នៅថ្ងៃពុធនេះ ប្រទេសចិនបានព្រលះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងការគំរាមកំហែងសារឡើងវិញរបស់សេតវិមានប្រធានាធិបតីអាមេរិកលើផ្នែកពាណិជ្ជកម្ម។ រដ្ឋាភិបាលចិនបានព្រមានថា ខ្លួនត្រៀមខ្លួនរួចរាល់ហើយដើម្បីវាយបកវិញ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់បង្កសង្គ្រាមពាណិជ្ជកម្ម។
រដ្ឋាភិបាលចិនបានព្រមានដូច្នេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Wilbur Ross ទៅកាន់ប្រទេសចិន ចូលមកដល់។
កាលពីថ្ងៃអង្គារម្សិលមិញ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននៅតែគំរាមយកពន្ធគយលើទំនិញនាំចូលក្នុងទឹកប្រាក់ ៥០ ពាន់លានដុល្លារអាមេរិកពីប្រទេសចិន ប្រសិនបើប្រទេសចិនមិនព្រមដោះស្រាយបញ្ហាលួចកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកទេនោះ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងជំរុញទៅមុខនូវការដាក់កំហិតលើការវិនិយោគរបស់ក្រុមហ៊ុនចិននៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជាដាក់កំហិតលើការគ្រប់គ្រងការនាំចេញទំនិញទៅកាន់ប្រទេសចិនផងដែរ។
ជំហរតឹងតែងជាងមុនរបស់សហរដ្ឋអាមេរិកនេះបានធ្វើឡើង ស្របពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រៀមជួបជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបង្កើនការប្រឹងប្រែងដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនយល់ថាជាការប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការដាក់កំហិតដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង។
ការកើនឡើងនូវភាពតានតឹងផ្នែកពាណិជ្ជកម្មនេះបានកើតឡើង បន្ទាប់ពីភាគីទាំងពីរបានឯកភាពគ្នាកាលពីដើមខែនេះដើម្បីស្វែងរកដំណោះស្រាយក្នុងការបន្ថយផលលើសផ្នែកពាណិជ្ជកម្មរបស់ចិនដែលមានទឹកប្រាក់ ៣៧៥ ពាន់លានដុល្លារអាមេរិក៕