រានចោលការរិះគន់ឬការសម្រេចថា គណបក្សកុម្មុយនិស្តដែលកំពុងគ្រប់គ្រងអំណាចមើលឃើញថាជាការជំទាស់ប្រឆាំងដល់ផលប្រយោជន៍របស់ខ្លួននោះ។ អ្នកការទូតរបស់ចិនបានរិះគន់តបតវិញដល់របាយការណ៍មួយដែលបានចេញផ្សាយកាលពីខែមុន ដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានលើកឡើងពីការព្រួយកង្វល់អំពីលទ្ធភាព«នៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងតំបន់ Xinjiang»ដោយបានប្តេជ្ញាផ្អាកកិច្ចសហប្រតិបត្តិការជាមួយការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងបានរិះគន់អ្វីដែលខ្លួនបានពណ៌នាថាជាគម្រោងរបស់ប្រទេសលោកខាងលិច ដើម្បីធ្វើឱ្យអន្តរាយដល់ការងើបឡើងរបស់ចិន។
ចិនបានខិតខំយ៉ាងខ្លាំងដើម្បីរារាំងដល់របាយការណ៍ស្តីពីតំបន់ Xinjiang ដោយពន្យា ពេលការចេញផ្សាយរបាយការណ៍នោះអស់រយ:ពេលជាងមួយឆ្នាំ។ នៅទីបញ្ចប់ ព័ត៌មាននោះបានចេញផ្សាយ ក៏ប៉ុន្តែប៉ុន្មាននាទីមុនប្រធានអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺលោកស្រី Michelle Bachelet បានចប់តំណែងនោះ។
ដូចសហរដ្ឋអាមេរិកដែរ ចិនគិតថាខ្លួនមានសេរីភាពមួយចំនួន ដោយមិនអើពើចំពោះស្ថាប័នរបស់អង្គការសហប្រជាជាតិនៅពេលណាដែលខ្លួនចង់នោះ។ រដ្ឋបាលរបស់លោក Trump បានដកសហរដ្ឋអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៅឆ្នាំ២០១៨ ដោយបានចោទប្រកាន់ក្រុមប្រឹក្សានោះបានលម្អៀងប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បាននាំអាមេរិកវិលត្រឡប់មកកាន់ក្រុមប្រឹក្សានោះវិញនៅឆ្នាំនេះ ហើយបានធ្វើជាអាទិភាពនៃការការពារអ៊ីស្រាអែលនៅក្នុងក្រុមប្រឹក្សាដែលមានសមាជិក៤៧ ប្រទេសនេះផងដែរ។
ក៏ដូចជាសហរដ្ឋអាមេរិកដែរ ចិនក៏បានប្រើឥទ្ធិពលរបស់ខ្លួនដើម្បីធ្វើឱ្យបានសម្រេចដោយរារាំងការស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក ដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិ ទៅលើថាតើចិនជាទីកន្លែងនៃការរាតត្បាតមេរោគ Coronavirus ដែរឬទេនោះ។
លោក Ken Roth អតីតនាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា ប្រធានាធិបតីចិនលោក Xi Jinping កំពុងព្យាយាមកំណត់ឡើងវិញនូវអ្វីដែលហៅថាសិទ្ធិមនុស្ស មួយផ្នែកដោយការផ្តោតការអភិវឌ្ឍសេដ្ឋកិច្ចជាលក្ខណៈសំខាន់។ លោក Rothបាននិយាយទៀតថា ជាងរដ្ឋាភិបាលណាៗទាំងអស់កាលពី អតីតកាល ចិនកំពុងព្យាយាមធ្វើឱ្យអន្តរាយដល់ប្រព័ន្ធសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយការដាក់គំនាបលើពួកមន្ត្រីអង្គការសហប្រជាជាតិ សងសឹកប្រឆាំងនឹងសាក្សីហើយនឹងព្យាយាមសូកប៉ាន់រដ្ឋាភិបាលមួយចំនួនផងដែរ។
លោក Roth និយាយទៀតថា«អាទិភាពកំពូលមួយនៃអាទិភាពកំពូលនានារបស់ពួក គេនៅពេលឥឡូវនេះ ប្រហែលបន្ទាប់ពីបញ្ហាកោះតៃវ៉ាន់នោះ គឺការបញ្ចៀសការថ្កោលទោសពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ចិនបានចាត់ទុក កោះតៃវ៉ាន់ ដែលជាកោះមួយគ្រប់គ្រងដោយខ្លួនឯងនោះ ថាជាទឹកដីរបស់ខ្លួន ហើយជាបញ្ហាមួយដែលរដ្ឋាភិបាលក្រុងប៉េកាំងធ្វើឱ្យឮកងរំពងនៅលើឆាកអន្តរជាតិ»។
លោក Shi Yinhong ជាអ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិនៅឯសាកលវិទ្យាល័យ Renmin ក្នុងទីក្រុងប៉េកាំងបាននិយាយថា ការគាំទ្រតួនាទីរបស់អង្គការសហប្រជា ជាតិក្នុងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិមិនមែនមានន័យថា ចិនយល់ស្របជាមួយគ្រប់ស្ថាប័នរបស់អង្គការសហប្រជាជាតិនោះទេ ដោយលោកយោងដល់ការសិក្សានៃប្រភពជំងឺកូវីដ១៩និងរបាយការណ៍ថ្មីៗនេះស្តីពីតំបន់ Xinjiang៕