ការកើនឡើងនូវការធ្វើសមយុទ្ធយោធាជើងទឹករបស់សម្ព័ន្ធមិត្តបស្ចិមប្រទេសនានានៅក្នុងសមុទ្រចិនខាងត្បូងនៅក្នុងឆ្នាំនេះ គឺធ្វើឲ្យប្រទេសចិនមិនហ៊ានពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតចូលក្នុងដែនទឹកដែលមានជម្លោះនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
ប្រទេសអូស្ត្រាលី បារាំង ជប៉ុន និងសហរដ្ឋអាមេរិកបានបញ្ជូននាវារបស់ពួកគេទៅកាន់សមុទ្រចិនខាងត្បូងដែលមានទំហំ ៣ លាន ៥ សែនគីឡូម៉ែត្រការ៉េនេះនៅក្នុងឆ្នាំ ២០១៨ នេះ។ បណ្ដាប្រទេសទាំងនេះជឿថា សមុទ្រដែលសំបូរទៅដោយធនធានត្រី និងប្រេងឥន្ធនៈនេះគឺជាផ្លូវទឹកអន្តរជាតិ។ ប៉ុន្តែ ប្រទេសចិនបានទាមទារកាន់កាប់ដែនទឹកនេះប្រហែល ៩០ ភាគរយ និងបានដាក់ពង្រាយយោធានៅលើកោះតូចៗសំខាន់ៗមួយចំនួន។
ការធ្វើសមយុទ្ធយោធារបស់បរទេស ការធ្វើនាវាចរណ៍របស់នាវាទាហានជើងទឹកនានា និងចំណតនាវានានា ក៏ដូចជាការហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង បានបង្អាក់យ៉ាងមានប្រសិទ្ធភាពមិនឲ្យប្រទេសចិនពង្រីកឥទ្ធិពលរបស់ខ្លួនទៅមុខបន្ថែមទៀតនៅក្នុងសមុទ្រនេះ ដែលការពង្រីកឥទ្ធិពលរបស់ចិននេះក៏ត្រូវបានប្រទេសទាមទារកាន់កាប់ដែនសមុទ្រនេះចំនួន ៥ ផ្សេងទៀតនៅទ្វីបអាស៊ីប្រឆាំងផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញនានា។
លោក Alan Chong សាស្ត្រាចារ្យមហាវិទ្យាល័យសិក្សាកិច្ចការអន្តរជាតិ S. Rajaratnam នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរី បាននិយាយថា៖ «បើតាមទស្សនៈប្រាកដនិយមនៃអំណាច នោះយើងឃើញថា នឹងមានការប្រកួតប្រជែងគ្នាជារៀងរហូតនៅក្នុងសមុទ្រចិនខាងត្បូង»។
លោកបានបញ្ជាក់ថា៖ «ប្រទេសចិននឹងចេញនូវសេចក្ដីប្រកាសខឹងសម្បារ និងសេចក្ដីប្រកាសផ្សេងៗទៀត ដោយព្រមានថានឹងមានផលវិបាកកើតឡើងជាដើម។ ប៉ុន្តែ ការណ៍ដែលនាវាទាហានជើងទឹកនៃបណ្ដាប្រទេសផ្សេងទៀតនៅតែបន្តធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូងនេះ ទោះបីជាមានការព្រមានពីរដ្ឋាភិបាលចិនក៏ដោយ បង្ហាញឲ្យឃើញថាពួកគេមិនស្ដាប់ចិននោះទេ»។
ឆ្នាំ ២០១៨ ជាឆ្នាំសមយុទ្ធយោធា
នាវាទាហានជើងទឹកទាំងនោះបានចំណាយពេលច្រើនជាងមុននៅក្នុងសមុទ្រចិនខាងត្បូងនៅក្នុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់លោក Carl Thayer សាស្ត្រាចារ្យជំនាញខាងកិច្ចការអាស៊ីនៃសាកលវិទ្យាល័យ New South Wales នៅក្នុងប្រទេសអូស្ត្រាលី។
