ប្រធានាធិបតីចិនលោក Xi Jinping ដែលត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនតាំងពីសម័យលោក Mao Zedong ធ្វើជាប្រធានាធិបតីចិនមក ត្រូវបានសមាជគណបក្សកុម្មុយនីស្តចិនជ្រើសរើសឱ្យធ្វើជាមេដឹកនាំរបស់គណបក្សនេះនៅអាណត្តិទី ៣ ជាបន្តទៀតកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
ការជ្រើសរើសលោក Xi ដែលបានឡើងកាន់អំណាចដំបូងកាលពីឆ្នាំ ២០១២ ឱ្យធ្វើជាអគ្គលេខាធិការបក្សសម្រាប់អាណត្តិ ៥ ឆ្នាំបន្តទៀតនេះគឺជាការបោះបង់ចោលនូវទម្លាប់កន្លងមករបស់គណបក្សកុម្មុយនីស្ដចិនដែលជាទូទៅមេដឹកនាំមុនៗរបស់គណបក្សនេះដឹកនាំតែ ២ អាណត្តិគឺរយៈពេល ១០ ឆ្នាំតែប៉ុណ្ណោះ ហើយនឹងចាកចេញពីតំណែង។ អ្នកខ្លះរំពឹងថា លោក Xi ព្យាយាមកាន់អំណាចឱ្យបានពេញមួយជីវិតរបស់លោក។
គណបក្សកុម្មុយនីស្ដចិនក៏បានជ្រើសរើសគណៈកម្មាធិការអចិន្ត្រៃយ៍ដែលមានសមាជិក ៧ រូបផងដែរ។ គណៈកម្មាធិការអចិន្ត្រៃយ៍នេះគឺជាក្រុមអំណាចផ្ទៃក្នុងដែលគ្របដណ្ដប់ឥទ្ធិពលដោយសម្ព័ន្ធមិត្តរបស់លោក Xi បន្ទាប់ពីលោកនាយរដ្ឋមន្ត្រី Li Keqiang ដែលជាមេដឹកនាំលំដាប់ទី ២ និងជាអ្នកជំរុញឱ្យមានការកែទម្រង់បែបទីផ្សារនិងសហគ្រាសឯកជន ត្រូវបានដកចេញពីបញ្ជីគណៈកម្មាធិការកណ្ដាលថ្មីដែលមានសមាជិក ២០៥ នាក់កាលពីថ្ងៃសៅរ៍។ គណៈកម្មាធិការកណ្ដាលនេះគឺជាគណៈកម្មាធិការដែលជ្រើសរើសគណៈកម្មាធិការអចិន្ត្រៃយ៍។
លោក Xi និងសមាជិកផ្សេងទៀតនៃគណៈកម្មាធិការអចិន្ត្រៃយ៍នេះបានបង្ហាញខ្លួនជាក្រុមជាលើកដំបូងបង្អស់នៅពីមុខអ្នកយកព័ត៌មាននានាកាលពីថ្ងៃអាទិត្យនៅក្នុងសាល Great Hall of the People ក្នុងទីក្រុងប៉េកាំង។
លោក Xi បានប្រកាសថា លោក Li Qiang ដែលជាអតីតប្រធានគណបក្សសៀងហៃ (Shanghai Party) ដែលមិនជាប់ពាក់ព័ន្ធជាមួយនឹងលោក Li Keqiang គឺជាមេដឹកនាំលំដាប់ទី ២ ហើយលោក Zhao Leji ដែលជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ពីមុន គឺជាមេដឹកនាំលំដាប់ទី ៣។
ជាទូទៅ តាំងពីទសវត្សរ៍ ១៩៩០ មក មេដឹកនាំលំដាប់ទី ២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍គឺកាន់តំណែងជានាយករដ្ឋមន្ត្រី រីឯមេដឹកនាំលំដាប់ទី ៣ វិញគឺកាន់តំណែងជាប្រធានសភា។ តំណែងទាំងនេះនឹងត្រូវតែងតាំងនៅពេលដែលសភាចិនបើកសម័យប្រជុំនៅឆ្នាំក្រោយ៕
លោក Xi Jinping ត្រូវបានសមាជបក្សកុម្មុយនីស្តចិនជ្រើសរើសឱ្យធ្វើជាមេដឹកនាំជាបន្តទៀត
ទីក្រុងប៉េកាំង —