ប្រទេស​ចិន​រាយការណ៍​ថា ​ការឆ្លង​មេរោគ​ខូវីដ​១៩​ថ្មី ​មាន​តែ​៨​ករណីប៉ុណ្ណោះ

ប៉ូលិស​ផ្នែក​គីមី​នៅ​កោះ​តៃវ៉ាន់​កំពុង​បាញ់​ថ្នាំការពារ​ការ​​ចម្លង​ និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​លើ​យន្ត​ហោះ ដែល​មក​ពី​ទីក្រុង​វូហាន។

វា​ជា​ការ​ផ្លាស់​ប្តូរដ៏​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ប្រទេស​ចិន​ដែល​ការ​ឆ្លង​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​រាប់​ពាន់បាន​ត្រូវ​គេ​កត់​ត្រា​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​នោះ។

មេរោគ​នោះ ​បាន​លេច​ចេញ​មុន​ដំបូង​នៅក្នុង​ក្រុង​វូហាន​នៃ​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​ទៅ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​កើន​ឡើង​ករណី​ថ្មី​នៅ​ត្រឹម​លេខ​មួយ​ខ្ទង់​នេះ ​មិន​មែន​មាន​ន័យ​ថា វីរុស​នោះ​បាន​ចេញ​ផុត​ពី​ប្រទេស​ចិន​នោះ​ទេ។​ នៅ​មាន​ជន​ជាតិ​ចិន​រាប់​ពាន់​ទៀត​ដែល​នៅ​ឆ្លង​មេរោគ​នោះ​ដែល​បាន​រាល​ដាល​នៅទូទាំង​ពិភពលោក។

បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន ​បាន​រាយការណ៍​ថា ​ប្រធានា​ធិបតី​ចិន​លោក ស៊ី ​ជីន​ពីង ​បាន​ប្រាប់​លោក ​Antonio Guterres ​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ការ​និយាយ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា ​ចិន​នឹង​បន្ត​ការ​ខំ​ប្រឹង​ប្រែង​ការ​ការ​ពារ​និង​ត្រួត​ត្រា​របស់​ខ្លួន​ក្នុង​របៀប​មិន​បង្អន់​ដៃ​ ខ្លាំង​ក្លារ​ និង​ប្រ​យ័ត្ន​ប្រយែង។

បន្ថែម​ពី​នោះ ​ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួ ​បាន​រាយការណ៍​ទៀត​ថា ប្រធានា​ធិបតី ​ស៊ី ​បាន​និយាយ​ទៀត​ថា ​ចិន​ប្រុង​ប្រៀប​រួច​ហើយ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួនជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​អំពី​វីរុស​នេះ​ហើយ​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​ឱសថ​ និង​ថ្នាំ​វ៉ាក់សាំង​រួម​គ្នា។

ឥឡូវ​នេះ មាន​មេរោគ​កូរ៉ូណាវីរុស​ជាង​១៣៤,០០០​ករណី​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​១២៧​ដែល​ជា​ចំនួន​តូច​មួយ​នៃ​ប្រជា​ពលរដ្ឋ​សរុប​ទាំង​អស់​៧​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក។

លោកស្រី ​Nancy Pelosi ​ប្រធាន​សភាតំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ចេញ​ពី​ជំនួប​ជាមួយ​សមាជិក​សភា​អំពី​ច្បាប់​ឆ្លើយ​តប​មេរោគ​កូរ៉ូណា​វីរុស។​លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ លោកស្រី ​រំពឹង​ថា ​ពួក​អ្នក​នយោបាយ ​នឹង​ធ្វើ​ការ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​អំពី​វិធានការ​ដែល​ពួក​គេ​បាន​ព្រម​ព្រៀង​គ្នា​ដែល​នឹង​ជួយ​ពលរដ្ឋ​អាមេរិកាំង​ដោះ​ស្រាយ​បញ្ហា​មេរោគ​នេះ៕