ទាហានជើងទឹកសហរដ្ឋអាមេរិកបានបញ្ជូននាវាចូលទៅកាន់សមុទ្រចិនខាងត្បូង ៨ ដងរួចមកហើយនៅក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ និងបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ឲ្យហោះហើរពីលើសមុទ្រចិនខាងត្បូងកាលពីខែមិថុនាកន្លងទៅនេះ។ នៅក្នុងខែកក្កដានេះ សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នារបស់ពួកគេដើម្បីបង្វឹកទាហានជើងទឹករបស់ហ្វីលីពីន។
ប្រទេសអូស្ត្រាលីបានបញ្ជូននាវា ៣ គ្រឿងកាត់តាមសមុទ្រចិនខាងត្បូងនេះកាលពីខែមេសា ដើម្បីធ្វើដំណើរទស្សនកិច្ចបែបសុឆន្ទៈទៅកាន់ប្រទេសវៀតណាម។ ចំណែកឯប្រទេសជប៉ុនវិញ គ្រោងនឹងបញ្ជូននាវាដឹកឧទ្ធម្ភាគចក្រកម្រិត Izumo មួយគ្រឿង កាត់តាមសមុទ្រនេះម្ដងទៀតនៅក្នុងឆ្នាំនេះ ដូចដែលខ្លួនបានធ្វើម្ដងរួចមកហើយកាលពីឆ្នាំ ២០១៧។ កាលពីឆ្នាំមុន មន្ត្រីយោធាមកពីប្រទេសទាំង ១០ នៃសមាគមអាស៊ានបានឡើងជិះកប៉ាល់ Izumo នោះ។
ប្រទេសបារាំងបានបញ្ជូននាវាចម្បាំងហ្វ្រេហ្គាតមួយគ្រឿង និងនាវាវាយប្រហារមួយគ្រឿងកាត់តាមសមុទ្រចិនខាងត្បូងទៅជិតកោះតូចៗដែលកាន់កាប់ដោយប្រទេសចិនកាលពីខែឧសភាកន្លងទៅនេះ។
លោក Carl Thayer បាននិយាយថា ការរាយការណ៍កាលពីខែឧសភាកន្លងទៅនេះអំពីការដំឡើងមីស៊ីលរបស់ចិននៅលើប្រជុំកោះ Spratly បានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីនាវាបរទេសនានានៅក្នុងឆ្នាំនេះ។
កាលពីថ្ងៃទី ១៦ ខែកក្កដា ទាហានជើងទឹកសហរដ្ឋអាមេរិកបានបញ្ចប់ការធ្វើសមយុទ្ធនៃបណ្ដាប្រទេសដែលជាប់មហាសមុទ្រប៉ាស៊ីហ្វិកដែលហៅថា RIMPAC រៀងរាល់ពីរឆ្នាំម្ដងរបស់ខ្លួន ដែលការធ្វើសមយុទ្ធនេះធ្វើឡើងនៅក្នុងសមុទ្រនៃទីក្រុង Honolulu រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។
ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតៗ និងការធ្វើសមយុទ្ធផ្អែកលើសេនារីយ៉ូនានាជាបន្តបន្ទាប់កន្លងមក មានការចូលរួមពីមនុស្សសរុបចំនួន ២ ម៉ឺន ៥ ពាន់នាក់ ដែលមកពីប្រទេសចំនួន ២៥ ដែលក្នុងនោះមានទាំងភាគីទាមទារកាន់កាប់ដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងដូចជាប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមផងដែរ។
