រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់នាវារុករកនិងសង្គ្រោះអចិន្ត្រៃយ៍មួយគ្រឿងជាលើកទីមួយនៅដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូងស្របពេលបង្កើនទំនាក់ទំនងសាធារណៈជាមួយប្រទេសផ្សេងៗបន្ទាប់ពីខ្លួនបានធ្វើឲ្យប្រទេសតូចៗមួយចំនួនដែលទាមទារដែនអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង ភ្ញាក់ផ្អើលតាមរយៈការបំពាក់សម្ភារៈយោធានៅតំបន់មានជម្លោះនេះ។ នេះបើយោងតាមអ្នកវិភាគ។
ក្រសួងដឹកជញ្ជូនចិនបានបញ្ជូននាវាមានឈ្មោះថា នាវាជួយសង្រ្គោះសមុទ្រខាងត្បូង115 ទៅប្រជុំកោះ Spratly កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ។ សារព័ត៌មានស៊ិនហួរក៏បានរាយការណ៍ផងដែរថា នាវានេះអាចបើកនៅលើសមុទ្រក្នុងស្ថានភាពព្យុះភ្លៀង និងរលកធំៗមានកម្ពស់ដល់ទៅ៦ម៉ែត្រ។ វានានេះក៏មានកន្លែងសម្រាប់ឲ្យឧទ្ធម្ភាគចក្រចុះចតបានផងដែរ។ របាយការណ៍របស់សារព័ត៌មានស៊ិនហួរក៏បានរាយការណ៍បន្ថែមថា នាវាសង្គ្រោះប្រភេទនេះនឹងត្រូវបង្កើតឡើងបន្ថែមទៀត។
ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបានដកស្រង់សម្តីរបស់ប្រធានការិយាល័យជួយសង្គ្រោះ លោក Wang Zhenliang ដែលបានថ្លែងថា «ការិយាល័យជួយសង្គ្រោះនៃក្រសួងដឹកជញ្ជូននឹងបង្កើនយន្តការឃ្លាំមើលនៅតំបន់នៃសមុទ្រចិនខាងត្បូងដើម្បីធ្វើតាមភារកិច្ច និងកាតព្វកិច្ចជួយសង្គ្រោះនៅតាមសមុទ្រឲ្យកាន់តែប្រសើរឡើងដូចដែលមានចែងនៅក្នុងសន្ធិសញ្ញាអន្តរជាតិ»។
អ្នកជំនាញនិយាយថា ប្រទេសចិនប្រហែលជាបានបញ្ជូននិងបានផ្សព្វផ្សាយជាសាធារណៈនៃការដាក់ពង្រាយនាវានេះថា ជាបំណងល្អរបស់ចិនបន្ទាប់ពីខ្លួនបានធ្វើឲ្យប្រទេសនានាមានការខឹងសម្បាជុំវិញការបំពាក់សម្ភារៈយោធានៅលើប្រជុំកោះក្នុងដែនសមុទ្រមានជម្លោះនេះ។
លោក Jonathan Spangler ដែលជានាយកអង្គការវិភាគលើបញ្ហាសមុទ្រចិនខាងត្បូងឬ South China Sea Think Tank នៅក្នុងទីក្រុងតៃប៉ិបាននិយាយថា «និយាយរួមទៅការប្រកាសជាលក្ខណៈទ្រង់ទ្រាយធំអំពីសកម្មភាពមនុស្សធម៌នេះគឺគ្រាន់តែចង់បិទបាំងសកម្មភាពបំពាក់សម្ភារៈយោធារបស់ខ្លួន និងចង់បង្វែរការយល់ឃើញរបស់សាធារណជនតែប៉ុណ្ណោះ»។
ការបំពាក់សម្ភារៈយោធា
ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាមបានតវ៉ាចំពោះការទាមទាររបស់ក្រុងប៉េកាំងដែលចង់កាន់កាប់៩០ភាគរយនៃសមុទ្រចិនខាងត្បូងរួមទាំងប្រជុំកោះ Spratly ផងដែរ។ ដែនសមុទ្រដែលលាតសន្ធឹងប្រវែង៣លាន៥សែនគីឡូម៉ែត្រការ៉េគឺជាជង្រុកត្រី ប្រេង ឧស័្មនធម្មជាតិ និងជាផ្លូវនាវាចរណ៍យ៉ាងសំខាន់។
