លោក Yang Maodong ដែលហៅក្រៅថា Guo Feixiong ត្រូវបានតុលាការប្រជាជនក្នុងក្រុង Guangzhou កាត់ទោសក្នុងបទ«ញុះញង់ឱ្យមានវិទ្ធង្សនាប្រឆាំងនឹងរដ្ឋអំណាច»។ នេះបើតាមសាររបស់លោក Yang Maoquan ជាបងប្អូនប្រុសរបស់លោក ដែលបណ្តាញមេធាវីសិទ្ធិមនុស្សចិនមួយបានផ្សព្វផ្សាយតាម Twitter។
បងប្អូនប្រុសរូបនេះរបស់លោក Yang បានសរសេរក្នុងសារមួយថា តុលាការបានកាត់ទោសលោក Yang ដែលមានអាយុ៥៦ឆ្នាំដោយសារ«ការវាយប្រហារនិងការបង្ខូចឈ្មោះប្រព័ន្ធនយោបាយចិនអស់ពេលជាយូរ» និង«ញុះញង់មនុស្សឯទៀតឱ្យធ្វើវិទ្ធង្សនាប្រឆាំងនឹងរដ្ឋអំណាច»តាមរយៈអត្ថបទចុះផ្សាយតាម online និងតាមគេហទំព័រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យផ្អែកលើរដ្ឋធម្មនុញ្ញ។
លោក Yang ក៏ត្រូវបានចោទប្រកាន់ដែរថាបាននិយាយជាមួយបណ្តាញព័ត៌មានបរទេសក្រោយលោកត្រូវបានរារាំងមិនឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីសួរសុខទុក្ខអ្នកស្រី Zhang Qing ជាភរិយារបស់លោកដែលមានសុខភាពមិនល្អក្នុងឆ្នាំ២០២១។
អាជ្ញាធរចិនបានឃុំឃាំងលោកតាំងពីពេលនោះមក។ លោកត្រូវបាន«ចាប់ខ្លួនជាផ្លូវការ» ឬចោទប្រកាន់កាលពីខែមករាឆ្នាំទៅ ពីរថ្ងៃក្រោយភរិយាលោកស្លាប់។
បន្ថែមលើនេះ តុលាការនេះក៏បាន«ដកសិទ្ធិនយោបាយ»លោកបីឆ្នាំ ដែលហាមប្រាមលោក Yang មិនឱ្យទទួលតំណែងសាធារណៈ និយាយជាសាធារណៈ និងបោះពុម្ពផ្សាយក្រោយការដោះលែង។
នៅក្នុងសេចក្តីថ្លែងការណ៍ការពារខ្លួនរបស់លោកដាក់ឱ្យតុលាការ ដែលត្រូវបានផ្សព្វផ្សាយតាមគេហទំព័រក្រៅប្រទេស អតីតគ្រូបង្រៀនទស្សនវិជ្ជារូបនេះបានជំទាស់តវ៉ានឹងការចោទប្រកាន់ពីបទធ្វើវិទ្ធង្សនាហើយប្រកាន់ថាលោកគ្មានទោសពៃរ៍ទេ។
លោកបានសរសេរថា «ក្នុងការសរសេរអត្ថបទនិងបោះពុម្ពផ្សាយអត្ថបទទាំងនេះលើគេហទំព័រដែលខ្ញុំបានបង្កើតនេះ ខ្ញុំយល់ថា ខ្ញុំប្រើដោយចំហនូវសិទ្ធិជាមូលដ្ឋាន សិទ្ធិនយោបាយ សេរីភាពក្នុងការបញ្ចេញមតិ និងការត្រិះរិះពិចារណា និងសេរីភាពក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ។ នៅពេលនេះ ពួកគេសងសឹកដល់សកម្មភាពខាងបញ្ញា២០ឆ្នាំរបស់ខ្ញុំ ហើយខ្ញុំត្រូវបានយកមកកាត់ទោសថាជាកម្លាំងអរិភាព»។
លោកបានកត់សម្គាល់ថា លោកត្រូវបានឃុំឃាំងទាំងអស់១១ឆ្នាំក្នុងការជាប់ពន្ធនាគារពីរលើកមុន និងបានជាប់ឃុំព្រហ្មទណ្ឌបួនដងចំនួន១៤ឆ្នាំ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩។
លោក Guo បានសរសេរថា «នេះជាការជាប់គុកលើកទីបីរបស់ខ្ញុំ។ រាប់តាំងពីការបោះពុម្ពផ្សាយដោយខុសច្បាប់ ការប្រមែប្រមូលហ្វូងមនុស្សដើម្បីធ្វើឱ្យខូចសណ្តាប់ធ្នាប់ រហូតដល់់ការញុះញង់ឱ្យធ្វើវិទ្ធង្សនា ខ្ញុំរំពឹងថា ខ្ញុំនឹងត្រូវកាត់ក្តីឱ្យជាប់ទោស» តែលោកបានស្បថស្បែថា លោកនឹងមិនបោះបង់ចោលគុណតម្លៃរបស់លោកឡើយ។
លោកបានសរសេរបន្តថា «តាំងពីការចូលរួមរបស់ខ្ញុំជាលើកដំបូងក្នុងការប្រជុំរបស់ក្រុមនិស្សិតកាលពីឆ្នាំ១៩៨៦ រហូតមកដល់ឥឡូវ សេចក្តីប្រាថ្នាខាងនយោបាយរបស់ខ្ញុំមិនបានងាករេទេ គឺអនុវត្តសេរីភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋពិតប្រាកដក្នុងប្រទេសចិន»។
ពួកតំណាងស្ថានទូតប្រទេសលោកខាងលិចត្រូវបានហាមប្រាមមិនឱ្យចូលស្តាប់ក្នុងការកាត់ទោសលោក Guo ទេ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិនបានសរសេរសារលើបណ្តាញសង្គម Twitter ថា «យើងបន្តអំពាវនាវឱ្យមានការដោះលែងលោក Guo ឱ្យបានឆាប់ដើម្បីឱ្យលោកបានជួបជាមួយគ្រួសារលោកឡើងវិញ»។ គណៈប្រតិភូសហភាពអឺរ៉ុបនិងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោកស្រី Patricia Flor ក៏បានអំពាវនាវឱ្យមានការដោះលែងលោកដែរ។
ក្នុងឋានៈជាអ្នកពិគ្រោះយោបល់ខាងច្បាប់ម្នាក់កាលពីឆ្នាំ២០០៥ លោក Yang មានគេស្គាល់ច្រើនដោយសារលោកបានជួយប្រជាជនក្នុងភូមិ Taishi នាប៉ែកខាងត្បូងប្រទេសចិនដើម្បីការពារសិទ្ធិខាងដីធ្លីពួកគេ។ ជាញឹកញយលោកត្រូវបានយាយី វាយដំ និងរងទារុណកម្មនៅក្នុងការជាប់ឃុំឃាំងនិងជាប់គុកកាលពីលើកមុនៗ។ គេមិនដឹងថា លោក Gao ស្ថិតនៅទីណាទេក្រោយពីជាប់ឃុំនិងជាប់ពន្ធនាគារច្រើនឆ្នាំ ដែលនៅពេលនោះលោកត្រូវបានធ្វើទារុណកម្មផងដែរ។
«នេះជាការកាត់ទោសយ៉ាងបំពានមួយ»។ នេះជាសម្តីរបស់លោក Yang Zili ដែលជាសកម្មជនចិនម្នាក់ដែលបានជាប់គុក៨ឆ្នាំ ហើយនៅពេលនេះលោករស់នៅសហរដ្ឋអាមេរិក។ លោកបាននិយាយថា មិនថាជំនឿនយោបាយរបស់នរណាម្នាក់មានសន្តិវិធី និងសមហេតុផលសមរម្យយ៉ាងណាក៏ដោយ ដរាបណាជំនឿទាំងនោះ មិនស្របតាមការឃោសនារបស់គណបក្សកុម្មុយនិស្ត ជននោះប្រព្រឹត្តឧក្រិដ្ឋកម្មតាមការចោទប្រកាន់ហើយ»។
លោក William Nee ជាអ្នកស្រាវជ្រាវនៅអង្គការការពារសិទ្ធិមនុស្សចិន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងដែលជាក្រុមចម្រុះនៃអង្គការក្រៅរដ្ឋាភិបាលចិននិងអន្តរជាតិខាងសិទ្ធិមនុស្ស។ លោកបានហៅការកាត់ទោសលោក Guo ថាជា«ករណីមួយទៀតដែលបង្ហាញអរិភាពខ្លាំងជ្រុលរបស់រដ្ឋាភិបាលចិនដល់លទ្ធិប្រជាធិបតេយ្យ និងរដ្ឋាភិបាលផ្អែកលើរដ្ឋធម្មនុញ្ញ។
លោកបានថ្លែងថា «វាក៏ជាសញ្ញាព្រមានមួយដល់ជនទាំងឡាយណាដែលហ៊ានជំទាស់ជាសាធារណៈ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