ការ​សាង​សង់​ផ្លូវ​យន្ត​ហោះ​របស់​ចិន​នៅ​កម្ពុជា​នាំ​ឲ្យ​មាន​ក្តីបារម្ភ​អំពី​មហិច្ឆតា​យោធា​ចិន

រូបឯកសារ៖ ព្រលាន​យន្ត​ហោះតារាសាគរ ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់​របស់​​ក្រុម​ហ៊ុន​ចិន Union Development Group។

កាសែត ​New York Times ​បាន​ឲ្យ​ដឹង​ថា​ ការ​ស្ថាបនា​ផ្លូវ​យន្ត​ហោះ​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ឱ្យ​មាន​ការព្រួយ​បារម្ភ​អំពី​មហិច្ឆតា​យោធា​ចិន។ ​

ទីភ្នាក់ងារ​ព័ត៌មាន ​Bloomberg​ បាន​រាយការណ៍​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឥឡូវ​នេះ​គ្រប់​គ្រង​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ ២០ ​ភាគ​រយ​តាម​រយៈ​ការ​ជួល​រមនីយដ្ឋាន​តារា​សាគរ​ ដែល​អ្នក​ម៉ៅការ​កំពុង​សាង​សង់​ព្រលាន​យន្តហោះ​ កំពង់​ផែ​ទឹកជ្រៅ ​មណ្ឌសសុខា​ភិបាល​ និង​រមណីយដ្ឋាន។​

កាសែត​ New York Times ​ថា ​ចិន​បាន​អះអាង​ថា ​រមនីយដ្ឋាន​តារា​សាគរ​ដែល​មាន​ផ្លូវ​យន្តហោះ​ចុះ​វែង​ជាង​គេ​នៅ​កម្ពុជា​នោះ​គឺ​ជា​ទីតាំង​ស៊ីវិល។​

ទោះយ៉ាងណា​កាសែត​នេះ​រាយ​ការណ៍​ថា ​ទំហំ​សាងសង់​និង​ឆ្នេរ​សមុទ្រ​រឆេងរឆូញ​សម្រាប់ផ្ទុក​យន្ត​ហោះ​ចម្បាំង​នោះ​ បង្ហាញ​គោល​បំណង​ខាង​យោធា។​

ក្រុមហ៊ុន​អភិវឌ្ឍន៍​ Union Development Group​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ ទទួល​បាន​អាជ្ញាបណ្ណ​កាន់​កាប់​តំបន់​វិនិយោគ​តារា​សាគរ​រយៈ​ពេល​៩៩​ឆ្នាំ។​

ដោយ​ដកស្រង់​សម្តី​លោក អៀរ សុផល ​អ្នកវិទ្យាសាស្ត្រ​នយោបាយ​នៅ​មហា​វិទ្យាល័យ​ Occidental​ ​កាសែត ​New York Times ​បាន​រាយ​ការណ៍​ថា​ ​ការ​សាងសង់​ផ្លូវ​យន្តហោះរបស់​ចិន​នេះ​គឺ​ដើម្បី​បង្កើន​អំណាច​នៅ​ក្នុង​តំបន់។​

កាសែត ​New York Times ​ឲ្យដឹង​ថា​ ​សំណង់​នៅ​កម្ពុជា​នេះ​ទំនង​ជា​ការ​ផ្លាស់ប្តូរ​យុទ្ធ​សាស្ត្រ​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​«ខ្សែគុជ»។​

យុទ្ធសាស្ត្រ​នេះ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ហេដ្ឋារចនា​សម្ព័ន្ធ​និង​មូលដ្ឋាន​យោធា​ដែល​លាត​សន្ធឹង​ចាប់ពី​សមុទ្រ​ចិន​ខាង​ត្បូង​ដល់​មហាសមុទ្រ​ឥណ្ឌា​ និង​លើស​ពីនេះ​ទៅទៀត៕