ទាំងលោកប្រធានាធិបតី Donald Trump ទាំងគូប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោក គឺលោក Joe Biden បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយចោទប្រកាន់គ្នាទៅវិញទៅមកថា មានជំហរទន់ជ្រាយចំពោះរបៀបដោះស្រាយរបស់ចិនចំពោះជំងឺរាតត្បាតកូវីដ ១៩។
កាលពីពេលថ្មីៗនេះ ក្រុមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់អណត្តិថ្មីរបស់លោកប្រធានាធិបតី Trump បានចេញផ្សាយសារនយោបាយដែលពួកគេបានប្រើនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក Trump កាលពីឆ្នាំ ២០១៦ ដែលបានវាយប្រហារទៅលើប្រទេសចិន និងចោទគូប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោក ដែលពេលនេះ គឺអតីតអនុប្រធានាធិបតីលោក Joe Biden ថា បានប្រព្រឹត្តអំពើពុករលួយ។ លោក Matt Grossmann ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យរដ្ឋ Michigan។
លោក បានថ្លែងក្នុងសម្តីដើមថា៖ «ប្រសិនបើការឃោសនាបែបនេះនៅលើកមុនបានទទួលជោគជ័យនោះ ពួកគេអាចនឹងរំពឹងថាការឃោសនាបែបនេះម្តងទៀតនៅពេលនេះ នឹងបានទទួលជោគជ័យទៀត»។
លោក Trump បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ ២០១៦ មួយផ្នែកដោយសារលោកលើកឡើងថា ការបាត់បង់ការងារនៅសហរដ្ឋអាមេរិក គឺដោយសាររោងចក្រនានាបានទៅបើកប្រតិបត្តិការនៅចិន និងដោយលោកបានចោទអ្នកស្រី ហ៊ីលឡារី គ្លីនតុនដែលជាបេក្ខនារីប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យថា បានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ក្រុមហ៊ុនក្នុងលក្ខណៈមិនត្រឹមត្រូវ។
ការផ្សព្វផ្សាយសារនយោបាយរបស់លោក Trump ដែលផ្តោតទៅលើលោក Biden ប្រៀបធៀបការសម្រេចចិត្តរបស់លោកក្នុងការកាត់ផ្តាច់ការធ្វើដំណើរពីប្រទេសចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា ដែលផ្ទុយពីគូប្រជែងរបស់លោក ដែលប្រឆាំងចំពោះការហាមឃាត់ការធ្វើដំណើរនេះ។ ក៏ប៉ុន្តែ ការផ្សាយពាណិជ្ជកម្មនោះ ក៏បានប្រើប្រាស់សេចក្តីថ្លែងការណ៍ក្រៅបរិបទរបស់លោក Biden ផងដែរ ដើម្បីបង្ហាញថា លោក Biden មានភាពទន់ជ្រាយចំពោះប្រទេសចិន និងបានចោទប្រកាន់លោក Biden ដោយគ្មានភ័ស្តុតាងបញ្ជាក់ថា បានពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ ដែលកូនប្រុសរបស់លោក គឺលោក Hunter Biden «បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ» ជាមួយនឹងជំនួញដែលគ្រប់គ្រងដោយរដ្ឋចិន»។
មុនពេលមានការរាតត្បាតនៃវីរុសកូរ៉ូណានេះ លោក Trump បានប្រើប្រាស់កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតី ជាប្រធានបទដ៏សំខាន់ក្នុងយុទ្ធនាការឃោសនារបស់លោក។
ឥឡូវនេះ ការបិទអាជីវកម្មស្ទើតែគ្រប់ទីកន្លែងដើម្បីជាការទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណានេះ បានធ្វើឲ្យប្រជាពលរដ្ឋអាមេរិករាប់លាននាក់ គ្មានការងារធ្វើ។
ការស្ទង់មតិបង្ហាញពីអត្រាអ្នកគាំទ្រលោកប្រធានាធិបតី បានធ្លាក់ចុះ ដោយសារពលរដ្ឋអាមេរិកាំងភាគច្រើនមើលឃើញថា របៀបចាត់ចែងរបស់លោក Trumpមិនមានលក្ខណៈស្ថិតស្ថេរ ចំពោះវិបត្តិសុខភាពសាធារណៈ និងសេដ្ឋកិច្ច។