ប្រទេសចិនបានលើកឡើងពីកំណត់ត្រាប្រវត្តិសាស្រ្តនានាដើម្បីគាំទ្រដល់ការទាមទាររបស់ខ្លួន។ ជាងមួយទសវត្សរ៍កន្លងទៅប្រទេសចិនបានចាក់ពង្រីកកោះតូចៗមួយចំនួន។ ការចាក់ពង្រីកនេះធ្វើឡើងជាបន្តបន្ទាប់ស្របពេលមានការបំពាក់សម្ភារៈយោធា បង្កឲ្យប្រទេសដែលទាមទារដែនអធិបតេយ្យផ្សេងទៀតខឹងសម្បា ដោយសារតែចិនមានកម្លាំងយោធាខ្លាំងជាងគេនៅក្នុងតំបន់។
លោក Euan Graham នាយកផ្នែកសន្តិសុខអន្តរជាតិនៃវិទ្យាស្ថាន Lowy សម្រាប់គោលនយោបាយអន្តរជាតិនៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រា្តលី បានថ្លែងថា «ប្រទេសចិនប្រហែលជាចង់បន្ធូរបន្ថយកម្តៅនៃសកម្មភាពយោធារបស់ខ្លួន តាមរយៈការផ្សព្វផ្សាយពីសកម្មភាពរុករកនិងជួយសង្គ្រោះ ប៉ុន្តែខ្ញុំមិនគិតថា ការណ៍នេះនឹងអាចជួយបង្វែរទស្សនៈរបស់សាធារណជននោះទេ។ សង្គ្រាមផ្នែកទំនាក់ទំនងសាធារណៈកំពុងបន្តកើតឡើង ប៉ុន្តែខ្ញុំគិតថា ប្រទេសចិនអាចមានលទ្ធភាពតិចតួចប៉ុណ្ណោះដើម្បីទទួលជ័យជម្នះលើសង្គ្រាមនេះ បើធៀបទៅនឹងកាលពីពីរបីឆ្នាំមុន។ នេះក៏ដោយសារតែខ្ញុំគិតថា វិស័យយោធាកាន់តែបើកចំហរជាងមុន និងពិបាកលាក់បាំងជាងមុន»។
លោកក៏បានគូសបញ្ជាក់បន្ថែមថា ប្រទេសចិនបានដាក់នាវាយោធា និងយន្តហោះចម្បាំងមុននឹងបញ្ជូននាវាសម្រាប់ការងាររុករកនិងសង្គ្រោះនេះ។ ដូច្នេះចិនធ្វើផ្ទុយគ្នាហើយ»។
ជំនួយពីប្រទេសនានា
អ្នកវិភាគជឿថា រដ្ឋាភិបាលក្រុងប៉េកាំងសង្ឃឹមថា នាវារុករកនិងសង្គ្រោះនេះនឹងជួយប្រទេសចិនឲ្យមានមុខមានមាត់ក្នុងការងារមនុស្សធម៌ដូចនឹងប្រទេសផ្សេងទៀតដែរ។កោះតៃវ៉ាន់ដែលជាគូប្រជែងផ្នែកនយោបាយរបស់ចិនបានដាក់ស្ថានីយ៍សម្រាប់ការងាររុករកនិងជួយសង្គ្រោះនៅជិតប្រជុំ Spratly។ មន្រ្តីឆ្មាំសមុទ្រកោះតៃវ៉ាន់បានថ្លែងថា កាលពីឆ្នាំ២០១៥ ភ្នាក់ងាររបស់លោកបានជួយសង្គ្រោះអ្នកនេសាទដែលមិនមែនជាជនជាតិតៃវ៉ាន់ពីខ្យល់ព្យុះនៅប្រជុំកោះ Spratlys។ កាលពីឆ្នាំមុនកងទ័ពអូស្រា្តលីបានហាត់សមជួយសង្គ្រោះពេលមានគ្រោះមហន្តរាយជាមួយកងទ័ពហ្វីលីពីននៅតាមឆ្នេរសមុទ្រចិនខាងត្បូង។
លោក Collin Koh អ្នកស្រាវជ្រាវផ្នែកសន្តិសុខតាមសមុទ្រនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរីបានថ្លែងថា នាវាចម្បាំងដឹកឧទ្ធម្ភាគចក្ររបស់ប្រទេសជប៉ុនឈ្មោះ Izumo ក៏ជួយធ្វើការងារមនុស្សធម៌ព្រមទាំងការងារជួយសង្គ្រោះផងដែរ។ ប្រទេសជប៉ុនបានបញ្ជូននាវានេះទៅសមុទ្រចិនខាងត្បូងកាលពីពាក់កណ្តាលឆ្នាំ២០១៧។