ប្រទេសហ្វីលីពីនទទួលបានប្រយោជន៍ពីការធ្វើសមយុទ្ធ RIMPAC នេះ ដោយខ្លួន «កាន់តែមានភាពកក់ក្ដៅជាងមុន» ជាមួយនឹងសម្ព័ន្ធមិត្តនានា និងបានសិក្សារៀនសូត្រពី «ការធ្វើប្រតិបត្តិការដោយរលូនជាមួយនឹងសម្ព័ន្ធមិត្តទាំងនោះ»។ នេះបើតាមការបញ្ជាក់របស់លោក Jay Batongbacal សាស្ត្រាចារ្យផ្នែកកិច្ចការដែនសមុទ្រអន្តរជាតិនៃសាកលវិទ្យាល័យហ្វីលីពីន (University of the Philippines)។
ប្រទេសទាំង ៤ ដែលនៅតំបន់អាស៊ីអាគ្នេយ៍នេះបានតវ៉ាទាមទារកាន់កាប់ដែនទឹកមួយចំនួនដែលប្រទេសចិនអះអាងថាជារបស់ខ្លួន។ សហរដ្ឋអាមេរិកបានលុបចោលការអញ្ជើញប្រទេសចិនឲ្យចូលរួមនៅក្នុងការធ្វើសមយុទ្ធ RIMPAC នេះ នៅក្នុងឆ្នាំនេះ។
បញ្ហារបស់ប្រទេសចិន
រដ្ឋាភិបាលចិនបានរិះគន់ការធ្វើសមយុទ្ធទាំងនេះ និងជារឿយៗឆ្លើយតបដោយការធ្វើសមយុទ្ធដោយខ្លួនឯង។ រដ្ឋាភិបាលចិនសំអាងលើតឹកតាងប្រវត្តិសាស្ត្រដើម្បីគាំទ្រការទាមទារកាន់កាប់របស់ខ្លួនលើដែនសមុទ្រភាគច្រើននៃសមុទ្រចិនខាងត្បូង។
នាវាចិនបានធ្វើតាមនាវាអូស្ត្រាលី និងនាវាបារាំង។ ទាហានជើងទឹកចិនបានបញ្ជូនកប៉ាល់ស៊ើបការណ៍សម្ងាត់ជំនួយទូទៅមួយគ្រឿងនៅក្នុងខែនេះទៅតាមដានការធ្វើសមយុទ្ធ RIMPAC នៅជិតទីក្រុង Honolulu រដ្ឋហាវ៉ៃ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធព័ត៌មានអាមេរិក ដែលស្រង់សម្ដីរបស់អ្នកនាំពាក្យកងយោធាសហរដ្ឋអាមេរិកប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក។
កាលពីខែមេសា ប្រទេសចិនបានធ្វើសមយុទ្ធយោធារយៈពេល ២ ថ្ងៃ នៅក្នុងសមុទ្រចិនខាងត្បូង។ ការធ្វើសមយុទ្ធនេះមានការចូលរួមពីទាហានសរុបប្រហែល ១ ម៉ឺននាក់ និងនាវាទាហានជើងទឹក ៤៨ គ្រឿង។
ប្រទេសចិនមិនចង់ឲ្យប្រទេសណាមួយចូលមកក្នុងសមុទ្រចិនខាងត្បូងនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក Jonathan Spangler ប្រធានអង្គការស្រាវជ្រាវគោលនយោបាយសមុទ្រចិនខាងត្បូង (South China Sea Think Tank) នៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។
លោក Spangler និយាយយ៉ាងដូច្នេះថា៖ «ការណ៍ដែលប្រទេសចិនធ្វើដូច្នេះ គឺជាការបង្ហាញឲ្យឃើញថា ចិនគឺជាមេដឹកនាំពិភពលោកទាំងផ្នែកនយោបាយ និងផ្នែកយោធា ដែលបង្ហាញឲ្យឃើញពីសមត្ថភាពផ្នែកអំណាចដ៏ខ្លាំងមួយ នឹងដើម្បីឲ្យប្រទេសដទៃខ្លាចញញើតខ្លួន។ ការធ្វើដូច្នេះគឺប្រៀបដូចជាគោលនយោបាយធានារ៉ាប់រងផងដែរ។ នៅក្នុងស្ថានការណ៍ដ៏កម្រដែលប្រសិនបើមានជម្លោះកើតឡើង ប្រទេសចិននឹងត្រៀមខ្លួនរួចរាល់សម្រាប់ជម្លោះនោះជាក់ជាមិនខាន»។
ប៉ុន្តែ ការធ្វើនាវាចរណ៍របស់ទាហានជើងទឹកបស្ចិមប្រទេសនៅក្នុងសមុទ្រចិនខាងត្បូង គឺពិតជាមានប្រសិទ្ធភាពក្នុងការរារាំងប្រទេសចិនមិនឲ្យសាងសង់កោះសិប្បនិម្មិតបន្ថែមទៀត ដែលកោះភាគច្រើននៃកោះទាំងនេះ ត្រូវបានចិនចាក់ដីបំពេញតាំងពីឆ្នាំ ២០១០ មក ហើយការធ្វើនាវាចរណ៍ទាំងនេះក៏ដើម្បីរារាំងប្រទេសចិនមិនឲ្យសាកល្បងជាមួយនឹងភាពអត់ធ្មត់នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដែលទាមទារកាន់កាប់ដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូងនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញនានា។
ប្រទេសចិន «មិនអាចចេះតែទទួលជោគជ័យរហូតនោះទេ និងមិនអាចចេះតែយកសមុទ្រចិនខាងត្បូងដោយលាក់លៀមដូច្នេះនោះទេ» ស្របពេលដែលប្រទេសនេះកំពុងកសាងទំនាក់ទំនងសេដ្ឋកិច្ចដើម្បីទាក់ទាញការគាំទ្រពីប្រទេសទាមទារកាន់កាប់សមុទ្រចិនខាងត្បូងដទៃទៀត។ នេះបើតាមការបញ្ជាក់របស់លោក Alan Chong។
លោកបានបន្ថែមថា ការឆ្លើយតបបែបអវិជ្ជមានជាច្រើនប្រឆាំងនឹងទាហានជើងទឹកប្រទេសដទៃ អាចធ្វើឲ្យប៉ះពាល់ដល់ការអះអាងរបស់ចិនដែលថា ខ្លួនជាអ្នកជិតខាងដ៏ល្អមួយនៅក្នុងទ្វីបអាស៊ី។
នាពេលបច្ចុប្បន្ននេះ ការធ្វើនាវាចរណ៍របស់កប៉ាល់ដែលមានសម្ព័ន្ធមិត្តជាមួយនឹងបស្ចិមប្រទេសគឺធ្វើឡើងតាមទម្រង់កាលពីសម័យសង្គ្រាមត្រជាក់ ដែលកាលនោះ កប៉ាល់អាមេរិក និងកប៉ាល់សូវៀតបានសាកមើលឥទ្ធិពលគ្នាទៅវិញទៅមក។ នេះបើតាមការបញ្ជាក់របស់លោក Carl Thayer។ ជាឧទាហរណ៍ កន្លងមក កប៉ាល់សហរដ្ឋអាមេរិក និងកប៉ាល់សូវៀតបានប្រឈមមុខដាក់គ្នានៅក្នុងមហាសមុទ្រឥណ្ឌា។
ប្រទេសចិនប្រហែលជាបានលុបចោលគម្រោងសាងសង់របស់ខ្លួននៅលើកោះ Scarborough Shoal ដែលជាកោះដែលមានការប្រជែងគ្នារវាងរដ្ឋាភិបាលចិន និងរដ្ឋាភិបាលហ្វីលីពីន នៅពេលដែលអតីតប្រធានាធិបតីអាមេរិកលោក Barack Obama បានបញ្ជូននាវាទៅទីនោះ។ ក្រុមនាវាប្រយុទ្ធដែលអមដំណើរកប៉ាល់ដឹកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់សមុទ្រចិនខាងត្បូងកាលពីឆ្នាំ ២០១៥។
លោក Carl Thayer បាននិយាយថា៖ «ភាគីទាំងពីរបានរួមចំណែកនៅក្នុងការបង្កឲ្យមានភាពតានតឹងនៅក្នុងស្ថានការណ៍ដែលថា អ្វីមួយដែលសហរដ្ឋអាមេរិកធ្វើ គឺចិននឹងរុញច្រានទៅវិញ។ កាលពីប៉ុន្មានឆ្នាំមុន គេឃើញមានការលើកឡើងថា ប្រសិនបើអ្នកធ្វើមួយ យើងធ្វើមួយកន្លះ ប្រសិនបើអ្នកធ្វើពីរ យើងធ្វើពីរកន្លះ»៕
ប្រែសម្រួលដោយ ភី សុភាដា