លោក Trump និងសមាជិកសភាខាងគណបក្សសាធារណរដ្ឋបានទទូចថា ប្រទេសចិនគួរតែប្រឈមនឹងការទទួលខុសត្រូវចំពោះការណ៍ដែលខ្លួនបានលាក់បាំងភាពធ្ងន់ធ្ងរនៃវិបត្តិសុខភាពដែលបង្កឡើងដោយវីរុសកូរ៉ូណា និងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលថា វីរុសនេះមានប្រភពពីសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ ក្រុមអ្នករិះគន់លោក Trump យល់ឃើញថា សារខាងលើនេះ គឺជាការប៉ុនប៉ងបង្វែរការស្តីបន្ទោសរឿងដែលសហរដ្ឋអាមេរិកឆ្លើយតបយឺតទៅនឹងបញ្ហារោគរាតត្បាត ដែលបានឆក់យកអាយុជីវិតពលរដ្ឋអាមេរិកប្រមាណជាង ៤២,០០០ នាក់ គិតដល់ត្រឹមថ្ងៃទី ២១ ខែមេសា។
លោក Robert Daly ជាអ្នកវិភាគអំពីប្រទេសចិននៅមជ្ឈមណ្ឌល Wilson។ លោកបានថ្លែងក្នុងសម្តីដើមថា៖ «ការរិះគន់របស់រដ្ឋបាលលោក Trump ទៅលើចិន ចង់និយាយថាប្រសិនបើចិនមានតម្លាភាពល្អឥតខ្ចោះនោះ សហរដ្ឋអាមេរិកក៏នឹងមានយុទ្ធសាស្ត្រល្អឥតខ្ចោះក្នុងការឆ្លើយតបដែរ។ ហើយយើងដឹងថា នោះវាមិនមែនជាការពិតទេ»។
ក្នុងពេលចោទប្រកាន់ទៅលើលោកBiden អំពីការទទួលបានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុដោយពុករលួយនោះ ក្រុមអ្នករិះគន់និយាយថា លោក Trump និងក្រុមគ្រួសាររបស់លោកផ្ទាល់ គឺមិនមានតម្លាភាពទេ អំពីការធ្វើជំនួញផ្ទាល់ខ្លួនរបស់ពួកគេនៅជុំវិញពិភពលោក ដោយពួកគេកត់សម្គាល់ថា លោកប្រធានាធិបតីមិនទាន់បានចេញលិខិតប្រកាសពន្ធណាមួយនៅឡើយទេ។
ក៏ប៉ុន្តែការអះអាងរបស់លោក Trump ដែលថាទ្រព្សសម្បត្តិផ្ទាល់ខ្លួនរបស់លោក ពិតជាបានធ្វើឲ្យលោករួចផុតពីឥទ្ធិពលខាងក្រៅនោះ នៅតែបន្តទាក់ទាញអ្នកគាំទ្ររបស់លោកជាច្រើន។
លោក Matt Grossmann ដែលជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យរដ្ឋ Michigan បានថ្លែងទៀតថា៖ «នោះជាយុទ្ធសាស្រ្តដ៏សាមញ្ញដែលមានប្រជាប្រិយភាពមួយ ដែលវាមានន័យថា អ្នកដឹងហើយ «ពួកគេទាំងអស់សុទ្ធតែពុករលួយ។ ខ្ញុំក៏ពុករលួយដែរ តែខ្ញុំពុករលួយដើម្បីផលប្រយោជន៏របស់លោកអ្នក»។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក Biden បានឆ្លើយតបទៅវិញតាមរយៈការផ្សាយសារនយោបាយរបស់ខ្លួន។ នៅក្នុងសារនោះ មានការចោទប្រកាន់លោក Trump ថា មិនអើពើនឹងរបាយការណ៍ស៊ើបការណ៍សម្ងាត់ដំបូងដែលព្រមានពីការគំរាមកំហែងនៃវីរុសកូរ៉ូណា ហើយនឹងការណ៍ដែលលោក Trump សរសើរប្រធានាធិបតីចិនលោកស៊ី ជិនពីងនៅចំពេលមានវិបត្តិដើម្បីការពារកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបតែចុះហត្ថលេខាកាលពីពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិកនិងចិន។
យុទ្ធនាការឃោសនារបស់គណបក្សទាំងពីរនេះ រិះគន់រដ្ឋាភិបាលទីក្រុងប៉េកាំងកាន់តែខ្លាំងឡើងៗ ដែលឆ្លុះបញ្ចាំងពីកំហឹងរបស់សាធារណៈជនដែលកំពុងកើនឡើងនៅសហរដ្ឋអាមេរិកចំពោះប្រទេសចិនដែលជាប្រភពដើមនៃវីរុសដ៏មរណៈ ដែលមនុស្សរាប់លាននាក់បានឆ្លង និងដែលបានបណ្តាលឲ្យសេដ្ឋកិច្ចក្នុងប្រទេសជាច្រើននៅលើពិភពលោក គាំងដំណើរ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់