ប្រទេសអូស្តា្រលីនិងជប៉ុនមិនបានទាមទារផ្នែកណាមួយនៃសមុទ្រចិនខាងត្បូងទេ ប៉ុន្តែបានប្រឆាំងទៅនឹងការទន្ទ្រានយករបស់ចិននៅក្នុងតំបន់នេះ។
ការឃ្លាំមើលរបស់ប្រទេសហ្វីលីពីន
អ្នកស្រី Maria Ela Atienza សាស្រ្តាចារ្យវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Diliman ហ្វីលីពីនបានថ្លែងថា ប្រទេសហ្វីលីពីនគ្រប់គ្រងកោះតូចៗចំនួន៩នៅជិតប្រជុំកោះSpratly។ ក្រុមអ្នកតាក់តែងច្បាប់ប្រហែលជាមើលឃើញថា នាវារុករកនិងសង្គ្រោះរបស់ចិននេះនៅមានភាពមន្ទិលសង្ស័យ។
ប្រទេសទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នាក្នុងរយៈពេល២ឆ្នាំកន្លងទៅប៉ុន្តែគេហទំព័រសារព័ត៌មាន Philippine Star របស់ហ្វីលីពីនបានផ្សាយថា កាលពីខែឧសភាប្រទេសចិនបានព្រមានហ្វីលីពីនថាកោះតូចៗដែលគ្មានមនុស្សនៅគួរតែទុកឲ្យនៅស្ថានភាពដដែល។
អ្នកស្រី Atienza បានថ្លែងបន្តថា ប្រទេសចិនអាចដើរតួនាទីធំជាងនេះនៅក្នុងតំបន់ នៅពេលណាមានមនុស្សរងគ្រោះ។ អ្នកស្រីបានថ្លែងបន្ថែមថា ជនជាតិហ្វីលីពីនបានស្តីបន្ទោសប្រទេសចិនដែលខ្វះខាតជំនួយបន្ទាប់ពីខ្យល់ព្យុះYolanda បានសម្លាប់មនុស្សជាង៦ពាន់នាក់នៅក្នុងប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៣។
អ្នកស្រី Atienza បានថ្លែងដូច្នេះថា៖ «បើគិតពីផ្នែកការទូតវិញ ប្រទេសចិនអាចជាប្រទេសជិតខាងល្អមួយ។ ចិនមិនបានបំពេញតួនាទីជាអ្នកផ្តល់ជំនួយមនុស្សធម៌ទេចំពោះករណីថ្មីៗនេះដែលត្រូវការប្រតិបត្តិការជួយសង្គ្រោះនោះ»។
ជំនួយសេដ្ឋកិច្ច
រដ្ឋាភិបាលក្រុងប៉េកាំងបានដឹងពីក្តីបារម្ភនេះតាំងពីឆ្នាំ២០១៦ នៅពេលដែលខ្លួនបានចាញ់ក្តីនៅឯតុលាការអាជ្ញាកណ្តាលអន្តរជាតិជុំវិញការទាមទារកាន់កាប់សមុទ្រចិនខាងត្បូង។ ប្រទេសចិនបានច្រានចោលសាលក្រមនោះ ប៉ុន្តែបានចាប់ផ្តើមបង្កើនទំនាក់ទំនងជាមួយនឹងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលទាមទារកាន់កាន់ដែនសមុទ្រ តាមរយៈជំនួយអភិវឌ្ឍនិងការវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ប្រទេសចិនគឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២នៅក្នុងពិភពលោកដែលមានឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍។
លោក Jonathan Spangler បានថ្លែងថាទាំងប្រទេសនានាដែលមានអំណាចព្រមទាំងប្រទេសចិនផងដែរ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយមនុស្សធម៌ទាំងនេះ។
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា