រដ្ឋាភិបាលចិនបានបញ្ជាក់កាលពីថ្ងៃចន្ទថា ការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យដែលថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានរបស់ចិននោះគឺជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ» លើគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បានថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា៖ «ការលើកឡើងរបស់សហរដ្ឋអាមេរិកនេះ...គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះការតាំងចិត្តដ៏មានសារ:សំខាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួននឹងមិនគាំទ្រចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់ ហើយការលើកឡើងដូចនេះបានបញ្ជូនសញ្ញាដ៏ខុសឆ្គងធ្ងន់ធ្ងរមួយទៅដល់កងកម្លាំងទាមទារឯករាជ្យរបស់តៃវ៉ាន់»។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោកBiden ត្រូវបានគេសួរថាតើកងទ័ពសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ដែរឬទេ ហើយលោកបានឆ្លើយថា «ប្រាកដណាស់» ប្រសិនបើមាន «ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក»។
ប៉ុន្តែ នៅក្នុងកិច្ចសម្ភាសន៍នោះ លោក Biden បានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិកនៅតែតាំងចិត្តចំពោះគោលនយោបាយ «ចិនតែមួយ» ដែលនៅក្នុងគោលនយោបាយនោះ សហរដ្ឋអាមេរិកទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងជាផ្លូវការ មិនមែនរដ្ឋាភិបាលក្រុងតៃប៉ិទេ និងបាននិយាយថា៖ «យើងមិនមែនលើកទឹកចិត្តឱ្យតៃវ៉ាន់មានឯករាជ្យភាពនោះឡើយ ...នោះគឺជាការសម្រេចចិត្តរបស់តៃវ៉ាន់ផ្ទាល់»។
រដ្ឋាភិបាលអាមេរិកបានកាត់ផ្ដាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់កាលពីឆ្នាំ ១៩៧៩ ដោយងាកទៅទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងថាជាតំណាងតែមួយគត់នៃប្រទេសចិន។ ប៉ុន្តែ នៅពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេរិកនៅតែរក្សាតួនាទីមិនរួញរានៅក្នុងការគាំទ្រតៃវ៉ាន់។
អ្នកស្រី Mao Ning បានបញ្ជាក់ថា៖ «យើងមានឆន្ទ:នៅក្នុងការប្រឹងប្រែងដោយស្មោះត្រង់ឱ្យបានខ្លាំងជាទីបំផុតដើម្បីបង្រួបបង្រួម [ប្រទេសចិនទាំងមូល] ឡើងវិញដោយសន្តិវិធី»។
អ្នកស្រីបានបន្ថែមថា៖ «ស្របពេលជាមួយគ្នានោះដែរ យើងនឹងមិនអនុគ្រោះដល់សកម្មភាពណាមួយដែលមានគោលបំណងបំបែកបំបាក់ប្រទេសចិននោះឡើយ ហើយយើងរក្សានូវជម្រើសនៅក្នុងការចាត់វិធានការចំាបាច់ទាំងអស់»។
ភាពតានតឹងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកបានកើនឡើងខ្លាំងជាងធម្មតា នៅក្រោយដំណើរ ទស្សនកិច្ចដ៏កម្ររបស់ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា។
កាលពីសប្តាហ៍មុន គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់គោលនយោបាយតៃវ៉ាន់ (Taiwan Policy Act) ឆ្នាំ ២០២២ ដែលមានគោលបំណងផ្តល់ជំនួយយោធាចំនួនរាប់ពាន់លានដុល្លារដល់កោះតៃវ៉ាន់ និងធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់កាន់តែមានលក្ខណៈផ្លូវការជាងមុន។ ការអនុម័តនេះក៏ត្រូវបានរដ្ឋាភិបាលចិនជំទាស់យ៉ាងខ្លាំងក្លាផងដែរ៕