«បិតា​នៃ​ពូជ​ស្រូវ​កូន​កាត់​ឬ​ស្រូវ​ហាយប្រ៊ីដ»​របស់​ចិន​ដែល​ជួយ​ចិញ្ចឹម​ពិភពលោក​ទទួល​មរណភាព

រូប​ឯកសារ៖ កសិករ​ខ្មែរ​ម្នាក់​​បាច​សាបព្រោះ​គ្រាប់​ស្រូវ​​ពូជទៅ​ក្នុង​ស្រែ ​នៅ​ឯ​ជាយ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២១។​

លោក Yuan Longping អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​បង្កើត​ពូជ​ស្រូវ​ផ្តល់​ទិន្នផល​ខ្ពស់​ដែល​បាន​ជួយ​ចិញ្ចឹម​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​២២​ខែឧសភា នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទី​ក្រុង Changsha ភាគខាងត្បូង។ នេះ​បើ​យោង​តាមការ​រាយការណ៍​របស់​សារព័ត៌មាន​ចិន Xinhua។ លោក​បាន​ទទួល​មរណភាព​ក្នុង​អាយុ​៩១​ឆ្នាំ។

លោក Yuan ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា​ជា «បិតា​នៃ​ពូជ​ស្រូវ​កូន​កាត់​ឬ​ស្រូវ​ហាយប្រ៊ីដ»​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​របស់​លោក​ស្រាវជ្រាវ​អំពី​ស្រូវ។ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​របស់​លោក Yuan ២០ភាគរយ​នៃ​អង្ករ​នៅ​ក្នុង​ពិភពលោក​បាន​មក​ពី​ពូជ​ស្រូវ​កូន​កាត់​នេះ។​នេះ​បើ​យោង​តាម​គេហទំព័រ​របស់​កម្មវិធី​ពាន​រង្វាន់​ស្បៀង​អាហារ​ពិភពលោក​ (World Food Prize) ដែល​លោក​បាន​ទទួល​កាលពី​ឆ្នាំ​២០០៤។

កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ទី​២២ ខែ​ឧសភាកន្លង​មក​មនុស្ស​ច្រើន​កុះ​ករ​បាន​មក​ផ្តល់​កិត្តិយស​ដល់​អ្នក​វិទ្យាសាស្ត្រ​រូប​នេះ​ដោយ​បាន​ដង្ហែ​ក្បួន​ឆ្លង​កាត់​មន្ទីរពេទ្យ​ក្នុង​ខេត្ត Hunan ទី​ដែល​លោក​ទទួល​មរណភាព​ដោយ​បាន​ស្រែក​បន្ទរ​ខ្លាំងៗ​ថា «លោក​តា Ye សូម​ធ្វើ​ដំណើរ​ឲ្យ​បាន​សុខ»។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក។​

ក្នុង​ទសវត្សរ៍​១៩៧០ លោក Yuan បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ស្រាវជ្រាវ​ថ្មីៗ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ល្បី​ឈ្មោះ។ លោក​បាន​បង្កើត​ប្រភេទ​គ្រាប់​ពូជ​ស្រូវ​កូនកាត់​ដែល​ផ្តល់​ទិន្នផល​ប្រចាំ​ឆ្នាំខ្ពស់​ជាង​ពូជ​ស្រូវ​ដែល​មាន​ស្រាប់​២០​ភាគរយ​ដែល​នេះ​មាន​ន័យ​ថា​ទិន្នផល​នេះ​អាច​ចិញ្ចឹម​មនុស្ស​ចំនួន​៧០លាន​នាក់​បន្ថែម​ទៀត​ក្នុង​មួយ​ឆ្នាំ។ នេះ​យោង​តាម​សារព័ត៌មាន​ចិន Xinhua។

ការ​ស្រាវជ្រាវ​របស់​លោក​បាន​ជួយ​ផ្លាស់ប្តូរ​ស្ថានភាព​ប្រទេស​ចិន​ពី «កង្វះ​ស្បៀង​អាហារ​មក​សន្តិសុខ​ស្បៀង» ក្នុង​រយៈពេល​បី​ទសវត្សរ៍។ យោង​តាម​កម្មវិធី​ពាន​រង្វាន់​ស្បៀង​អាហារ​ពិភពលោក​ (World Food Prize) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Norman Borlaug ជា​អ្នក​ទទួល​ពានរង្វាន់​ណូប៊ែល​សន្តិភាព​ក្នុង​ឆ្នាំ​១៩៨៦​ដែល​ជា​ពានរង្វាន់​ទទួល​ស្គាល់​អ្នក​វិទ្យាសាស្ត្រ​និង​បុគ្គល​ផ្សេងៗ​ដែល​បាន​ធ្វើ​ឲ្យ​គុណភាព​និង​បរិមាណ​ស្បៀងអាហារ​ប្រសើរ​ឡើង។

លោក Yuan និង​ក្រុមការងារ​របស់​លោក​បាន​ធ្វើ​ការ​ជាមួយ​នឹង​ប្រទេស​ជាង​១០​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង​អាហារ​និង​កង្វះ​អាហារូបត្ថម្ភ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